ហេតុអ្វី​គោលដៅ​​សំខាន់​បំផុត​​​​ក្នុង​ជីវិត​អ្នក​​​គឺ ​ត្រូវ​ធ្វើ​ខ្លួន​​​​​​​ឲ្យ​ក្លាយ​​ជា​មនុស្ស​​​​ឃ្លាន​ចំណេះដឹង​​អស់​មួយ​ជីវិត?​



អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ "នៅ​លើ​លោក​នេះ​មាន​តែ​រឿង​ ២យ៉ាង​ប៉ុណ្ណោះ​ដែល​ឥត​មាន​ដែន​កំណត់ គឺ​ចក្រវាល​និង​ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស ហើយ​ខ្ញុំ​មិន​ប្រាកដ​ចំពោះ​ដំបូង​គេ​នោះ​ទេ"។ ពេល​អ្នក​ដឹង​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​អ្នក​នឹង​ដឹង​ថា​មាន​ចំណេះ​កាន់តែ​ច្រើន​ទៅ​ទៀត​ដែល​អ្នក​មិន​ទាន់​ដឹង។ ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស​ឥត​មាន​ដែន​កំណត់​នោះ​ទេ។

ចំណេះដឹង​នៅ​ក្នុង​ចក្រវាល​នេះ​ច្រើន​គ្មាន​ទី​បញ្ចប់​ឡើយ ហេតុនេះ​ហើយ​គោលដៅ​ដ៏​ចម្បង​បំផុត​របស់​មនុស្សជាតិ​យើង​ម្នាក់ៗ​គឺ​ត្រូវ​ក្លាយ​ខ្លួន​ជា​អ្នក​សិក្សា​សង្កេត​អស់​មួយ​ជីវិត។  ប្រៀប​នឹង​ចក្រវាល​ដ៏​ធំធេង​នេះ យើង​ម្នាក់ៗ​គ្រាន់តែ​ជា​កង្កែប​ក្នុង​អណ្ដូង​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ថា​ផុត​ពី​ភព​ផែនដី​ដែល​ជា​កន្លែង​កំណើត​របស់​ពូជពង្ស​មនុស្សជាតិ​យើង​នេះ​ទៅ នឹង​មាន​វត្តមាន​អ្វីខ្លះ​ដែល​អាច​កើត​មាន​ហួស​ពី​ដែន​កំណត់​នៃ​សមត្ថភាព​ខួរក្បាល​របស់​យើង​អាច​ស្រមៃ​ដល់។ ការ​ឈ្លក់​វង្វេង​ជាមួយ​នឹង​ការ​គិត​ដែល​ជឿ​ថា​ខ្លួនឯង​ចេះ​ហើយ គឺជា​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​នោះ។

ដូច្នេះ​ហើយ​របស់​ដ៏​ថ្លៃថ្លា​និង​ខ្ពង់ខ្ពស់​បំផុត​របស់​បណ្ឌិត គឺជា​ការ​បន្ទាប​ខ្លួន​រៀន​សូត្រ ដែល​ជា​ការ​បើក​ចំហ​ការ​គិត​របស់​ខ្លួន​ជាមួយ​នឹង​ការ​វិវត្ត​ទៅ​មុខ​ជានិច្ច​នូវ​ចំណេះដឹង​ថ្មីៗ ដោយ​មិន​ឃុំឃាំង​ដែន​កំណត់​នៃ​ចំណេះដឹង​របស់​ខ្លួន​ជាមួយ​នឹង​ចំណេះ​ណា​មួយ​នោះ​ឡើយ។ អកុសល​តែងតែ​កើត​ឡើង​ចំពោះ​គ្រប់​មនុស្ស​ទាំងអស់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​ឃាត់ឃាំង​វា​មិន​ឲ្យ​កើតឡើង​បាន​គ្រប់​សព្វ​រឿងរ៉ាវ​ទាំងអស់​នោះ​ដែរ។

ប៉ុន្តែ​នៅ​ពេល​អកុសល​កើតឡើង រវាង​បុគ្គល​ដែល​បាន​សិក្សា​ស្រាវជ្រាវ​និង​អង្កេត​ច្រើន​ចំពោះ​រឿងរ៉ាវ​នៅ​ក្នុង​ជីវិត​និង​បុគ្គល​ដែល​អំនួត​អួតអាង​ថា​ខ្លួន​ចេះ​ហើយ ដែល​ភាព​ក្អេងក្អាង​នេះ​បាន​រារាំង​សក្ដានុពល​ពួកគេ​ឲ្យ​ឈាន​ទៅ​រក​ទី​ខ្ពស់​បាន ការ​គិត​របស់​ពួកគេ​ទាំងពីរ​នឹង​មើល​ឃើញ​ចំពោះ​បញ្ហា​នៅ​ក្នុង​រូបភាព​ដាច់​ស្រឡះ​ខុស​ពី​គ្នា​ដូច​មេឃ​និង​ដី។ ពិត​ណាស់​អ្នក​ទាំងពីរ​នេះ​សុទ្ធតែ​មិន​អាច​ផ្លាស់ប្ដូរ​ការ​ពិត​អំពី​អកុសល​ដែល​បាន​កើតឡើង​រួច​ហើយ ប៉ុន្តែ​បុគ្គល​ដែល​បាន​សិក្សា​ច្រើន ពួកគេ​មិន​ចេះ​ទាល់ច្រក​នោះ​ឡើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ។

ក្នុង​ការ​គិត​ពួកគេ​តែងតែ​មើល​ឃើញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​មក​ជានិច្ច ហើយ​ការ​គិត​បែប​នេះ​ក៏​បាន​បើក​ឱកាស​ជាច្រើន​សម្រាប់​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ច្រក​ចេញ​ពី​បញ្ហា​ទាំងឡាយ​បាន។ផ្ទុយទៅវិញ បុគ្គល​ដែល​មើល​រំលង​សារសំខាន់​នៃ​ការ​ដុសខាត់​និង​អភិវឌ្ឍ​ខ្លួនឯង ភាព​ងងឹត​នឹង​មក​បិទបាំង​ច្រក​ផ្លូវ​សម្រាប់​ដើរ​ចេញ​ពី​បញ្ហា ជាហេតុ​នាំឲ្យ​ពួកគេ​មើល​មិន​ឃើញ​អ្វី​ក្រៅ​តែ​ភាព​ងងឹត​សូន្យសុង​នោះ​ឡើយ។

ការ​ធ្វើ​ខ្លួន​ជា​អ្នក​សិក្សា​រហូត បាន​លត់ដំ​ចិត្ត​គំនិត​ពួកគេ​ឲ្យ​មើល​ឃើញ​ពី​ចន្លោះ​ខ្វះខាត​ដែល​ជា​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន​កាន់តែ​ខ្លាំង ហើយ​ពួកគេ​ក៏​កាន់តែ​មិន​ប្រកាន់​ខ្ជាប់​យក​ចំណេះ​ណាមួយ​ជាប់​ស្អិត​មិន​លែង​នោះ​ដែរ ព្រោះ​ចំណេះ​នៅ​ថ្ងៃ​នេះ​នឹង​ត្រូវ​បាន​អ្នក​មក​ក្រោយ​មក​ទៀត​គេ​រក​ឃើញ​ថា​មិន​ត្រឹមត្រូវ និង​រក​ភស្តុតាង​មក​បញ្ជាក់​ថា​វា​ខុស​នោះ​ទេ។ដូច្នេះ ពួកគេ​តែងតែ​វិភាគ​ហ្មត់ចត់ មុន​នឹង​ទទួល​យក​ចំណេះ​ណាមួយ​មក​ដាក់​ក្នុង​ខ្លួន ហើយ​បើ​ទោះ​ជា​ទទួល​យក​មក​ហើយ​ក៏​នៅ​តែ​បើក​ចំហ​ចំណេះ​ថ្មីៗ​ដែល​អាច​បង្ហាញ​ថា​ចំណេះ​ចាស់​នេះ​មិន​ត្រឹមត្រូវ​នោះ​ដែរ៕ ​

ដោយ​៖ ស្រីពៅ'

X
5s