លោកបណ្ឌិត រ័ត្ន ហុក នាយករង IFL៖ តិកនិក ៣ ចំណុចដើម្បីកំណត់ការងារក្នុងក្ដីសុបិនរបស់យើង
មនុស្សភាគច្រើនប្រាថ្នាធ្វើការងារដែលស្របទៅនឹងក្ដីស្រម៉ៃរបស់ពួកគេ មានមនុស្សមួយចំនួនដែលបានសម្រេចតាមគោលបំណងរបស់ខ្លូនខណៈមនុស្សមួយចំនួនទៀតមិនទាន់ដឹងនៅឡើយថាគួរធ្វើដូចម្ដេចដើម្បីអាចចាប់យកការងារនៅក្នុងក្ដីស្រមៃរបស់ខ្លួន។ ក្នុងសិក្ខាសាលាស្ដីអំពី «អាជីពក្នុងក្ដីសុបិនខ្ញុំ» នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) លោកបណ្ឌិត រ័ត្ន ហុក នាយករងវិទ្យាស្ថានភាសាបរទេស (IFL) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចែករំលែកពីតិកនិកក្នុងការកំណត់ការងារក្នុងក្ដីសុបិន្តដូចខាងក្រោម៖
១ កំណត់នូវគុណតម្លៃរបស់យើង៖ គុណតម្លៃស្នូលនៅក្នុងជីវិតរបស់យើង គឺសំដៅទៅលើអ្វីដែលយើងគិតថាវាសំខាន់បំផុតសម្រាប់ជីវិតរបស់យើង។ យើងត្រូវដឹងថា រឿងនៅក្នុងជីវិតរបស់យើងមានពី ៣ទៅ៥ដែលសំខាន់សម្រាប់យើងជាងគេ យើងមិនអាចមានពេលវេលាក្នុងការធ្វើរឿងរាប់រយរាប់ពាន់ក្នុងជីវិតរបស់យើងទេក្នុងពេលទន្ទឹមគ្នា ឬជាមួយគ្នាបានទាំងអស់នោះ ប៉ុន្តែយើងមានពេលគ្រប់គ្រាន់ក្នុងការធ្វើរឿងដែលសំខាន់ជាងគេបំផុតក្នុងជីវិតរបស់យើង ដូច្នេះត្រូវស្វែងរកអ្វីដែលសំខាន់ក្នុងជីវិតរបស់យើង និងអ្វីដែលយើងចាប់អារម្មណ៍បំផុត។
២ ចាប់ផ្តើមជាមួយនឹងសំណួរ "ហេតុអ្វី (Why)"៖ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនសូវបានការងារនៅក្នុងក្ដីស្រមៃធ្វើ? ដោយសារតែពួកគាត់ចាប់ផ្ដើមជាមួយសំណួរ"អ្វី"? តើអ្វីទៅជាការងារនៅក្នុងក្ដីស្រមៃរបស់យើង? នៅពេលណាដែលយើងសួរបែបនេះ គឺយើងនឹងមិនងាយរកឃើញនូវចម្លើយនោះឡើយ កាលណាយើងសួរខុសសំណួរចម្លើយដែលយើងទទួលបានគឺខុសហើយ ដូច្នេះត្រូវចាប់ផ្ដើមសួរសំណួរដោយចាប់ផ្ដើមពី "ហេតុអ្វី? អ្វី?របៀបណា( Why, What, How)''។ ដូច្នេះនៅពេលដែលចង់ធ្វើអ្វីមួយយើងត្រូវសួរសំណួរ "ហេតុអ្វី" ដើម្បីទទួលបានហេតុផល។ មួយទៀតយើងត្រូវសួរខ្លួនឯងថា តើយើងរស់នៅលើពិភពលោកនេះដើម្បីអ្វី? យើងមកទីនេះដើម្បីធ្វើអ្វីមួយមិនមែនសម្រាប់ខ្លួនឯងទេគឺសម្រាប់អ្នកដទៃ បើយើងធ្វើការងារណាមួយដើម្បីតែខ្លួនឯងទេគឺគ្មានក្រុមហ៊ុនឯកជនឬស្ថាប័ណណាមួយគេទទួលយើងទេ គេព្រមទទួលយើងព្រោះគេគិតថាយើងអាចចូលរួមចំណែកណាមួយក្នុងការជួយស្ថាប័ណរបស់គេ។ លោក Frederich Nietzsche បាននិយាយថា អ្នកដែលមានជំនឿលើសំណួរ "ហេតុអ្វី" ទោះបីជាពិបាកយ៉ាងណាក៏អាចទ្រាំទ្របានដែរ។
៣ ធ្វើលំហាត់អំពីថ្ងៃកំណើតរបស់អ្នក៖ យើងស្រមៃថា យើងបានរស់ដល់អាយុ ១០០ឆ្នាំ ហើយនៅឆ្នាំទី១០០ គេរៀបចំធ្វើពិធីចម្រើនព្រះជនឲ្យយើង យើងស្រមៃថាមាននរណាម្នាក់ដែលជិតស្និទដែលស្រលាញ់យើងបំផុតគេថ្លែងពិធីសន្ទរកថា ប៉ុន្តែសន្ទរកថានោះគឺយើងជាអ្នកសរសេរ តើយើងសរសេរយ៉ាងម៉េចខ្លះ? យើងត្រូវសួរខ្លួនឯងថា យើងមានមរតកអ្វីទុកឲ្យគេ មានឥទ្ធិពលអ្វី យើងស្រលាញ់នរណាខ្លះហើយនរណាខ្លះស្រលាញ់យើង? តើយើងបានបង្កើតអ្វី ឬបានបង្រៀនអ្វីដល់គេ? ហេតុអ្វីបានជាគេអរគុណយើងនៅពេលដែលគេបានស្គាល់យើង? ហើយហេតុអ្វីបានជាគេស្ដាយក្រោយនៅពេលដែលគេបានស្គាល់យើង? ទាំងនេះ គឺជាលំហាត់សំខាន់មួយដែលយើងគួរធ្វើវាជារៀងរាល់ថ្ងៃ៕
ដោយ៖ ជួប ស្រីរ័ត្ន