អាហារ​ទាំងនេះហើយ ដែលអ្នកត្រូវប្រុងប្រយ័ត្ន ពីផលប៉ះពាល់របស់វាចំពោះសុខភាពធ្មេញអ្នក​



ដូចគ្នា​នឹង​ផ្នែក​ដទៃ​ទៀត​នៃ​សារពាង្គកាយ​របស់​យើង ធ្មេញ​ក៏​ត្រូវការ​ការ​ថែទាំ​ដោយ​យកចិត្តទុកដាក់ មិន​ថា​ជា​ការ​ដុស​សម្អាត និង​ជា​អាហារ​ដែល​អ្នក​បរិភោគ​នោះ​ទេ ដើម្បី​ឲ្យ​វា​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​វីតាមីន A និង D កាល់ស្យូម ផូស្វ័រ និង​ជាតិ​សរសៃ សុទ្ធតែ​ជួយ​ការពារ​ និង​ពង្រឹង​ធ្មេញ​ឲ្យ​រឹងមាំ។ យ៉ាងណាមិញ អាហារ​មួយ​ចំនួន​វិញ​នឹង​ធ្វើឲ្យ​ធ្មេញ​ឆាប់​សឹក​ពុក​ផុយ។ តើ​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ទាំងនោះ​មាន​អ្វីខ្លះ ?

១) អាហារ​ដែល​មាន​ជាតិ​អាស៊ីដ៖ តួយ៉ាង​ដូចជា​ទឹក​ក្រូច​ឆ្មារ ឬ​ទឹក​ក្រូច​ច្របាច់​ជាដើម ថ្វីត្បិតតែ​វា​មាន​គុណសម្បត្តិ​ជាច្រើន​យ៉ាង​ចំពោះ​សុខភាព​របស់​អ្នក ប៉ុន្តែ​វា​ក៏​មាន​គុណវិបត្តិ​ដែល​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ឆាប់​សឹក​ពុក​ផុយ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ទទួលទាន​វា អ្នក​ត្រូវ​ទទួលទាន​វា​មុន​ពេល​ដុស​ធ្មេញ​រយៈ​ពេល​៣០នាទី។

២) ភេសជ្ជៈ​ប៉ូវ​កម្លាំង៖ ដូច​គ្នា​នឹង​ទឹក​ក្រូច​កំប៉ុង​ដែរ ភេសជ្ជៈ​ប៉ូវ​កម្លាំង​សម្បូរ​ដោយ​ស្ករ ដែល​នៅ​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខ្លះ​ប្រើប្រាស់​ស្ករ​រហូត​ដល់​ទៅ​១៣​ស្លាបព្រា​កាហ្វេ​ក្នុង​១​កំប៉ុង ហើយ​វា​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ខ្លាំង​ចំពោះ​ធ្មេញ។ ឯ​ការ​សិក្សា​ខ្លះ​ក៏​បាន​រក​ឃើញ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ជាង​ទឹក​ក្រូច​កំប៉ុង​ទៅ​ទៀត ដែល​វា​ងាយ​ធ្វើឲ្យ​ធ្មេញ​ឆាប់​ពុក​ផុយ​បាន។ អាល់កុល​ក៏​ដូច​គ្នា​ដែរ វា​អាច​ធ្វើឲ្យ​ធ្មេញ​ឆាប់​ពុក​ផុយ និង​មាន​ការ​ឆ្លង​មេរោគ​ក្នុង​មាត់។

៣) ជ្រក់​ត្រសក់៖ ដើម្បី​ធ្វើ​ជ្រក់​ត្រសក់ គេ​ប្រើប្រាស់​ទឹក​ខ្មេះ ដែល​ជាតិ​អាស៊ីដ​នៅ​ក្នុង​ទឹកខ្មេះ​នេះ​ក៏​មាន​ផល​ប៉ះពាល់​ដល់​ធ្មេញ​ដែរ។ ហេតុនេះ បើ​អ្នក​ចង់​ទទួលទាន អ្នក​ក៏​មិន​គួរ​ទទួលទាន​វា​ច្រើន​ពេក​នោះ​ដែរ។

៤) ដំណាប់​ផ្លែឈើ៖ ជាតិ​ស្ករ​នៅ​ក្នុង​ដំណាប់​ផ្លែឈើ នឹង​ទៅ​ចិញ្ចឹម​បាក់តេរី​មិន​ល្អ​ដែល​មាន​នៅ​ក្នុង​មាត់​របស់​អ្នក។ ម្យ៉ាងទៀត ដំណាប់​ផ្លែឈើ​មាន​ជាតិ​ស្អិត ដែល​ធ្វើឲ្យ​វា​ងាយ​នឹង​ជាប់​ធ្មេញ​របស់​អ្នក​បាន​យូរ ហើយ​បណ្ដាល​ឲ្យ​បាក់តេរី​កាន់តែ​ច្រើន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ធ្មេញ។ ជាជាង​ដំណាប់​ផ្លែឈើ អ្នក​គួរតែ​ងាក​មក​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​ទើប​ជា​ការ​ប្រសើរ​សម្រាប់​សុខភាព​ធ្មេញ។

៥) ដុំ​ទឹកកក៖ ដុំ​ទឹកកក​សម្រាប់​ប្រើប្រាស់​ឲ្យ​ទឹក​ត្រជាក់ ប៉ុន្តែ​បើ​អ្នក​យក​ដុំ​ទឹកកក​មក​ទំពា នោះ​វា​អាច​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ខូច​បាន ព្រោះ​វា​គឺជា​វត្ថុ​រឹង៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ទាំងនេះគឺជាអាហារដែលសម្បូរជាតិប្រូតេអ៊ីនចំនួន៥ ដែលអ្នកអាចរកបានដោយមិនចាំបាច់ចំណាយច្រើន

X
5s