ហេតុអ្វីសម្បកស៊ុតមានអត្ថប្រយោជន៍សម្រាប់អ្នក?
ស៊ុតផ្ដល់នូវជីវជាតិបំប៉នដ៏ច្រើនសម្រាប់ទ្រទ្រង់រាងកាយរបស់អ្នក និងផ្ដល់ថាមពលសម្រាប់អ្នកពេញ១ថ្ងៃផងដែរ។ ប៉ុន្តែ សូម្បីតែសម្បករបស់វាក៏មានអត្ថប្រយោជន៍ជាច្រើនទៀតដែលអ្នកមិនធ្លាប់នឹកស្មានដល់ដែរ។ សម្បកស៊ុតមានធាតុផ្សំដូចជា កាល់ស្យូមកាបូណាត ដែលជាទម្រង់មួយប្រភេទរបស់កាល់ស្យូម ជាមួយនឹងប្រូតេអ៊ីនក្នុងបរិមាណតិចតួច និងសមាសធាតុសរីរាង្គដទៃទៀត។ តើសម្បកស៊ុតមានអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកមិនគួរមើលរំលង ?
១) ជាប្រភពដ៏ល្អសម្រាប់ទទួលយកជាតិកាល់ស្យូម៖ សម្បកស៊ុតមិនត្រឹមតែមានតម្លៃថោកសមរម្យប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុកនូវជីវជាតិបំប៉នដ៏សំខាន់ដែលជាជាតិកាល់ស្យូមនេះទៀតផង។ រាងកាយរបស់យើងត្រូវការកាល់ស្យូមសម្រាប់ផ្ដល់ការលូតលាស់ដល់ឆ្អឹងថ្មីៗ ការពារពីជំងឺពុកឆ្អឹង ហើយជួយរក្សាលំនឹងចង្វាក់បេះដូង ជួយគាំទ្រដល់ដំណើរការរបស់បេះដូង និងគ្រប់គ្រងកម្រិតជាតិប៉ូតាស្យូម ម៉ាញេស្យូម និងផូស្វ័រនៅក្នុងឈាមផងដែរ។
២) ម្សៅសម្បកស៊ុតគឺជាថ្នាំជំនួយដ៏មានប្រសិទ្ធភាព៖ អ្នកអាចធ្វើម្សៅសម្បកស៊ុតនេះដោយខ្លួនឯងបាន ដោយគ្រាន់តែយកសម្បកស៊ុតទៅដាក់នៅក្នុងទឹកដាំពុះដើម្បីសម្លាប់មេរោគ បន្ទាប់មកយកវាទៅហាលថ្ងៃឲ្យស្ងួត រួមសឹមយកត្បាល់មកបុកសម្បកស៊ុតនោះឲ្យល្អិតម៉ត់ជាទីបំផុតតាមតែអាចធ្វើបាន ពុំនោះទេវាអាចធ្វើឲ្យបំពង់ករបស់អ្នករបួសបាន។ នៅពេលអ្នកទទួលបានម្សៅសម្បកស៊ុតនេះហើយ អ្នកអាចលាយវាញាំុជាមួយទឹកដាំឬទឹកផ្លែឈើ នំប៉័ង ស្ប៉ាហ្កេទី និងសាច់ឆារបស់អ្នកបាន។ ប៉ុន្តែអ្នកមិនត្រូវទទួលទានម្សៅសម្បកស៊ុតច្រើនពេកនោះទេ ត្រឹមតែ១ចំហៀងសម្បកស៊ុតជារៀងរាល់ថ្ងៃគឺសមល្មមសម្រាប់មនុស្សជំទង់ ពុំនោះទេការទទួលទានជាតិកាល់ស្យូមលើសអាចនាំឲ្យមានបញ្ហាក្រួសក្នុងតម្រងនោម និងអាចបង្កើនហានិភ័យពីជំងឺបេះដូងថែមទៀតផង។
៣) ប្រើប្រាស់នៅក្នុងការដាំដំណាំ៖ ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពហើយ សម្បកស៊ុតនៅមានអត្ថប្រយោជន៍ចំពោះការដាំដុះដំណាំរបស់អ្នកទៀតផង។ ប្រភេទរុក្ខជាតិមួយចំនួនដូចជា ប៉េងប៉ោះ ត្រប់ ដើមប៉ោម ម្ទេសប្លោក និងដើមផ្កាកុលាប ចូលចិត្តជាតិកាល់ស្យូមបន្ថែមសម្រាប់ការលូតលាស់របស់វាណាស់។ អ្នកគ្រាន់តែយកសម្បកស៊ុតទៅកិន រួចយកវាមករោយនៅក្បែរដីដំណាំរបស់អ្នកជារៀងរាល់២សប្ដាហ៍ម្ដង គឺជាការស្រេច៕
ដោយ៖ ស្រីពៅ សូមអាន៖ វិធីសាស្ត្រ ៤យ៉ាងដើម្បីព្យាបាលភ្នែកដែលមានចំណុចខ្មៅអណ្ដែតនៅពីមុខ