ហេតុអ្វីបានជាអ្នកគួរឈប់សម្លឹងមើលអេក្រង់ទូរស័ព្ទមុនពេលចូលគេង?​



មនុស្ស​ជាច្រើន​មាន​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​មុន​ពេល​ពួកគេ​ចូល​គេង។ ពួកគេ​អាច​គិត​ថា​វា​គឺជា​ទម្លាប់​ធម្មតា​មួយ​ដែល​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​អ្វី​ដល់​ពួកគេ​នោះ​ទេ។ យ៉ាងណាមិញ មាន​ការ​សិក្សា​ជាច្រើន​សុទ្ធតែ​គាំទ្រ​ទៅ​នឹង​ការ​រក​ឃើញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​មុន​ពេល​ចូល​គេង​មាន​ផល​ប៉ះពាល់​ចំពោះ​ដំណេក​របស់​អ្នក។ តើ​មាន​ហេតុផល​អ្វីខ្លះ​បាន​ជា​វា​មាន​ផល​អវិជ្ជមាន​ចំពោះ​ការ​គេង​របស់​អ្នក ?

១) ដំណេក​របស់​អ្នក​នឹង​មាន​គុណភាព​ទាប៖ ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញ​ពី​អេក្រង់​ទូរស័ព្ទ​របស់​អ្នក មាន​ឥទ្ធិពល​ធ្វើឲ្យ​ការ​ផលិត​របស់​អ័រម៉ូន​មេឡាតូនីន ដែល​ជា​អ័រម៉ូន​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​ចូល​គេង និង​ជួយ​រក្សា​វដ្ដ​នៃ​ការ​គេង​របស់​អ្នក​ឲ្យ​មាន​ភាព​ទៀងទាត់ ត្រូវ​ចុះ​ថយ​ជាង​មុន។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​ការ​សម្លឹង​អេក្រង់​ទូរស័ព្ទ​ច្រើន​ម៉ោង​មុន​ពេល​ចូល​គេង អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក និង​ធ្វើឲ្យ​ប្រសិទ្ធភាព​ការងារ​ចុះ​ខ្សោយ​បាន។

២) ប៉ះពាល់​ដល់​សុខភាព​ទាំង​ក្នុង​រយៈពេល​ខ្លី​និង​វែង៖ មនុស្ស​ត្រូវការ​ការ​គេង​សម្រាក ជាពិសេស​គឺជា​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ។ នៅ​ពេល​អ្នក​មិន​ទទួល​បាន​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ញឹកញាប់ វា​ធ្វើឲ្យ​ការ​ចងចាំ និង​រយៈពេល​នៃ​ការ​ផ្ចង់​ស្មារតី​ត្រូវ​បាន​ថយ​ចុះ រួម​ទាំង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ផង​ដែរ ដែល​ធ្វើឲ្យ​វា​ងាយ​នឹង​ឆ្លង​មេរោគ​ជំងឺ​ផ្សេងៗ​បាន និង​នាំ​ទៅ​រក​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺ​ធាត់ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

៣) ប៉ះពាល់​ដល់​ភ្នែក៖ ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញ​ពី​អេក្រង់​ទូរស័ព្ទ​នេះ​ក៏​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ដែរ។ យោង​តាម American Macular Degeneration Association ពន្លឺ​ពណ៌​ខៀវ​នេះ​អាច​ធ្វើឲ្យ​រ៉េទីន​ដែល​ជា​ស្រទាប់​ខាងក្នុង​បង្អស់​របស់​ភ្នែក​មាន​ការ​ខូចខាត​និង​នាំ​ទៅ​រក​ការ​ចុះ​ខ្សោយ​នៃ​ចក្ខុប្រសាទ ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​សមត្ថភាព​ក្នុង​ការ​មើល៕

ដោយ៖ ស្រីពៅ សូមអាន៖ យោង​តាម​អាយុ​របស់​អ្នក តើ​រយៈពេល​ប៉ុន្មាន​ម៉ោង​ដែល​អ្នក​ត្រូវ​គេង​ក្នុង​មួយ​ថ្ងៃៗ ?

 

X
5s