គន្លឹះ ៤យ៉ាង ដើម្បីក្រោកពីគេង ចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពស្រស់ស្រាយ
ការក្រោកពីគេងជាមួយនឹងភាពស្រស់ស្រាយ និងពោរពេញដោយថាមពល នឹងជួយអ្នកឲ្យដោះស្រាយបញ្ហាទាំងឡាយនៅក្នុងកិច្ចការរបស់អ្នកប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយអ្នកឲ្យមានស្មារតីនឹងធឹងជាងកាលដែលក្រោកពីគេងមកទាំងមិនស្រឡះមុខមាត់សោះនោះ។ តើធ្វើបែបណាដើម្បីឲ្យការក្រោកពីគេងរបស់អ្នកប្រកបដោយភាពស្រស់ស្រាយបាន ? ខាងក្រោមនេះគឺជាគន្លឹះ៤យ៉ាង ដែលអាចជួយអ្នកឲ្យសម្រេចបែបនេះបាន៖
១) ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់៖ ការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ពិតជាមានសារសំខាន់ណាស់ ដូចដែលមានការស្រាវជ្រាវជាច្រើនសុទ្ធតែបានអះអាងគាំទ្រពីភាពចាំបាច់របស់វានៅក្នុងដំណើរការរបស់ខួរក្បាល និងសុខភាពរាងកាយរបស់អ្នកទាំងមូល ជួយឲ្យអ្នកផ្ចង់ស្មារតីបានល្អ និងធ្វើឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងអារម្មណ៍ស្រស់ស្រាយ។ ជាទូទៅ រយៈពេលសមរម្យសម្រាប់ទទួលទានដំណេកនៅចន្លោះពី៦ទៅ១០ម៉ោង ដោយអាស្រ័យទៅលើភាពចាំបាច់ដែលបុគ្គលម្នាក់ៗត្រូវការដើម្បីឲ្យរាងកាយបានសម្រាក។
២) បណ្ដុះទម្លាប់ល្អមុនពេលចូលគេង៖ មុនពេលអ្នកបិទភ្នែកគេង តើអ្នកតែងតែធ្វើសកម្មភាពអ្វី ? ជាជាងមុនចូលគេងដោយប្រើប្រាស់ទូរស័ព្ទ អ្នកគួរតែបណ្ដុះទម្លាប់ល្អៗដូចជា ការធ្វើសមាធិ ការអានសៀវភៅ ការស្ដាប់វិទ្យុ ឬអាចជាការកត់ត្រាកំណត់ត្រាផ្ទាល់ខ្លួនប្រចាំថ្ងៃជាដើម។ ធ្វើបែបនេះ អ្នកនឹងអាចចូលគេងដោយអារម្មណ៍ស្ងប់ និងធ្វើឲ្យការគេងរបស់អ្នកប្រព្រឹត្តទៅបានលក់ស្កប់ស្កល់ ដើម្បីទទួលបានថាមពលសម្រាប់ចាប់ផ្ដើមព្រឹកថ្ងៃថ្មី។
៣) រំលឹកឡើងវិញនូវគោលដៅដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់៖ មនុស្សមួយចំនួនអាចមានបញ្ហាក្នុងការក្រោកពីគេង។ ប៉ុន្តែ បើសិនជាអ្នកបានរំលឹកឡើងវិញនូវគោលដៅដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់ និងថាតើគោលដៅនោះភ្ជាប់ទំនាក់ទំនងជាមួយនឹងចក្ខុវិស័យធំរបស់អ្នកក្នុងពេលអនាគតដូចម្ដេចខ្លះ នោះអ្នកប្រាកដជាមានកម្លាំងចិត្តក្នុងការក្រោកពីគេងនៅព្រឹកព្រលឹមពោរពេញដោយថាមពល ដើម្បីសម្រេចគោលដៅរបស់អ្នក។
៤) បំភ្លេចចោលរឿងមិនល្អទាំងឡាយ៖ មុនចូលគេង អ្នកគួរតែបោះចោលនូវរឿងមិនល្អទាំងឡាយដែលនៅរំខានចិត្តអ្នក មិនថារឿងនោះមកពីកន្លែងធ្វើការ នៅក្នុងសមាជិកគ្រួសារ ឬមកពីខាងក្រៅនោះទេ។ អ្នកបានលើកលែងទោសឲ្យខ្លួនឯង និងចេះស្រឡាញ់ខ្លួនឯងហើយ បើសិនជាអ្នកអាចបំភ្លេចចោលរឿងរំខានចិត្តទាំងឡាយចោលបាន៕
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ការធ្វើការយប់ជ្រៅ ប៉ះពាល់ទៅលើសុខភាពរបស់អ្នកធ្ងន់ធ្ងរ