អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកគួរដឹងអំពីជីអង្កាម
ជីអង្កាមគឺជារុក្ខជាតិមួយប្រភេទ ដែលតែងត្រូវបានគេស្គាល់តាមរយៈឥទ្ធិពលរបស់វាក្នុងការផ្ដល់ភាពត្រជាក់ដល់ស្បែកនិងក្នុងរាងកាយ។ ប៉ុន្តែរុក្ខជាតិមួយនេះនៅមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបទៀតចំពោះសុខភាពរបស់យើង។ តើអត្ថប្រយោជន៍ទាំងនោះពីជីអង្កាមមានយ៉ាងដូចម្ដេចខ្លះ ?
១) ជួយសម្រាលការឈឺចុកចាប់របស់ស្ត្រីក្នុងការបំបៅដោះកូន៖ អ្នកម្ដាយជាច្រើនទទួលបទពិសោធន៍ឈឺចុកចាប់ត្រង់សុដន់ក្នុងពេលបំបៅដោះកូន ដែលអាចធ្វើឲ្យការបំបៅដោះកូនមានការលំបាកបាន។ ប៉ុន្តែ ការសិក្សាបានរកឃើញថា ការប្រើប្រាស់ទឹកជីអង្កាមលាបទៅលើស្បែក អាចជួយសម្រាលការឈឺចុកចាប់ដែលបណ្ដាលមកពីការបំបៅដោះកូនបាន។
២) ជួយសម្រួលដល់ដំណើរការរំលាយអាហារ៖ ការស្រាវជ្រាវបានរកឃើញថា ប្រេងជីអង្កាមដែលមានទម្រង់ជាគ្រាប់ថ្នាំជំនួយ អាចប្រើប្រាស់ជាឱសថព្យាបាលដ៏មានប្រយោជន៍ក្នុងការសម្រួលដល់ដំណើរការរំលាយអាហាររបស់អ្នកបាន។ នេះក៏ដោយសារតែប្រេងជីអង្កាមផ្សំឡើងដោយសមាសធាតុមួយប្រភេទហៅថា ម៉ុងតុល (menthol) ដែលអាចជួយសម្រួលដល់សាច់ដុំរបស់ប្រព័ន្ធរំលាយអាហារឲ្យធូរស្រាលជាងមុន ហេតុនេះវានឹងធ្វើឲ្យបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហាររបស់អ្នកដូចជា ការមិនរំលាយអាហារ ឈឺពោះ ចុកណែនឬឆ្អល់ពោះ និងបញ្ហាបន្ទោរបង់របស់អ្នក រួមទាំងអាការក្រហល់ក្រហាយក្រពះឲ្យល្អប្រសើរវិញបាន។
៣) ជួយសម្រួលដល់អាការគ្រុនផ្ដាសាយ៖ សមាសធាតុម៉ុងតុលដែលមានវត្តមាននៅក្នុងប្រេងជីអង្កាម អាចជួយសម្រួលដល់អាការគ្រុនផ្ដាសាយរបស់អ្នក ដោយធ្វើឲ្យការដកដង្ហើមរបស់អ្នកបានធូរស្រួលជាងមុនយ៉ាងមានប្រសិទ្ធភាព។ អត្ថប្រយោជន៍មួយទៀតនោះគឺ ក្លិនរបស់ស្លឹកជីអង្កាមក៏អាចបង្កើនសតិប្រុងប្រយ័ត្នក្នុងពេលបើកបរ និងកាត់បន្ថយការងងុយគេងបាន៕
ដោយ៖ ស្រីពៅ សូមអាន៖ អាហារ ៣ប្រភេទដែលអាចកាត់បន្ថយអ្នកពីហានិភ័យជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យបាន