តើជីវជាតិបំប៉នពីអាហារអ្វីខ្លះ ដែលចាំបាច់សម្រាប់សុខភាពស្ត្រី?
ស្ត្រីត្រូវការជីវជាតិបំប៉នច្រើនសម្រាប់ទ្រទ្រង់សុខភាពរបស់ពួកគាត់ឲ្យមានភាពរឹងមាំ ជាពិសេសគឺអំឡុងពេលពពោះកូន ពេលមករដូវ និងបំបៅដោះកូនជាដើម។ ជីវជាតិបំប៉នទាំងនោះអាចទទួលបានតាមរយៈអាហារល្អៗដែលមិនថាជាផ្លែឈើ បន្លែ សាច់សត្វ ឬភេសជ្ជៈនោះទេ។ បើយោងទៅតាមប្រភពពីគេហទំព័រ www.webmd.com ខាងក្រោមនេះគឺជាជីវជាតិបំប៉នពីអាហារចំនួន៥ប្រភេទដែលស្ត្រីត្រូវការ៖
១) សណ្ដែក៖ សណ្ដែកគឺជាប្រភពនៃប្រូតេអ៊ីន និងថែមទាំងសម្បូរជាតិសរសៃផងដែរ។ លក្ខណៈពិសេសនេះរបស់សណ្ដែកអាចជួយកាត់បន្ថយសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម និងចង្វាក់បេះដូង។ មិនតែប៉ុណ្ណោះការទទួលទានទឹកសណ្ដែកក៏អាចជួយសម្រាលអាការឈឺចុកចាប់របស់ស្ត្រីនៅពេលរាំងរដូវ និងសុខភាពទារកក្នុងផ្ទៃ។
២) ក្រូចថ្លុង៖ ក្រូចថ្លុងត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយហានិភ័យពីប្រភេទមួយចំនួនដែលស្ថិតនៅក្នុងផ្នែកនៃជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល និងអាចជួយដល់សុខភាពបេះដូងរបស់អ្នក។ ផ្លែក្រូចក៏មានគុណសម្បត្តិបែបនេះដែរ ប៉ុន្តែក្រូចថ្លុងមានជាតិស្ករទាបជាង ដូចនេះវាក៏ជាជម្រើសប្រសើរមួយសម្រាប់សុខភាពដែរ។
៣) ផ្លែល្ហុង៖ ផ្លែល្ហុងមានសារធាតុLycopene ដែលសារធាតុនេះអាចមានប្រយោជន៍ក្នុងការកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកសុដន់។ ម្យ៉ាងទៀតវាក៏ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែរ ដែលមានតួនាទីជួយរក្សាកម្រិតកូឡេស្តេរ៉ុល និងរក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អមួយសម្រាប់សុខភាព។
៤) អាវ៉ូកាដូ៖ ផ្លែឈើដែលមានរសជាតិដ៏ផ្អែមមួយនេះ សម្បូរទៅដោយអាស៊ីដខ្លាញ់ល្អ ដែលអាចការពារភ្នែកនិងស្បែករបស់អ្នកឲ្យមានសុខភាពល្អបាន។ ម្យ៉ាងទៀត វាក៏អាចទៅកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អដែលមាននៅក្នុងរាងកាយអ្នក និងជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អមកវិញបានដែរ។
៥) ដំឡូងជ្វា៖ នៅក្នុងដំឡូងជ្វាពោរពេញដោយជីវជាតិបំប៉នជាច្រើនប្រភេទដូចជា ទង់ដែង ជាតិសរសៃ វីតាមីនB៦ ប៉ូតាស្យូម ជាតិដែក និងវីតាមីនA ទាំងអស់នៅចូលផ្សំគ្នា។ អំឡុងពេលអ្នកពពោះកូនក្នុងផ្ទៃ និងបំបៅដោះកូន ជីវជាតិបំប៉នដែលមាននៅក្នុងដំឡូងជ្វាទាំងនេះហើយដែលជួយថែទាំសួតរបស់ទារកឲ្យមានសុខភាពល្អនិងរឹងមាំ៕
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ តើគួរធ្វើបែបណាទើបទប់ស្កាត់ជំងឺចាស់ភ្លេចភ្លាំង នៅពេលវាមិនទាន់យ៉ាប់យ៉ឺនបាន?