កត្តា ៨យ៉ាងដែលអ្នកគួរជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង
ការអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើរឡើង គឺជាការប្រាថ្នាចង់បានសម្រាប់មនុស្សគ្រប់គ្នា ព្រោះថា កត្តាទាំងនេះ ពិតជាមានសារៈសំខាន់ និងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស មិនថា ជាជីវិតគ្រួសារឬជីវិតការងារឡើយ ប៉ុន្តែហេតុអ្វីបានជាមនុស្សខ្លះអាចទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើរឡើង ខណៈដែលមនុស្សមួយចំនួនទៀតបែរជាបរាជ័យទៅវិញ។ ដូច្នេះ ៨កត្តាខាងក្រោមនេះដែលអ្នកគួរតែជៀសវាងធ្វើដើម្បីធ្វើឲ្យខ្លួនឯងកាន់តែប្រសើរឡើង ដែលដកស្រង់ចេញពី "សៀវភៅកំណត់ត្រាក្ដីសុបិន្តខ្ញុំ" នៅក្នុង សិក្ខាសាលាវិថីសុបិន្តស្តីអំពី៨គន្លឹះដើម្បីសម្រេចក្ដីសុបិន្ត ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ។
១. អញនិយម និងទ្រឹស្ដីនិយមៈ បុគ្គលដែលចូលចិត្តគិតថាខ្លួនឯងពូកែនិងអស្ចារ្យជាងអ្នកដទៃឬគំនិតរបស់ខ្លួនតែងតែត្រូវ នឹងជួបនូវការលំបាកក្នុងការទទួលឱកាសរៀនសូត្រចំណុចល្អឬចំណេះដឹងថ្មីៗបន្ថែមពីមនុស្សនិងស្ថានការណ៍ជុំវិញខ្លួន។ ដោយឡែកបុគ្គលដែលវង្វេងនិងទ្រ្តឹស្ដីខ្លួនឯងឬថាតាមគេតែពុំយល់ពីអត្ថន័យច្បាស់ហើយបែជាមានអំនួតនិងយកទៅអនុវត្តខុសនិងមិនចេញជាផ្លែផ្កាឡើយ។
២. គំនិតចង្អៀតចង្អល់ៈ ការមិនបើកចិត្តគំនិតឲ្យទូលាយក្នុងការស្ដាប់ពីចំណុចមិនល្អរបស់ខ្លួន និងមិនព្រមទទួលយកការរិះគន់និងកែរតម្រូវពីអ្នកដទៃគឺជាការខាតបង់មួយដ៏ធំ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃអ្នកនិងបន្តរក្សានូវចំណុចមិនល្អកាន់តែច្រើនឡើង និងបាត់បង់នូវការស្រលាញ់រាប់អានពីមនុស្សនៅជុំវិញខ្លួន។
៣. ផ្នត់គំនិតអវិជ្ជមាន និងកង្វះកម្លាំងជម្រុញចិត្តៈ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានគឺតែងតែគិតថាខ្លួនឯងអន់ ទន់ខ្សោយ ឬគ្មានគំនិតក្នុងការពុះពារ តស៊ូ ឬឆន្ទៈមុះមុតឡើយក្នុងការធ្វើអ្វីមួយ ពោលគឺពួកគេមិនចង់ធ្វើការថ្មីៗ លំបាកៗ ឬមានហានិភ័យខ្ពស់ឡើយដូច្នេះហើយទើបគេបាត់បង់ឳកាសក្នុងការរៀនអ្វីដែលថ្មីៗ និងបទពិសោធន៍ល្អៗ។
៤. ការនិយមដោះសា និងបន្ទោសកត្តាក្រៅខ្លួនឬអ្នកដទៃៈ មនុស្សដែលចូលចិត្តដោះសា មិនហ៊ាបប្រឈមមុខនិងការពិត ឬតែងបន្ទោសកត្តាខាងក្រៅខ្លួនគឺជាមនុស្សដែលខ្វះការទទួលខុសត្រូវនិងចូលចិត្តផ្ដេកផ្ដួលខ្លួនទៅតាមព្រហ្មលិខិត ការដោះសារគឺតែងតែនាំយើងឲ្យខ្វះការយកចិត្តទុកដាក់នូវកំហុសឆ្គងខ្លួនឯង និងពុំបានខិតខំកែលម្អខ្លួនជាប្រចាំ។
៥. ភាពខ្ជិលច្រអូស និងភាពខ្លាចនឿយហត់ៈ មនុស្សខ្ជិលពុំសូវមានការតស៊ូក្នុងការធ្វើកិច្ចការនានា ជាពិសេសគេតែងតែគេចវេសក្នុងការបំពេញកិច្ចការធំៗ និងលំបាកៗដែលនាំឲ្យបាត់ឱកាសក្នុងការទទួលបានលទ្ធផលធំៗ។
៦. ភាពគ្មានវិន័យៈ មនុស្សដែលមិនគោរពវិន័យខ្លួនឯង និងស្ថាប័នគឺតែងតែធ្វើអ្វីតាមការនឹកឃើញ តាមចិត្តឬតាមអារម្មណ៍ច្រើនជាងតាមគោលការណ៍និងហេតុផលច្បាស់លាស់ ហើយមិនខ្វល់ពីអ្នកដទៃឬក្រុមការងារឡើយ ទោះជាពេលខ្លះមនុស្សបែបនេះច្រើនតែជាមនុស្សដែលឆ្លាត ឬឆ្នៃប្រឌិតក្ដី តែមានមនុស្សតិចតួចបំផុតដែលចុងក្រោយអាចបង្ហាញស្នាដៃដែលផ្ទុយទៅវិញភាគច្រើនគឺបាត់ទំនុកចិត្ត ឬការឲ្យតម្លៃពីមនុស្សជុំវិញ។
៧. កង្វះខាតជំហរផ្ទាល់ខ្លួន និងការពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវ: មនុស្សដែលគ្មានជំហរខ្លួនឯងច្បាស់លាស់និងពុំស្គាល់តម្លៃពីភាពត្រឹមត្រូវ គេនឹងបណ្ដោយខ្លួនឲ្យរៀនទទួលយកគំរូ ឬអនុវត្តតាមចំណុចអាក្រក់ពីមនុស្សនិងបរិយាកាសដែលនៅជុំវិញខ្លួនដោយងាយបំផុត ដូច្នេះពួកគេនិងក្លាយជាជនរងគ្រោះហើយងាយនឹងបាត់បង់ឳកាសក្នុងការធ្វើឲ្យខ្លួនរីកចម្រើពីមួយថ្ងៃទៅមួយថ្ងៃ។
៨. ភាពមិនច្បាស់លាស់ពីគោលដៅនៃជីវិតៈ មនុស្សដែលគ្មានគោលដៅច្បាស់លាស់តែងតែខ្វះនូវកម្លាំងចិត្តនិងឆន្ទៈមុះមុត ជាងនេះទៅទៀតគឺគេមិនដឹងថាត្រូវត្រៀមខ្លួននិងធ្វើអ្វីខ្លះដើម្បីសម្រេចគោដៅ ហើយពេលខ្លះចេះតែធ្វើនេះធ្វើនោះដោយគ្មានកម្លាំងចិត្ត គ្មានការយកចិត្តទុកដាក់ខ្ពស់និងខ្វះភាពជាម្ចាស់ការនិងកិច្ចការឬកាតព្វកិច្ចរបស់ខ្លួន៕
ដោយ៖ ជួប ស្រីរ័ត្ន