វិធីសាស្ត្រ ៤យ៉ាងដើម្បីព្យាបាលភ្នែកដែលមានចំណុចខ្មៅអណ្ដែតនៅពីមុខ
តើអ្នកធ្លាប់មានបញ្ហាភ្នែក ដែលនៅពេលអ្នកសម្លឹងមើលអ្វីមួយ អ្នកឃើញមានភាគល្អិតអ្វីម្យ៉ាងឬចំណុចខ្មៅអ្វីមួយនៅអណ្ដែតពីមុខចក្ខុប្រសាទរបស់អ្នក ហើយស្រាប់តែរលាយបាត់វិញនៅពេលអ្នកសម្លឹងមើលភាគល្អិតនោះចំដែរឬទេ ? បញ្ហាបែបនេះច្រើនកើតមានឡើងចំពោះអ្នកដែលមានអាយុច្រើន អ្នកដែលបានប្រើប្រាស់ថ្នាំភ្នែកឬបានទទួលការវះកាត់ភ្នែក អ្នកដែលមានបញ្ហាសុខភាពផ្សេងៗដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺលើសឈាម និងអ្នកមានបញ្ហាមីញ៉ូបភ្នែកជាដើម។ ទោះជាយ៉ាងណា វាមិនមែនជាបញ្ហាទៀតនោះទេ ព្រោះខាងក្រោមនេះគឺជាវិធីសាស្ត្រ៤យ៉ាងដែលអ្នកអាចប្រើដើម្បីព្យាបាលបញ្ហាភ្នែកនេះបាន។
១) វីតាមីន៖ របបអាហារដែលអ្នកទទួលទានប្រចាំថ្ងៃដើរតួសំខាន់ណាស់នៅក្នុងការថែទាំសុខភាពភ្នែករបស់អ្នក។ បើអ្នកមានបញ្ហាភ្នែកបែបនេះ នោះអ្នកចាំបាច់ត្រូវទទួលទានអាហារណាដែលសម្បូរជាតិវីតាមីនAនិងវីតាមីនC ព្រោះថាវីតាមីនទាំងពីរនេះសុទ្ធតែជួយបង្កើនសមត្ថភាពនៃការមើលរបស់ភ្នែកឲ្យភ្លឺច្បាស់ល្អ។ អាហារទាំងនេះមានដូចជា ផ្លែការ៉ុត ស៊ុត ផ្លែក្រូច បន្លែបៃតង ហើយកាន់តែប្រសើរទៅទៀតបើសិនជាអ្នកអាចទទួលទានថ្នាំបំប៉នបន្ថែមខាងក្រៅដូចជា ខ្លាញ់ត្រីឬអូមេហ្កា៣ជាដើម។
២) តែបៃតង៖ ថ្វីត្បិតតែកាហ្វេអ៊ីនត្រូវបានហាមឃាត់មិនឲ្យទទួលទានសម្រាប់អ្នកដែលមានបញ្ហាភ្នែកបែបនេះ ហើយតែបៃតងក៏មានជាតិកាហ្វេអ៊ីនដែរ ប៉ុន្តែតែបៃតងគឺជាករណីលើកលែងមួយ ព្រោះថាតែបៃតងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលវាជួយបង្កើនសមត្ថភាពមើលរបស់ភ្នែកអ្នកឲ្យភ្លឺច្បាស់។ ដើម្បីទទួលបានប្រសិទ្ធភាពនេះ អ្នកគ្រាន់តែដាក់កញ្ចប់តែបៃតងចូលក្នុងកែវទឹកក្ដៅ ហើយលាយជាមួយទឹកឃ្មុំបន្តិច និងទទួលទានវាប្រចាំថ្ងៃ។
៣) ទឹកការ៉ុត៖ អ្នកប្រាកដជាធ្លាប់ដឹងរួចមកហើយថា ការទទួលទានការ៉ុតមានប្រយោជន៍ចំពោះសុខភាពភ្នែករបស់អ្នក។ ដូច្នេះ ក្នុងការព្យាបាលបញ្ហាភ្នែកនេះ អ្នកគួរតែទទួលទានទឹកការ៉ុតឲ្យបានរៀងរាល់ថ្ងៃកុំខាន ព្រោះថាការ៉ុតនេះសម្បូរដោយវីតាមីនA និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយផ្ដល់ជីវជាតិបំប៉នដល់ភ្នែករបស់អ្នក ដើម្បីឲ្យវាដំណើរការបានប្រក្រតីនិងព្យាបាលបញ្ហាភ្នែក។
៤) ទឹកប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើមួយកែវ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នកទាំងមូល ជាពិសេសគឺសម្រាប់សុខភាពភ្នែករបស់អ្នក។ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួសជុលជាលិកាខូចខាតទាំងឡាយ និងបង្កើនសមត្ថភាពមើលរបស់ភ្នែកទៀតផង៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ តើសកម្មភាពអ្វីខ្លះដែលអ្នកមិនត្រូវធ្វើទៅលើភ្នែករបស់អ្នក ដែលអាចបង្កជាបញ្ហាដល់វាបាន?