ទាំងនេះគឺជារោគសញ្ញាទាំង៣ ដែលអាចប្រាប់ពីកង្វះខាតវីតាមីន Cនៅក្នុងរាងកាយ​



កង្វះ​វីតាមីន C អាច​មាន​មូលហេតុ​មក​ពី​របប​អាហារ​មិន​ល្អ​ដែល​ខ្វះ​នូវ​ការ​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ អាយុ​ច្រើន និង​ការ​ទទួលទាន​ជាតិ​អាល់កុល​លើស​កម្រិត។ ទោះជាយ៉ាងណា វា​អាច​ទទួល​បាន​តាមរយៈ​អាហារ​ជាច្រើន​ប្រភេទ​ដែល​មាន​វត្តមាន​របស់​វីតាមីនC​ខ្ពស់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ដឹង​ថា​អ្នក​មាន​ខ្វះ​វីតាមីន​នេះ​មែន​ឬ​យ៉ាងណា ដូច្នេះ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ទាំង​៣​ដែល​បញ្ជាក់​ប្រាប់​ថា​អ្នក​កំពុងតែ​ខ្វះ​វីតាមីនC​ហើយ៖

១) ងាយ​នឹង​ទទួល​រង​ស្នាម​ជាំ៖ បើ​អ្នក​ងាយ​នឹង​មាន​ស្នាម​ជាំ​នៅ​លើ​ស្បែក​របស់​អ្នក វា​អាច​ជា​សញ្ញាណ​មួយ​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​ខ្វះ​ជាតិ​វីតាមីនC​ហើយ ព្រោះ​ថា​មូលហេតុ​ដែល​នាំឲ្យ​ស្បែក​អ្នក​ជាំ គឺ​ដោយសារ​តែ​សរសៃ​ឈាម​ខ្សោយ ដែល​ជា​មូលហេតុ​មក​ពី​ខ្វះ​វីតាមីនC ដែល​បណ្ដាល​ឲ្យ​វា​ដាច់​ហើយ​ឈាម​ក៏​ធ្លាយ​ចេញ​ទៅ​តំបន់​ក្បែរៗ​វា។ ហេតុនេះ​បើ​អ្នក​ជួប​រោគសញ្ញា​បែប​នេះ អ្នក​គួរតែ​ឆាប់​ទទួល​យក​ជាតិ​វីតាមីនC​ឲ្យ​បាន​គ្រប់គ្រាន់​ពី​អាហារ​ដែល​អ្នក​បរិភោគ។

២) ស្នាម​របួស​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ជា​សះស្បើយ៖ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​មាន​ដំបៅ​ជើង​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន ច្រើនតែ​មាន​ការ​ខ្វះខាត​វីតាមីនC​ជាង​អ្នក​ដែល​មិន​មាន​ដំបៅ​ជើង​ធ្ងន់ធ្ងរ។ បើ​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង មុខ​របួស​ចាស់​អាច​នឹង​បើក​ចំហ​ឡើង​វិញ ហើយ​ទុក​ឱកាស​ឲ្យ​បាក់តេរី​ទាំងឡាយ​ចម្លង​មេរោគ​ទៀត​ផង។ រោគសញ្ញា​ដែល​ស្នាម​របួស​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ជា​សះស្បើយ​នេះ គឺជា​រោគសញ្ញា​ក្នុង​ដំណាក់កាល​ខ្ពស់​មួយ​នៃ​ការ​ខ្វះខាត​វីតាមីន​C ព្រោះ​ថា​រោគសញ្ញា​នេះ​នឹង​លេច​ចេញ​មក​តែ​ក្រោយ​ពេល​អ្នក​បាន​ខ្វះ​វីតាមីន​នេះ​ច្រើន​ខែ​កន្លង​មក​ហើយ។

៣) ឈាម​អញ្ចាញ​ធ្មេញ៖ ដោយសារ​តែ​កង្វះ​វីតាមីនC នាំឲ្យ​សរសៃឈាម​ខ្សោយ​ជាង​មុន ដែល​ងាយ​ឲ្យ​ធ្លាយ​ឈាម​ហូរ​ចេញ​មក ដូច្នេះ​វា​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​ជាលិកា​នៃ​អញ្ចាញ​ធ្មេញ​របស់​អ្នក​ទន់ខ្សោយ​ហើយ​ងាយ​នឹង​ហូរ​ឈាម​ដែរ។ ក្នុង​ដំណាក់កាល​ខ្ពស់​នៃ​ការ​ខ្វះ​វីតាមីនC អញ្ចាញ​ធ្មេញ​របស់​អ្នក​អាច​ប្រែ​ជា​ពណ៌​ស្វាយ​ហើយ​មាន​ក្លិន​ស្អុយ​ទៀត​ផង។ តាមរយៈ​អាហារ​អ្នក​អាច​ទទួល​បាន​នូវ​វីតាមីន​នេះ ដែល​មាន​ដូចជា​ផ្លែ​ក្រូច ក្រូចឆ្មារ ផ្លែ​ត្របែក ល្ហុង គូលែន ស្ត្របឺរី និង​ម្ទេស​ប្លោក​ជាដើម៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?

X
5s