តើ​មូលហេតុ​អ្វី​ខ្លះ ​ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក ​មិន​ឲ្យ​លង់លក់​ស្កប់ស្កល់​បាន?​



ការ​គេង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​រស់នៅ​របស់​យើង​ប្រចាំ​ថ្ងៃ។ នៅ​ពេល​អ្នក​ទទួលទាន​ដំណេក​បាន​គ្រប់គ្រាន់​និង​ស្កប់ស្កល់ នោះ​អ្នក​នឹង​ភ្ញាក់​មក​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ ស្វាហាប់​មាន​ថាមពល និង​អារម្មណ៍​វិជ្ជមាន។ ហេតុនេះ តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក​មិន​ឲ្យ​លង់លក់​ស្កប់ស្កល់​បាន ?

១) ទទួលទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក៖ ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ឆ្អែត​ពេក​មុន​ពេល​ចូល​ដំណេក វា​អាច​ធ្វើឲ្យ​អ្នក​ជួប​ប្រទះ​នឹង​អាការ​ច្រាល់​អាស៊ីដ​ក្នុង​ក្រពះ​អំឡុង​ពេល​អ្នក​កំពុង​សម្ងំ​គេង។ ម្យ៉ាងទៀត វា​ក៏​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ភ្ញាក់​ឡើង​កណ្ដាល​អធ្រាត្រ​ជា​រៀងរាល់​យប់​ដែរ។

២) ប្រឹង​សម្ងំ​គេង​នៅ​លើ​គ្រែ៖ នៅ​ពេល​អ្នក​ប្រឹង​សម្ងំ​គេង​នៅ​លើ​គ្រែ ហើយ​ប្រែ​ខ្លួន​ម្ដង​ទៅ​ខាង​នេះ​ម្ដង​ខាង​នោះ តាម​របៀប​នេះ​វា​អាច​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​អន្ទះអន្ទែង និង​កាន់តែ​ពិបាក​នៅ​ក្នុង​ការ​គេង​លង់លក់​បាន​ស្កប់ស្កល់។ ដូចនេះ អ្នក​គួរតែ​ក្រោក​ចេញ​ពី​គ្រែ ហើយ​រក​សៀវភៅ​មក​អាន ឬ​ស្ដាប់​វិទ្យុ ដែល​អាច​ឲ្យ​អ្នក​ឆាប់​ងងុយគេង​បាន។

៣) ប្រើប្រាស់​បន្ទប់គេង​ក្នុង​គោលដៅ​ច្រើន​យ៉ាង៖ បន្ទប់​គេង​របស់​អ្នក​គួរតែ​មាន​ផាសុកភាព និង​មាន​ចន្លោះ​ទូលាយ​ល្មម​សម្រាប់​អំណោយផល​ដល់​ការ​គេង​ឲ្យ​មាន​គុណភាព។ អ្នក​មិន​គួរ​ប្រើប្រាស់​ទូរទស្សន៍ សម្ភារ​បច្ចេកវិទ្យា​ដទៃ​ទៀត និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ឲ្យ​ចង្អៀត​ពេញ​បន្ទប់​គេង​នោះ​ទេ ធ្វើ​បែប​នេះ​ទើប​អ្នក​អាច​ទទួល​បាន​ការ​គេង​ដែល​ស្កប់ស្កល់​បាន។

៤) ទទួលទាន​ជាតិ​អាល់កុល​ឬ​កាហ្វេអ៊ីន​មុន​ពេល​ចូល​ដំណេក៖ ពិត​មែន​ថា​ជាតិ​អាល់កុល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ងងុយ ប៉ុន្តែ​នៅ​ពេល​អ្នក​ទទួលទាន​វា​មុន​ពេល​ចូល​គេង វា​នឹង​រំខាន​ដល់​ដំណាក់កាល​នៃ​ការ​គេង​របស់​អ្នក និង​អាច​ធ្វើឲ្យ​អ្នក​គេង​ស្រមុក​កាន់តែ​ខ្លាំង។ ដូច​គ្នា​ដែរ ជាតិ​កាហ្វេអ៊ីន​គួរតែ​ចៀសវាង​ក្នុង​ការ​ទទួលទាន​ចន្លោះ​ពី​៤​ទៅ​៦​ម៉ោង​មុន​ពេល​ចូល​គេង ពុំ​នោះ​ទេ​អ្នក​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​គេង​លក់​ឲ្យ​ស្កប់ស្កល់​បាន៕

ដោយ៖ ស្រីពៅ សូមអាន៖ តើធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាគេងមិនលក់?

X
5s