«ក្បួនក្លាយជាអ្នកមានទាំង ៥ស្នៀត» ដកស្រង់ចេញពីសៀវភៅល្បីៗក្នុងលោក
មនុស្សសឹងតែទាំងអស់ចង់ក្លាយជាអ្នកមាន តែមានមនុស្សមិនដល់១០ភាគរយផងដែលបានសម្រេចក្តីសុបិនរបស់ខ្លួន ព្រោះថា វាពិតជាលំបាក ហើយវាទាមទារនូវចំណុចសំខាន់ៗជាច្រើន។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត អ្នកគួរតែចំណាយពេលឲ្យបានច្រើនដើម្បីសិក្សា និង រិះរកវិធីសាស្រ្ត ដើម្បីចេញសកម្មភាពប្រកបដោយប្រសិទ្ធភាព និង លទ្ធភាពកើតឡើងជាទីពេញចិត្ត។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗទាំង៥យ៉ាង ដែលបានដកស្រង់ចេញពីសៀវភៅល្បីៗក្នុងលោក ក្នុងការសាងខ្លួនឯងឲ្យក្លាយជាអ្នកមាន៖
១) «គ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកមាន តែសំខាន់លើផ្នត់គំនិត»៖ វាជាចំណុចសំខាន់មួយ ដែលបានដកស្រង់ចេញពីសៀវភៅ «Rich Dad Poor Dad »របស់លោក Robert Kiyosaki ដែលជាសៀវភៅដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក។ ត្រង់ចំណុចនេះ មានន័យថា បើចង់ក្លាយជាអ្នកមានមែន ត្រូវបណ្តុះផ្នត់គំនិតជាអ្នកមានសិន ទើប ពេលចេញសកម្មភាព នាំឲ្យដើរទៅដល់ភោគសម្បត្តិដ៏មហិមា។ លោក Robert Kiyosaki មុនពេលទទួលជោគជ័យក្នុងវិស័យជំនួញ និង ក្នុងនាមជាអ្នកនិពន្ធ និង គ្រូបង្វឹកនេះក៏ធ្លាប់រកស៊ីបរាជ័យ ហើយជំពាក់គេរហូតដល់ ១លានដុល្លារ។ ប៉ុន្តែលោកបានបណ្តុះផ្នត់គំនិតអ្នកមានក្នុងខ្លួន ដោយជឿជាក់ថា លោកនឹងនៅតែជាអ្នកមាន ហើយកាន់តែមានជាងមុនទៀត ប្រសិនបើលោកមិនបោះបង់ ហើយគ្រាន់តែព្យាយាមផ្លាស់ប្តូរ និង កែកំហុសដែលបានកើតឡើងប៉ុណ្ណោះ។
២) «ប្រសិនបើអ្នកស្តាប់តែយោបល ឬ គំនិតចាស់ៗ ឬគំនិតទូទៅ អ្នកនឹងមិនអាចក្លាយជាអ្នកមានជារៀងរហូត»៖ ចំណុចនេះដកស្រង់ចេញពីសៀវភៅ «The Richest Man in Babylon» និង សៀវភៅមួយចំនួនទៀត។ គំនិតនេះគឺពិតជាសំខាន់ខ្លាំងណាស់ ក្នុងការដើរឆ្ពោះទៅកាន់ភាពជាអ្នកមាន ព្រោះដើម្បីជោគជ័យក្នុងជីវិត ពួកអ្នកមានមិនធ្វើតាមគំនិតរបស់មនុស្សទូទៅឡើយ ដោយពួកគេព្យាយាមគិត និងធ្វើអ្វីដែលប្លែកពីគេ។ គំនិតប្លែកពីគេនេះហើយ ដែលនាំឲ្យពួកគេអាចក្លាយជាអ្នកមាន លើសពីមនុស្សទូទៅបាន។ មានន័យថា បើអ្នកធ្វើអ្វីមួយដូចមនុស្សភាគច្រើនធ្វើដែរ នោះមានន័យថា អ្នកនឹងក្លាយជាមនុស្សសាមញ្ញដូចមនុស្សធម្មតាដែរ។
៣) «ត្រូវឲ្យលុយធ្វើការឲ្យអ្នក»៖ គំនិតនេះក៏មាននៅក្នុងសៀវភៅ «The Richest Man in Babylon»ដែរ ហើយវាជំរុញឲ្យមនុស្សចេះប្រើប្រាស់លុយឲ្យមានប្រយោជន៍ ឬ ប្រើលុយដើម្បីបង្កើតលុយ។ មនុស្សភាគច្រើនប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីលុយ ប៉ុន្តែពួកគេមិនចេះប្រើលុយ ធ្វើការឲ្យពួកគេវិញទេ អ៊ីចឹងហើយបានជា សឹងមួយជីវិតទោះប្រឹងរកលុយខ្លាំងយ៉ាងណាក៏នៅតែក្រដដែល។ ការប្រើលុយឲ្យធ្វើការឲ្យយើងនេះ មានន័យថា ត្រូវយកវាទៅ វិនិយោគ ឬ រកស៊ី ជាជាងយកវាទៅបង្កើតបំណុល។
៤) «ពួកអ្នកមាន ជាមនុស្សសាមញ្ញបំផុត»៖ ខ្លឹមសារនេះ ដកស្រង់ចេញពីសៀវភៅ «The Millionaire Next Door» ដោយចង់បញ្ជាក់ថា មនុស្សធម្មតាតែងព្យាយាមធ្វើតុបតែងខ្លួនឲ្យដូចជាអ្នកមាន ដើម្បីឲ្យគេមើកមកថា ជាអ្នកមាន ប៉ុន្តែការព្យាយាមចំណាយច្រើនលើសម្ភារៈនេះមិនបានធ្វើឲ្យពួកគេក្លាយជា អ្នកមានពិតប្រាកដនោះទេ តែមានតែបង្កើតបំណុលកាន់តែច្រើន។ ដោយឡែកពួកអ្នកមានពិតប្រាកដ គឺ រស់នៅ តុបតែងខ្លួន ឬ ប្រើប្រាស់សម្ភារៈយ៉ាងសាមញ្ញបំផុត តែគំនិតរបស់ពួកគេគឺមិនសាមញ្ញនោះឡើយ។ ដូច្នេះហើយ បើចង់ក្លាយជាអ្នកមានមែន មិនគួរព្យាយាមចំណាយច្រើនអត់ប្រយោជន៍នោះឡើយ តែត្រូវព្យាយាមបណ្តុះគំនិតអ្នកមានក្នុងខ្លួនទើបជារឿងត្រឹមត្រូវ។
៥) «ដើម្បីក្លាយជាអ្នកមាន គឺទាមទាពេលវេលា ដូច្នេះការអត់ធ្មត់ជាគន្លឹះ»៖ ក្នុងសៀវភៅ «The Richest Man in Babylon» បានបញ្ជាក់ថា ក្លាយជាអ្នកមានមិនមែនកើតឡើងក្នុងរយៈពេលត្រឹមមួយថ្ងៃបានទេ ព្រោះវាទាមទារពេលវេលាសមស្របទៅតាមស្ថានភាពជាក់ស្តែង។ អ្វីដែលសំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងស្ថានភាពនេះគឺការអត់ធ្មត់ ដើម្បីប្រាកដថាអ្នកនឹងមិនបោះបង់ដោយងាយ រហូតដល់ថ្ងៃមូយចូលមកដល់។ មនុស្សជាច្រើន មានផែនការយ៉ាងល្អ និង កំពុងដើរលើផ្លូវត្រូវក្នុងការធ្វើអាជីវកម្ម គ្រាន់តែថា បច្ចុប្បន្នហាក់ដូចជាមិនទាន់ឲ្យផលសមតាមបំណង តែអនាគត់នឹងមានភាពអស្ចារ្យកើតឡើង។ ប៉ុន្តែមនុស្សភាគច្រើនសម្រេចចិត្តបោះបង់នៅកន្លែងផ្លូវ ឬ ពេលខិតជិតចូលដល់ភាពជោគជ័យដ៏អស្ចារ្យទៅហើយក៏សម្រេចបោះបង់ ព្រោះគ្មានការអត់ធ្មត់៕
ដោយ៖ រតនា វិចិត្រ