ចំណុចសំខាន់ ៣យ៉ាង ដែលស្និតជាប់សន្តានរបស់អ្នកដឹកនាំល្អ
ពាក្យថា «អ្នកដឹកនាំ» គឺជាពាក្យដែលមនុស្សស្ទើរតែគ្រប់រូបប្រាថ្នាចង់បាន និងចង់សម្រេចឱ្យបាន។ ក្លាយទៅជាអ្នកដឹកនាំមួយមុខនៅមិនទាន់គ្រប់បំណងប្រាថ្នារបស់មនុស្សភាគច្រើនទេ ប៉ុន្តែជាអ្នកដឹកនាំដែលមាន ការស្រលាញ់ ការគោរព ការជឿជាក់ និងការទទួលស្គាល់ពីសំណាក់មនុស្សទូទៅ ពោលគឺជាអ្នកដឹកនាំដ៏ល្អមួយរូបទើបរឹតតែប្រសើរ។
ដូច្នេះហើយ តើអ្នកដឹកនាំដ៏ល្អមួយរូបត្រូវការអ្វីទៅ? ខាងក្រោមនេះ នឹងបង្ហាញអំពីចរឹតលក្ខណៈដែលត្រូវស្វែងយល់ពីអ្នកដឹកនាំល្អ៖
១) ទទួលយកគំនិតអ្នកដទៃ៖ អ្នកដឹកនាំល្អត្រូវគិតថា មនុស្សម្នាក់មិនអាចដឹងគ្រប់រឿង និង មិនអាចដោះស្រាយគ្រប់បញ្ហានោះឡើយ ហេតុនេះហើយត្រូវចេះបើកចិត្តឲ្យទូលាយ ទទួលយកគំនិតរបស់អ្នកដទៃ។ មិនតែប៉ុណ្ណោះ មិនត្រូវគិតថា ខ្លួនគេត្រូវរហូត ហើយសាងកំហុសនោះទេ នេះគឺជាទង្វើដែលមិនគួរកើតមានឡើង ចំពោះអ្នកដឹកនាំព្រោះពួកគេគឺជាគំរូនៃមនុស្សជាច្រើន។
២) ការចំណាយពេលវេលាទៅលើបុគ្គលិក៖ វាមិនមែនជាការចំណាយពេលវេលា ដើម្បីគ្រាន់តែជួបបុគ្គលិក ឬគ្រាន់តែធ្វើបទបង្ហាញផ្សេងៗឱ្យបុគ្គលិកយល់នោះឡើយ។ ប៉ុន្តែវាគឺជាការចំណាយពេលវេលា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការស្វែងយល់អំពីបញ្ហារបស់ពួកគេដែលអាចរួមបញ្ចូលទាំងបញ្ហាគ្រួសារ និងបញ្ហាផ្ទាល់ខ្លួនខ្លះៗផងដែរ ព្រោះថាមនុស្សរមែងជួបបញ្ហា ហេតុនេះគួរតែជួយដោះស្រាយ ឬក៏ជួយផ្តល់កម្លាំងចិត្ត និងជួយលើកទឹកចិត្តដល់ពួកគេ។ ត្រូវគិតថា ពួកគេក៏ជាផ្នែកមួយដ៏មានតម្លៃដល់ការអភិវឌ្ឍមុខជំនួញ និងក្រុមហ៊ុនរបស់អ្នកផងដែរ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ ហើយចំណាយពេលដល់ពួកគេ ពួកគេនឹងមានអារម្មណ៍ថា កន្លែងធ្វើការហាក់បីដូចជាផ្ទះដែលផ្តល់ភាពកក់ក្តៅ មិនមែនជាកន្លែងដែលផ្តល់សម្ពាធ ហេតុនេះការងារនឹងមានភាពល្អប្រសើរ។
៣) បង្កើនចំណេះដឹងបន្ថែម និងរៀនសម្របខ្លួន៖ អ្នកមិនអាចចេះ និងដឹងសព្វគ្រប់អស់នោះទេ ហេតុនេះហើយទើបទាមទារឱ្យមានការរៀនបន្ថែម។ នៅលើលោកនេះគ្មានអ្វីដែលមិនផ្លាស់ប្តូរនោះទេ ប៉ុន្តែអ្នកត្រូវមានការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកការផ្លាស់ប្តូរ និងចេះសម្របនឹងការផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង៕ ដោយ៖ អ៊ុន ស្រីនាង