ទាំងនេះគឺជាមូលហេតុ ៥យ៉ាងដែលនាំឲ្យអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ
ការគេងមិនបានឆ្អែតមិនមែនជាមូលហេតុតែម្យ៉ាងដែលនាំឲ្យអ្នកឆាប់អស់កម្លាំងនៅពេលថ្ងៃបន្ទាប់នោះទេ។ តាមពិតទៅ មានកត្តាជាច្រើនដែលជាប់ពាក់ព័ន្ធនឹងរបបអាហាររបស់អ្នក និងរបៀបរស់នៅជាដើម ដែលសុទ្ធតែអាចជាមូលហេតុនៃការអស់កម្លាំងរបស់អ្នកពេញមួយថ្ងៃ។ ខាងក្រោមនេះគឺជាមូលហេតុចំនួន៥ដែលនាំឲ្យអ្នកឧស្សាហ៍អស់កម្លាំង៖
១) មិនធ្វើលំហាត់ប្រាណ៖ ការមិនធ្វើលំហាត់ប្រាណដើម្បីសំចៃថាមពល ពុំមែនជាវិធីដ៏ល្អមួយដែលអាចទប់ស្កាត់អ្នកមិនឲ្យឆាប់អស់កម្លាំងបាននោះឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណជាប្រចាំ អាចបង្កើនថាមពលរបស់អ្នក ជួយឲ្យប្រព័ន្ធបេះដូងដំណើរការបានរលូននិងមានប្រសិទ្ធភាពជាងមុន និងអាចចែកចាយអុកស៊ីហ្សែននិងជីវជាតិបំប៉នផ្សេងៗទៅកាន់ជាលិកា។
២) ទទួលទានទឹកមិនគ្រប់គ្រាន់៖ បើកាលណាអ្នកខ្វះជាតិទឹកក្នុងរាងកាយ នោះវានឹងធ្វើឲ្យមានការថយចុះនូវបរិមាណឈាម ដែលជាហេតុបណ្ដាលឲ្យបេះដូងធ្វើការមិនសូវមានប្រសិទ្ធភាពដូចមុន និងកាត់បន្ថយល្បឿនដែលអុកស៊ីហ្សែននិងជីវជាតិបំប៉នត្រូវបានចែកចាយទៅកាន់សាច់ដុំនិងសរីរាង្គរបស់អ្នក។ ហេតុនេះវាជាការល្អបំផុតដែលអ្នកគួរតែរំលឹកខ្លួនឯងឲ្យទទួលទានទឹកឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយអ្នក។
៣) ខ្វះជាតិដែក៖ កង្វះជាតិដែកគឺជាមូលហេតុដែលនាំឲ្យអ្នកទន់ខ្សោយអស់កម្លាំង និងពិបាកនៅក្នុងការផ្ចង់ស្មារតី ពីព្រោះថាអុកស៊ីហ្សែនដែលត្រូវបានចែកចាយទៅកាន់កោសិកានិងសាច់ដុំមានតិចតួចជាងធម្មតា។ ដើម្បីបង្កើនជាតិដែកមកវិញ អ្នកអាចទទួលទានសណ្ដែកក្រហម តៅហ៊ូ ស៊ុត បន្លែបៃតង គ្រាប់ធញ្ញជាតិ ហើយទទួលទានវាផ្គួបជាមួយអាហារដែលសម្បូរវីតាមីនC ព្រោះវីតាមីនCនឹងជួយបង្កើនការស្រូបយកនូវជាតិដែកទុកក្នុងរាងកាយរបស់អ្នក។
៤) ទទួលទានអាហារមិនល្អចំពោះសុខភាពច្រើន៖ អាហារដែលមិនល្អចំពោះសុខភាព តួយ៉ាងមានដូចជាអាហារដែលសម្បូរជាតិស្ករច្រើន និងកាបូអ៊ីដ្រាតច្រើន។ ពួកវាធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ហើយបន្ទាប់មកក៏ធ្លាក់ចុះមកទាបវិញ ដែលជាហេតុនាំឲ្យអ្នកឆាប់អស់កម្លាំងពេញ១ថ្ងៃបន្ទាប់ពីទទួលទានវា។ ហេតុនេះអ្នកគួរតែចៀសវាងទទួលទានអាហារទាំងនេះ ហើយងាកមកទទួលទានអាហារដែលមានជាតិស្ករល្មមដើម្បីរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកុំឲ្យឡើងចុះខ្លាំងពេក។
៥) ពឹងផ្អែកទៅលើជាតិកាហ្វេអ៊ីនពេញ១ថ្ងៃ៖ ការទទួលទានកាហ្វេ១កែវនៅពេលព្រឹកមិនមែនជាបញ្ហាអ្វីនោះទេ ហើយថែមទាំងអាចជាប្រយោជន៍ចំពោះសុខភាពរបស់អ្នកទៅវិញ។ ប៉ុន្តែ ការសិក្សារបស់ Journal of Clinical Sleep Medicine បានចេញផ្សាយថា បើកាលណាជាតិកាហ្វេអ៊ីនត្រូវបានទទួលទាន៦ម៉ោងមុនពេលដំណេករបស់អ្នក នោះវានឹងជះឥទ្ធិពលដល់ការគេងរបស់អ្នក ដែលជាលទ្ធផលនៃការអស់កម្លាំងរបស់អ្នកនៅថ្ងៃបន្ទាប់បាន៕
ដោយ៖ ស្រីពៅ សូមអាន៖ ទាំងនេះគឺជារោគសញ្ញាទាំង៣ ដែលអាចប្រាប់ពីកង្វះខាតវីតាមីន Cនៅក្នុងរាងកាយ