ជីវិតតស៊ូលោក Li Ka-shing៖ ពីក្មេងកំព្រាឪពុកដើរលក់ឥវ៉ាន់ក្លាយជាមហាសេដ្ឋីហុងកុង
ចាប់កំណើតក្នុងស្ថានភាពដែលចិនកំពុងឈ្លានពានដោយបរទេស លោក Li Ka-shing កើតនៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ១៩២៨ ក្នុងខេត្តក្វាងទុង ប្រទេសចិន។ ឪពុករបស់លោក គឺជានាយកសាលានៃសាលាបឋមសិក្សាមួយកន្លែង ប៉ុន្តែ Li Ka-shing គ្មានឱកាសច្រើនដើម្បីទទួលបានការអប់រំផ្លូវការនៅសាលានោះទេ ដោយហេតុថា នៅអាយុ១២ឆ្នាំ គ្រួសារទាំងមូលត្រូវរត់ភៀសខ្លួនទៅកាន់ទីក្រុងហុងកុង ស្របពេលដែលជប៉ុនកំពុងចូលឈ្លានពានចិន នាឆ្នាំ១៩៤០។
ក្លាយជាក្មេងកំព្រា ប៉ុន្តែមានការតស៊ូ និង មហិច្ឆតាមហាធំ ទៅដល់ទីក្រុងហុងកុងបាន៣ឆ្នាំ ឪពុករបស់ខ្លួនក៏បានស្លាប់ដោយសារជំងឺរបេង ចំពេលដែលគ្រួសារគ្មានលទ្ធភាពរកការព្យាបាល ។ ដូច្នេះហើយបន្ទុកដ៏ធ្ងន់ធ្ងរត្រូវធ្លាក់ទៅលើ Li Ka-shing ដែលមានវ័យប្រហែល១៥ឆ្នាំនៅឡើយ។ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ Li Ka-shing បានធ្វើជាអ្នកលក់ខ្សែនាឡិកាជ័រ និង ខ្សែក្រវាត់។ ក្នុងនាមជាអ្នកលក់នេះ វាបានផ្ដល់ចំណេះដឹងយ៉ាងច្រើនសម្រាប់រូបលោក ជាពិសេសបណ្ដុះគំនិតឲ្យចង់ធ្វើជំនួញតែម្ដង។ នៅឆ្នាំ១៩៥០ Li Ka-shingបានសម្រេចចិត្តបើកជំនួញដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាអ្នកមានម្នាក់ ក្រោយពេលជួបការលំបាកផ្នែកជីវភាពអស់ពេលជាច្រើនឆ្នាំមកហើយ។ កាលនោះ គឺលោកមានអាយុទើបតែ២២ឆ្នាំប៉ុណ្ណោះ ហើយចំពោះដើមទុនវិញ គឺបានមកពីលុយដែលខ្លួនខំសន្សំពីការលក់ខ្សែនាឡិកាជ័រប្លាស្ទិក និង ខ្សែក្រវាត់អស់ពេលជាច្រើនឆ្នាំ ពីមិត្តភ័ក្ដិ និង ពីក្រុមគ្រួសារ។ នៅពេលនោះ លោកបានបើករោងចក្រផលិតផ្កាជ័រដែលមានឈ្មោះថា Cheung Kong ។
ប្ដូរពីក្រុមហ៊ុនផលិតផ្កាជ័រ មកជាក្រុមហ៊ុនអចលនទ្រព្យ នៅឆ្នាំ១៩៥៨ Li Ka-shingបានសម្រេចចិត្តទិញដី និង រោងចក្រដែលខ្លួនជួលគេនោះ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់តែម្ដង ក្រោយពេលដែលម្ចាស់ដី និង រោងចក្រចេះតែបង្កើនតម្លៃជួល។ នៅទសវត្សឆ្នាំ៦០ Li Ka-shingបានផ្លាស់ប្ដូរប្រភេទជំនួញវិញ ពោលគឺពីក្រុមហ៊ុនផលិតផ្កាជ័រ មកជាក្រុមហ៊ុនផ្នែកអចលនទ្រព្យវិញ។ នៅពេលនោះ យុទ្ធសាស្ត្រសំខាន់ដែលមហាសេដ្ឋីរូបនេះបានអនុវត្តគឺ ការបញ្ចៀសឲ្យបាននូវបំណុលក្នុងទំហំធំ ព្រោះវាអាចប៉ះពាល់ដល់ក្រុមហ៊ុននៅពេលក្រោយប្រសិនបើ ជំពាក់បំណុលគេច្រើនពេក។ ដើម្បីបញ្ចៀសបញ្ហាបំណុលនេះ លោកបានសហការជាមួយនឹងមនុស្សជាច្រើន ដូចជាម្ចាស់ដី មុនពេលសម្រេចចិត្តសាងសង់អាគារជាផ្លូវការ។
បង្កើតក្រុមហ៊ុនCheung Kong Holdings ល្បីល្បាញលើពិភពលោក បន្តបន្ទាប់មក ក្រុមហ៊ុនរបស់លោកបានស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័ស។ ដោយសារតែបែបនេះហើយ នៅឆ្នាំ១៩៧១ Li Ka-shing បានបង្កើតក្រុមហ៊ុនCheung Kong Holdings ដែលរកស៊ីវិស័យផ្សេងៗជាច្រើន (មានន័យថា ជាប្រភេទក្រុមហ៊ុនធំដែលមានក្រុមហ៊ុនតូចៗជាច្រើនស្ថិតនៅក្រោមការគ្រប់គ្រងតែមួយ)។ ដោយសារភាពការតស៊ូ និង ភាពឆ្លាតវៃក្នុងការរកស៊ីនោះ ក្រុមហ៊ុនCheung Kong Holdingsបានស្គាល់ការរីកចម្រើនយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនCheung Kong Holdingsបានដំណើរការនៅប្រទេសចំនួន៥០ និង មានបុគ្គលិកសរុបទាំងអស់ប្រមាណជាង ២៤ម៉ឺននាក់។
ក្លាយជាមហាសេដ្ឋីមានជាងគេនៅហុងកុង បច្ចុប្បន្ននេះ លោកLi Ka-shingក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងតំបន់អាស៊ី ហើយក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ៣៣,៣ ពាន់លានដុល្លារ (បើយោងតាមការរបាយការណ៍របស់ទស្សនាវដ្ដីForbes ប្រចាំឆ្នាំ២០១៥)។ ជាមួយទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកបានឈរនៅលេខរៀងទី១ នៅហុងកុង និង លេខរៀងទី១៧នៅលើពិភពលោក ក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក។
អំពើមនុស្សធម៌ ដោយសារតែ ឆ្លងកាត់ក្នុងភ្លើងសង្គ្រាម និង ស្គាល់ការលំបាករាប់មិនអស់ ជាពិសេសជីវិតជាក្មេងកំព្រាឪពុកតាំងពីតូចនោះ បានធ្វើឲ្យលោក Li Ka-shing យល់យ៉ាងច្បាស់អំពីការលំបាករបស់ជនក្រីក្រ។ ដូច្នេះហើយ នៅឆ្នាំ១៩៨០ លោកបានបង្កើតមូលនិធិមួយឈ្មោះថា Li Ka Shing Foundation ដែលបង្កើតឡើងដើម្បីជួយដល់មនុស្សដែលជួបការលំបាកផ្សេងៗក្នុងជីវិត។ គិតរហូតមកទល់នឹងបច្ចុប្បន្ននេះ Li Ka Shing Foundation បានចំណាយទឹកប្រាក់អស់ប្រមាណជិត២ពាន់លានដុល្លារ ដើម្បីពង្រឹងផ្នែកអប់រំ និង ផ្នែកវិជ្ជាសាស្ត្រនៅតំបន់ផ្សេងៗលើពិភពលោក ជាពិសេសគឺតំបន់ដាច់ស្រយាលនៅប្រទេសចិន។
សម្រង់សម្ដីសំខាន់ៗដែលគួរចង់ចាំ
១) «ខ្ញុំមិនមែនមានសំណាងនោះទេ។ ខ្ញុំបានធ្វើការយ៉ាងលំបាក ដើម្បីសម្រេចគោលដៅដែលខ្ញុំបានកំណត់»។
២) «បើអ្នកធ្វើល្អចំពោះអ្នកដទៃ នោះរឿងល្អក៏កើតឡើងចំពោះអ្នកវិញដែរ»។
៣) «ភាពរីករាយបំផុតចំពោះខ្ញុំ គឺនៅពេលប្រឹងធ្វើការងារខ្លាំង ហើយព្យាយាមបង្កើតប្រាក់ចំណេញឲ្យបានច្រើន»។
៤) «មនុស្សទូទៅធ្វើការត្រឹម៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែខ្ញុំធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ»។
៥) «ឪពុករបស់ខ្ញុំ ស្លាប់ដោយសារជំងឺរបេង នៅពេលដែលគ្រួសារយើងគ្មានលទ្ធភាពដើម្បីរកការព្យាបាល។ ដូច្នេះខ្ញុំដឹងច្បាស់ អំពីអារម្មណ៍តែលតោល និង ភាពឯកោ»។
៦) «នៅពេលណាដែលខ្ញុំនិយាយថា «យល់ព្រម»មានន័យថា វាជាកិច្ចសន្យាមួយទៅហើយ»។
៧) «កេរ្តិ៍ឈ្មោះគឺជាកូនសោ ឆ្ពោះទៅរកភាពជោគជ័យ។ អ្នកត្រូវតែមានភាពស្មោះត្រង់ចំពោះ អតិថិជនរបស់អ្នក»។
៨) «ក្រុមហ៊ុនមួយ ត្រូវបានបង្កើតឡើងដោយមានការខិតខំប្រឹងប្រែងពីមនុស្សជាច្រើន មិនមែនមនុស្សតែម្នាក់អាចធ្វើបានទេ»។
ដោយ៖ អ៊ុន ភក្តី