រោគសញ្ញាមិនប្រក្រតីចំនួន៤ដែលអាចប្រាប់អ្នកពីស្ថានភាពនៃសុខភាពរបស់អ្នក
រោគសញ្ញាមិនប្រក្រតីដែលកើតឡើងនៅលើរាងកាយយើង អាចប្រាប់ពីព័ត៌មានជាច្រើនអំពីសុខភាពរបស់យើង។ ហេតុនេះ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវយកចិត្តទុកដាក់ទៅលើការកត់សម្គាល់នូវរោគសញ្ញាខុសប្រក្រតីទាំងឡាយដែលមាននៅលើរាងកាយអ្នក។ យោងតាមប្រភពរបស់គេហទំព័រ www.powerpositivity.com ខាងក្រោមនេះដែរ គឺជារោគសញ្ញាមិនប្រក្រតីចំនួន៤ដែលអាចប្រាប់អ្នកពីស្ថានភាពនៃសុខភាពរបស់អ្នក៖
១) អណ្ដាតមានពណ៌ស្លេក៖ តាមធម្មតាអណ្ដាតរបស់យើងមានពណ៌ផ្កាឈូក មានសំណើម និងអាចមើលឃើញពន្លករសជាតិនៅលើអណ្ដាតបាន។ បើយោងតាមអ្នកព្យាបាលតាមបែបចាក់ម្ជុលវិទ្យាសាស្ត្រមួយរូប Katie Clifton អ្នកអាចនឹងខ្វះជាតិដែក បើសិនជាអ្នកសង្កេតឃើញថាអណ្ដាតរបស់អ្នកប្រែជាស្ងួតហើយស្លេក។ ដូច្នេះអ្នកអាចធ្វើការពិនិត្យឈាមដើម្បីពិនិត្យមើលថាតើអ្នកមានខ្វះជាតិដែកមែនឬយ៉ាងណា។
២) ញើសមានក្លិនចម្លែកខុសប្រក្រតី៖ ក្លិនញើសរបស់អ្នកអាចប្រាប់ពីព័ត៌មានជាច្រើនអំពីសុខភាពទូទៅរបស់អ្នក។ ជាឧទាហរណ៍ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចមានភាពមិនប្រក្រតី បើសិនជាក្លិនញើសរបស់អ្នកស្រដៀងនឹងក្លិនរបស់ទឹកថ្នាំលាងក្រចក។ ឬក៏អាចធុំក្លិនផ្អែម បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ពីព្រោះតែស្ករបានប្រមូលផ្ដុំនៅលើស្បែករបស់អ្នកជំងឺនេះ។ ឬក៏អាចជាបញ្ហារបស់ថ្លើមឬតម្រងនោម បើសិនជាញើសរបស់អ្នកមានក្លិនដូចឧស្ម័នអាម៉ូញាក់។
៣) ប្រេះឬស្ងួតបបូរមាត់៖ ការប្រេះឬស្ងួតបបូរមាត់ អាចបណ្ដាលមកពីការប្រតិកម្មអាឡាកហ្ស៊ី ឬអាចមកពីកង្វះជាតិទឹក។ បើមកពីការប្រតិកម្មអាឡាកហ្ស៊ី វាអាចមានមូលហេតុមកពីគ្រឿងសម្អាងសម្រាប់លាបបបូរមាត់ ឱសថថ្នាំពេទ្យ ផលិតផលសម្រាប់ធ្វើអនាម័យសម្អាតមាត់ធ្មេញ ឬអាហារដែលអ្នកបរិភោគជាដើម។
៤) ហើមប្រអប់ជើង៖ រោគសញ្ញាហើមប្រអប់ជើងគឺជារឿងទូទៅមួយដែលបានកើតឡើងទៅលើមនុស្សជាច្រើន បន្ទាប់ពីពួកគាត់ឈរអស់ច្រើនម៉ោងឬនៅពេលស្ត្រីកំពុងពពោះ។ ប៉ុន្តែបើសិនជារោគសញ្ញានេះហាក់ដូចជាខុសប្រក្រតី នោះអ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាវាក៏អាចកើតឡើងបានដោយសារតែបេះដូងរបស់អ្នកមិនលោតប្រក្រតីដែរ ដែលនាំទៅរកលទ្ធផលនៃការស្តុកទុកជាតិទឹកលើសកម្រិតនៅទីនោះ៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ហេតុអ្វីបានជាអ្នកគួរឈប់សម្លឹងមើលអេក្រង់ទូរស័ព្ទមុនពេលចូលគេង?