តើមាន​មូលហេតុអ្វីខ្លះ ដែលនាំឲ្យអ្នកឈឺក្បាល?​



អាការ​ឈឺក្បាល​អាច​មាន​ដើម​ហេតុ​មក​ពី​កត្តា​ជាច្រើន ហើយ​វា​ក៏​ជា​ស្ថានភាព​នៃ​ជំងឺ​មួយ​ប្រភេទ​ដែល​ច្រើន​តែ​កើតឡើង​ទៅលើ​មនុស្ស​យើង​រាល់​គ្នា។ ដើម​ហេតុ​ខ្លះ​អាច​មាន​សភាព​ស្រាល ឯ​ដើម​ហេតុ​ខ្លះ​វិញ​ក៏​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ជា​បន្ទាន់​ពី​អ្នក​ដែរ។ យ៉ាងណាមិញ អត្ថបទ​នេះ​នឹង​រៀបរាប់​អំពី​ដើម​ហេតុ​ស្រាលៗ​នៃ​ការ​ឈឺក្បាល ដែល​អាច​ដាស់តឿន​អ្នក​ដើម្បី​រក​វិធី​ព្យាបាល​ភ្លាមៗ​បាន​ដោយ​ខ្លួនឯង​បាន។

១) អ្នក​ប្រហែល​ជា​ត្រូវការ​កាហ្វេ៖ បើ​អ្នក​តែង​មាន​ទម្លាប់​ទទួលទាន​កាហ្វេ​រៀងរាល់​ព្រឹក ហើយ​ក៏​ស្រាប់តែ​អាក់​ខាន​មិន​បាន​ទទួលទាន​នៅ​ពេល​ចុង​សប្ដាហ៍ នោះ​អ្នក​ក៏​អាច​ជួប​ប្រទះ​នឹង​អាការ​ឈឺក្បាល​បាន​ដែរ។ នេះ​ក៏​ដោយសារតែ សរសៃ​ឈាម​នៃ​ខួរក្បាល​របស់​អ្នក​ប្រែ​ជា​រួម​តូច​ដែល​ធ្វើឲ្យ​ឈាម​ហូរ​ទៅ​កាន់​ខួរក្បាល​មាន​សភាព​យឺត ក្រោយ​ពេល​មាន​សារធាតុ​កាហ្វេអ៊ីន​ឆ្លងកាត់ ហើយ​ក្រោយ​ពេល​អ្នក​បញ្ឈប់​ការ​ទទួលទាន វា​ក៏​ប្រែ​ជា​រីក​ធំ​វិញ​ដែល​បើក​ចំហ​ឲ្យ​ឈាម​ហូរ​ទៅ​កាន់​ខួរក្បាល​លឿន​ជាង​មុន ជា​មូលហេតុ​នាំឲ្យ​អ្នក​ជួប​ប្រទះ​នឹង​អាការ​ឈឺក្បាល​នេះ។ ទោះ​ជា​យ៉ាងណា​ស្ថានភាព​នេះ​គ្រាន់តែ​កើតឡើង​បណ្ដោះ​អាសន្ន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

២) អ្នក​ចូល​គេង​យប់​ជ្រៅ​ជា​រៀងរាល់​យប់៖ ការ​ទទួលទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​អ្នក និង​ថាមពល​ដែល​អ្នក​ត្រូវការ​ដើម្បី​បំពេញ​កិច្ចការ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ហេតុនេះ​អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​តាម​រាងកាយ​របស់​អ្នក​កំណត់​ឲ្យ​បាន​ជាប់លាប់។ បើ​អ្នក​ឧស្សាហ៍​គេង​មិន​លក់ ឬ​ចូល​គេង​យប់​ជ្រៅ​ហើយ​គេង​បាន​តិច នោះ​វា​មិន​គួរឲ្យ​សង្ស័យ​អ្វី​ឡើយ​ដែល​អ្នក​ឈឺក្បាល​នៅ​ពេល​ក្រោក​ឡើង​នោះ។

៣) អ្នក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក៖ ការ​មិន​ទទួលទាន​អាហារ​ឲ្យ​បាន​ទៀងទាត់ និង​បម្រែបម្រួល​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ទៀងទាត់ អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក និង​ក្លាយ​ជា​ដើម​ហេតុ​នៃ​អាការ​ឈឺក្បាល​របស់​អ្នក​បាន។ វា​ប្រសើរ​ណាស់​បើ​សិន​ជា​អ្នក​អាច​ទទួលទាន​បន្តិចៗ​តែ​ច្រើន​ដង​ក្នុង​១ថ្ងៃ និង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ឲ្យ​បាន​ល្អ នោះ​អ្នក​នឹង​អាច​ចេញ​ផុត​ពី​អាការ​ឈឺក្បាល​នេះ​ហើយ។

៤) មាន​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង៖ ការ​ប្រែប្រួល​ដ៏​ខ្លាំងក្លា​នៃ​សម្ពាធ​បរិយាកាស ដែល​អាច​កើតឡើង​នៅ​ទី​កន្លែង​ដែល​អ្នក​រស់នៅ ឬ​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ ក៏​អាច​ក្លាយ​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​អ្នក​ឈឺក្បាល​បាន​ដែរ។ បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ដំណើរ ហើយ​ឧស្សាហ៍​ជួប​ប្រទះ​នឹង​អាការ​បែប​នេះ​ប្រហែល​៦​ដង​ឬ​ច្រើន​ជាង​នេះ​ក្នុង​១​ខែ នោះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​សម្រាប់​បន្ធូរ​ស្រាល​នូវ​អាការ​នេះ៕

ដោយ៖ ស្រីពៅ បានអានឬនៅ ? តើមានវិធីសាស្ត្រអ្វីខ្លះ ដែលអាចឲ្យអ្នកព្យាបាលឈឺក្បាលតាមបែបធម្មជាតិបាន?

X
5s