មេរៀន ៣យ៉ាងដែលយើងអាចរៀនសូត្របានពីការបរាជ័យរបស់អាជីវកម្ម
ការធ្វើអាជីវកម្មមានការប្រកួតប្រជែងណាស់ តែការបរាជ័យរបស់អាជីវកម្មក៏មានចំនួនច្រើនដែរ។ មានអាជីវកម្មជោគជ័យជាច្រើនដែលមានប្រវត្តិធ្លាប់ជួបការបរាជ័យច្រើនដងពីមុនមក។ ការបរាជ័យសុទ្ធតែជាមេរៀនដ៏មានតម្លៃសម្រាប់នាំយើងទៅរកភាពជោគជ័យក្នុងពេលខាងមុខ ដែលវាជាមូលហេតុមួយដែលម្ចាស់អាជីវកម្មមិនគួរបោះបង់ចោលគោលដៅនោះឡើយ។ ខាងក្រោមនេះគឺជាមេរៀន៣យ៉ាងដែលយើងអាចរៀនសូត្របានពីការបរាជ័យរបស់អាជីវកម្ម៖
១) ស្វែងរកដៃគូវិនិយោគដ៏ត្រឹមត្រូវ៖ ដៃគូវិនិយោគដ៏ត្រឹមត្រូវមិនត្រឹមតែជាអ្នកដែលមានដើមទុនច្រើនប៉ុណ្ណោះទេ តែពួកគេគឺជាអ្នកដែលមានទស្សនវិស័យមើលឃើញដូចអ្នក និងមានគោលដៅរួមមួយដែលអាចដើរជាមួយគ្នាបាន។ ពួកគេអាចមានគំនិតល្អៗជាច្រើនសម្រាប់ជាគន្លឹះដល់អ្នកក្នុងការដំណើរការអាជីវកម្មថ្មីថ្មោងរបស់អ្នកឲ្យទទួលបានភាពរីកចម្រើន។
២) កុំធ្វេសប្រហែសក្នុងការធ្វើទីផ្សារ៖ បើទោះជាអ្នកមានផលិតផលល្អក៏ដោយ វាក៏មានការលំបាកច្រើនក្នុងការអូសទាញអតិថិជនគោលដៅរបស់អ្នកនៅពេលការផ្សព្វផ្សាយផលិតផលរបស់អ្នកមិនសូវមានភាពទូលំទូលាយ។ បណ្ដាញសង្គមគឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ឲ្យអ្នកអូសទាញអតិថិជនគោលដៅរបស់អ្នក ហើយបើសិនជាវាចាំបាច់ក្នុងការជួលអ្នកជំនាញផ្នែកទីផ្សារដែលមានបទពិសោធន៍មកទៀត នោះអ្នកក៏គួរតែធ្វើបែបនោះទៅ ព្រោះពួកគេនឹងមានវិធីដើម្បីជួយអ្នកឲ្យសម្រេចកិច្ចការនេះឲ្យមានប្រសិទ្ធភាពបាន។
៣) ធ្វើការពិសោធន៍សាកល្បងលើផលិតផលរបស់អ្នក៖ មុននឹងអ្នកសម្រេចចិត្តពង្រីកគោលដៅទៅលើការដាក់លក់ផលិតផលរបស់អ្នកជាខ្នាតធំ អ្នកចាំបាច់ត្រូវធ្វើការពិសោធន៍សាកល្បងទៅលើផលិតផលរបស់អ្នកនៅក្នុងខ្នាតតូចជាមុនសិន។ វាជាដំណាក់កាលមួយសំខាន់ណាស់ ព្រោះថានៅពេលនោះអ្នកនឹងទទួលបានមតិយោបល់តបមកវិញពីអតិថិជនរបស់អ្នក ដែលមិនថាជាមតិរិះគន់ឬស្ថាបនានោះទេ វាសុទ្ធតែអាចជួយអ្នកទៅរកការរីកចម្រើនបានទាំងអស់៕
ដោយ៖ ស្រីពៅ
សូមអាន៖ តើការយល់ឃើញបែបណាខ្លះដែលស្ត្រីគួរបញ្ឈប់ ដើម្បីទម្លុះរនាំងឧបសគ្គសម្រាប់ភាពជោគជ័យក្នុងការងារនិងគ្រួសារ?