គន្លឹះចំនួន ៤ដែលអ្នកអាចអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក
ដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកប្រកបដោយប្រសិទ្ធភាព ការបណ្ដុះទម្លាប់ល្អៗមានតួនាទីសំខាន់ណាស់។ ក្នុងសម័យបច្ចុប្បន្ន យើងងាយនឹងទទួលរងការរំខានពីកត្តាផ្សេងៗជាច្រើន។ ដូច្នេះហើយខាងក្រោមនេះគឺជាយុទ្ធសាស្ត្រចំនួន៤ដែលអ្នកអាចយកទៅអនុវត្តក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដើម្បីធ្វើកិច្ចការប្រកបដោយប្រសិទ្ធភាព៖
១) ផ្ចង់ស្មារតី៖ នៅក្នុងសម័យបច្ចេកវិទ្យាយើងឥឡូវនេះ យើងងាយនឹងត្រូវបានរំខានដោយឧបករណ៍អស់ទាំងនោះជាខ្លាំង។ វាគឺជាកត្តាដ៏ចម្បងមួយដែលរាំងស្ទះអ្នកមិនអាចឲ្យផ្ចង់ស្មារតីបានស៊ប់ ដែលជាហេតុនាំឲ្យដំណើរការកិច្ចការរបស់អ្នកក៏មិនប្រព្រឹត្តទៅដោយមានប្រសិទ្ធភាពនោះដែរ។ ហេតុនេះ នៅពេលអ្នកចាប់ផ្ដើមធ្វើកិច្ចការសំខាន់ណាមួយ អ្នកគួរដាក់ចិត្តរបស់អ្នកផ្ចង់ស្មារតីទៅលើកិច្ចការរបស់អ្នកតែម្យ៉ាង ហើយបិទចោលនូវឧបករណ៍អេឡិចត្រូនិកទាំងឡាយដែលនាំមកនូវការរំខានដល់អ្នក។ ចាប់ផ្ដើមបន្តិចម្ដងៗ នោះអ្នកនឹងអាចបណ្ដុះនូវការផ្ចង់ស្មារតីរបស់អ្នកឲ្យស៊ប់ល្អមិនខាន។
២) ទុកពេលសម្រាកបន្តិចៗឲ្យបានញឹកញាប់៖ ជាជាងធ្វើការជាច្រើនម៉ោងតជាប់គ្នាហើយចាំសម្រាកសរុប អ្នកគួរងាកមកសម្រាកបន្តិចៗតែឲ្យបានញឹកញាប់វិញ ព្រោះបើមិនដូច្នោះវាអាចធ្វើឲ្យដំណើរការនៃការគិតរបស់អ្នកចុះខ្សោយបាន។ មានការស្រាវជ្រាវមួយបានរកឃើញថា ការសម្រាក៥នាទីរៀងរាល់១ម៉ោងម្ដងដើម្បីដើរ អាចជួយបង្កើនថាមពល តម្រង់ការផ្ចង់ស្មារតី ជួយឲ្យអារម្មណ៍ធូរស្រាលជាងមុន និងអាចកាត់បន្ថយអារម្មណ៍ហត់នឿយនៅពេលរសៀលបានយ៉ាងមានប្រសិទ្ធភាព។
៣) ទុកការងារចោលពាក់កណ្ដាលសិន៖ មានពេលខ្លះអ្នកអាចនឹងជួបប្រសព្វនូវស្ថានការណ៍មួយ ដែលនៅពេលអ្នកចាប់ផ្ដើមធ្វើកិច្ចការរបស់អ្នក អ្នកមិនដឹងថាគួរតែចាប់ផ្ដើមវាពីណាទៅមុននិងដោយរបៀបណានោះទេ។ បើអ្នកយល់ថាអារម្មណ៍របស់អ្នកមិនទាន់ចូលស៊ប់ជាមួយការងារ នោះអ្នកអាចទុកវាចោលហើយទៅធ្វើកិច្ចការអ្វីផ្សេងមុន ឬក៏ដើរចេញទៅក្រៅដើម្បីស្រូបខ្យល់អាកាស ហើយនៅពេលអ្នកត្រឡប់មកវិញ អ្នកនឹងទទួលបានគំនិតថ្មីដើម្បីចាប់ផ្ដើមការងាររបស់អ្នកបន្តទៀត។
៤) រកសកម្មភាពណាដែលបន្ធូរស្រាលអារម្មណ៍អ្នកក្រោយពេលបញ្ចប់ការងារ៖ នៅពេលអ្នកបញ្ចប់ការងារនៅពេលល្ងាច ហើយត្រូវត្រឡប់ទៅផ្ទះ បន្ទាប់មកសម្រាកបានបន្តិចរួចក៏ត្រូវចាប់ផ្ដើមធ្វើការងារបន្តនៅផ្ទះទៀត ដែលតាមទម្លាប់នេះអ្នកអាចនឹងទទួលអារម្មណ៍ថាហត់នឿយអស់កម្លាំង។ ដូច្នេះហើយមុនពេលអ្នកចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ អ្នកអាចសរសេរនៅក្នុងកំណត់ត្រាអំពីអ្វីដែលអ្នកបានសម្រេចនៅថ្ងៃនេះ ហើយសរសេរទុកនូវអ្វីដែលអ្នកត្រូវសម្រេចនៅថ្ងៃបន្ទាប់។ ម្យ៉ាងទៀតអ្នកក៏អាចបង្ហាញនូវការដឹងគុណរបស់អ្នកចំពោះមិត្តរួមការងារ ដែលបានសហការគ្នាសម្រេចកិច្ចការជោគជ័យនៅថ្ងៃនេះ នោះអ្នកនឹងមានអារម្មណ៍ល្អមិនខាន៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ទាំងនេះគឺជាមូលហេតុ ៥យ៉ាងដែលនាំឲ្យអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ