តើមានអ្វីកើតឡើងនៅពេលអ្នកមិនទទួលទានអាហារពេលព្រឹក?​



មិន​ថា​ជា​អ្នក​មាន​ការ​រវល់​មមាញឹក​ប៉ុណ្ណា​ក៏​ដោយ អ្នក​មិន​គួរ​ចាប់ផ្ដើម​ការងារ​របស់​អ្នក​ដោយ​ពោះ​ទទេ​នោះ​ឡើយ។ អាហារ​ពេល​ព្រឹក​មាន​សារសំខាន់​ណាស់ ព្រោះ​វា​គឺជា​អាហារ​ដំបូង​ដែល​អ្នក​មាន​បន្ទាប់​ពី​អត់​មាន​ចំណី​ក្នុង​ពោះ​អស់​ច្រើន​ម៉ោង​រួច​មក។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ទាំង​៤​យ៉ាង​ដែល​អ្នក​អាច​ប្រឈម​មុខ បើ​សិន​ជា​អ្នក​រំលង​អាហារ​ពេល​ព្រឹក៖

១) ឈឺក្បាល​ធេងធោង៖ អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ណាស់ ព្រោះ​ថា​នៅ​ពេល​អ្នក​ភ្ញាក់​ពី​គេង​បន្ទាប់​ពី​អ្នក​អត់​មាន​ចំណី​អាហារ​ចូល​ពោះ​អស់​ជាច្រើន​ម៉ោង អ្នក​ត្រូវការ​អាហារ​ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ប្រកប​ដោយ​ថាមពល។ នៅ​ពេល​អ្នក​រំលង​អាហារ​ពេល​ព្រឹក កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ ជា​ហេតុ​នាំឲ្យ​មាន​ការ​បញ្ចេញ​នូវ​អ័រម៉ូន​ដទៃ​ដើម្បី​ជំនួស​ការ​ខ្វះខាត​នេះ។ បន្ទាប់​មក​វា​ក៏​ធ្វើឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ហើយ​ជា​លទ្ធផល​ដែល​អ្នក​ឈឺក្បាល​ធេងធោង​នេះ​ឯង។

២) ប៉ះពាល់​ដល់​ដំណើរការ​គិត​របស់​អ្នក៖ ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​នឹង​ផ្ដល់​ថាមពល​ដល់​រាងកាយ​របស់​អ្នក ដែល​ចាំបាច់​សម្រាប់​ដំណើរការ​គិត​របស់​អ្នក​ផង​ដែរ។ អ្នក​នឹង​អាច​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​របស់​អ្នក​ជាមួយ​ថាមពល ភាព​ស្រស់ស្រាយ និង​ការ​ផ្ចង់​អារម្មណ៍​បាន​មូល​ល្អ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​រួច។

៣) ទទួលរង​ហានិភ័យ​ពី​ជំងឺ​មហារីក៖ នៅ​ពេល​អ្នក​រំលង​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក នោះ​អ្នក​នឹង​ចាប់ផ្ដើម​ទទួល​ច្រើន​ហួស​ប្រមាណ​នៅ​ពេល​ថ្ងៃ​ត្រង់ ដែល​អាច​ជា​ដើម​ហេតុ​នាំ​អ្នក​ទៅ​រក​ជំងឺ​ធាត់​លើស​ទម្ងន់​បាន។ ដោយ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​ដោយ Cancer Research UK បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ធាត់​លើស​ទម្ងន់​មាន​ហានិភ័យ​កាន់តែ​ច្រើន​ក្នុង​ការ​កើត​ជំងឺ​មហារីក។

៤) ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​បេះដូង៖ អ្នក​ដែល​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ច្រើន​តែ​ងាយ​នឹង​ប្រឈម​មុខ​នឹង​ការ​លើស​ឈាម ដែល​អាច​នាំ​ទៅ​រក​ការ​ស្ទះ​សរសៃ​ឈាម​និង​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​បាន​ទៀត​ផង។ មូលហេតុ​នេះ​ហើយ អ្នក​គួរតែ​ទទួលទាន​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀងទាត់​កុំ​ខាន ដើម្បី​ការពារ​បញ្ហា​ទាំងនេះ៕

ដោយ៖ ស្រីពៅ សូមអាន៖ ទម្លាប់​ល្អៗ ​៤​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​​​​រៀងរាល់​​ព្រឹក​​ ​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​​ល្អប្រសើរ​!

X
5s