ទាំងនេះគឺជាអាហារដែលសម្បូរជាតិប្រូតេអ៊ីនចំនួន៥ ដែលអ្នកអាចរកបានដោយមិនចាំបាច់ចំណាយច្រើន
តើអ្នកដឹងទេថា សរីរាង្គរបស់អ្នក ជាលិកា សាច់ដុំ និងអ័រម៉ូនរបស់អ្នកនេះសុទ្ធតែត្រូវបានបង្កឡើងដោយប្រូតេអ៊ីន ? ប្រូតេអ៊ីនដែលទទួលបានមកពីអាហារដែលអ្នកបរិភោគ ត្រូវបានយកទៅប្រើប្រាស់ដោយគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ ដើម្បីវិវត្ត លូតលាស់ និងដំណើរការឲ្យប្រក្រតី។ ហេតុនេះ វាជាការចាំបាច់ណាស់ដែលអ្នកត្រូវបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាអាហារចំនួន៥ដែលសម្បូរប្រូតេអ៊ីនហើយមានតម្លៃថោកសមរម្យ៖
១) គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅត្រឹមតែ២៨ក្រាមប៉ុណ្ណោះ មានជាតិប្រូតេអ៊ីនដល់ទៅ៧ក្រាម ព្រមទាំងបូកផ្សំជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដូចជាវីតាមីនE និងអាស៊ីដphenolic។ វាក៏ជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានតម្លៃថោកសមរម្យសម្រាប់អ្នកទទួលទានជាចំណីដើម្បីទទួលបានជាតិប្រូតេអ៊ីនផងដែរ។
២) ទឹកដោះគោ៖ ទឹកដោះគោស្រស់១កែវឬស្មើនឹង២៤៤ក្រាមមានជាតិប្រូតេអ៊ីនប្រមាណជាង៨ក្រាម រួមជាមួយនឹងវីតាមីននិងសារធាតុរ៉ែជាច្រើនទៀត។ វាក៏សម្បូរដោយកាល់ស្យូមនិងផូស្វ័រ ដែលជួយគាំទ្រភាពរឹងមាំរបស់ឆ្អឹងនិងធ្វើឲ្យឆ្អឹងមានសុខភាពល្អ។
៣) សណ្ដែកខ្មៅ៖ សណ្ដែកខ្មៅគឺជាប្រភពអាហារដ៏ល្អមួយសម្រាប់ឲ្យអ្នកទទួលបានជាតិប្រូតេអ៊ីនក្នុងរាងកាយ។ ក្នុងបរិមាណចំនួន១៧២ក្រាម វាមានប្រូតេអ៊ីនចំនួន១៥ក្រាម។ បន្ថែមពីលើប្រូតេអ៊ីនដែលវាមាន សណ្ដែកខ្មៅក៏សម្បូរជាតិសរសៃ ដែលមានចំនួន១៥ក្រាមនៅក្នុងបរិមាណ១៧២ក្រាមនៃសណ្ដែកខ្មៅ ហើយអង្គការសុខភាពកំពូលៗក៏បានណែនាំឲ្យស្ត្រីទទួលទានជាតិសរសៃឲ្យបាន២៥ក្រាមក្នុង១ថ្ងៃ ខណៈបុរសឲ្យបាន៣៨ក្រាមក្នុង១ថ្ងៃ។
៤) គ្រាប់ឈូករ័ត្ន៖ ទោះបីជាគ្រាប់ឈូករ័ត្នតូចក៏ដោយ តែក្នុង២៨ក្រាមនៃគ្រាប់ធញ្ញជាតិនេះមានប្រូតេអ៊ីនប្រហែល៦ក្រាម និងមានជីវជាតិបំប៉នដទៃទៀតដូចជាម៉ាញេស្យូមនិងវីតាមីនE។ អ្វីដែលសំខាន់ គ្រាប់ឈូករ័ត្នមានតម្លៃថោក និងងាយស្រួលក្នុងការស្វែងរកយកមកទទួលទានដើម្បីទទួលបាននូវប្រយោជន៍ពីប្រូតេអ៊ីនរបស់វា។
៥) ស៊ុត៖ ចម្អិនស៊ុតសម្រាប់ធ្វើជាអាហារនៅពេលព្រឹក អាចផ្ដល់ឲ្យរាងកាយរបស់អ្នកនូវថាមពលខ្លាំងក្លាសម្រាប់ចាប់ផ្ដើមការងាររបស់អ្នក និងអាចឲ្យអ្នកឆ្អែតបានយូរ។ ស៊ុតសម្បូរដោយប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងអាស៊ីដខ្លាញ់ល្អ ថែមទាំងជាអាហារដែលមានតម្លៃសមរម្យផងដែរ៕
ដោយ៖ ស្រីពៅ សូមអាន៖ អ្នកគួរដឹងពីអត្ថប្រយោជន៍សម្បកក្រូច ឈប់បោះចោលទៀត