​អនុវត្តន៍​ចំណុច​ទាំង​ ៥​យ៉ាង​នេះ​ ​នឹង​ជួយ​ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​កាន់​តែ​អស្ចារ្យ​



បច្ចុប្បន្ន​នេះ​ ការ​ថត​រូប​ពិត​ជា​មាន​ភាព​ពេញ​និយម​ណាស់​ សម្រាប់​មនុស្ស​ទូទៅ​ ព្រោះ​រូប​ភាព​គឺ​ជា​កម្រង​អនុស្សាវរីយ៍​ និង​ការ​ចងចាំ​ពី​ទិដ្ឋភាព​ដ៏​ល្អ​នានា​ដែល​យើង​បាន​ឆ្លង​កាត់​ព្រម​ទាំង​អាចឲ្យ​​យើង​​រក្សា​ទុក​បាន​យូរអង្វែង​ទៀត​ផង​ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​មួយ​ចំនួន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​រូប​ភាព​របស់​អ្នក​កាន់​តែ​ស្រស់​ស្អាតពី​លោក​ នៅ វណ្ណរិន អ្នក​ជំនាញ​រូបថត​បែប​សារព័ត៍មាន​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្ដី​អំពី​ វិធីសាស្រ្ត​នៃ​ការ​ថតរូប​បែប​សាព័ត៍មាន​ រូបភាព​បែប​ទេសភាព និង​រូបភាព​មុន​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ដែល​រៀប​ចំ​ដោយ​មហាវិទ្យាល័យ​ព័ត៍មាន​និង​គមនាគមន៍​នៃ​សកលវិទ្យាល័យ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​

លោក នៅ វណ្ណរិន (ស្ដាំ) អ្នក​ជំនាញ​រូបថត​បែប​សារព័ត៍មាន អ្នក​សារព័ត៌មាន​ VOA  និង​ជា​គ្រូ​បង្រៀន​នៅ​មហាវិទ្យាល័យ​​ព័ត៌មាន​និង​​គមនាគមន៍​ នៃ​សាកលវិទ្យាល័យ​កម្ពុជា។

ចំណុច​ទី​១ ផ្លង់ថត​(composition)៖ មុន​នឹង​ចាប់​ផ្ដើម​ថត​លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ផ្លង់​ទាំង​នោះ​ជាមុន​សិន​ ថាតើ​រូប​ភាពនៅ​​ខាង​ក្រោយ (background) និង​រូបភាព​​នៅ​​ខាងមុខ ​(foreground) ព្រម​ទាំង​តួអង្គ​ដែល​យើង​ថត​នោះ​សក្ដិសម​នឹង​គ្នា​ឬ​ទេ។ ម្យ៉ាង​ទៀត​លោក​អ្នក​ត្រូវ​ដឹង​ពី​ Rule of Thirds ឬ​ច្បាប់​ទី ៣ ​ដែល​មាន​គោលការណ៍​មិន​អាច​ដាក់​កម្មវត្ថុ​ឬ​តួអង្គ​នៅ​ចំ​កណ្ដាល​នៃ​ផ្លង់​ថត​បាន​ទេ ពោល​គឺ​ត្រូវ​ដាក់​កម្មវត្ថុ​ ឬ ​តួអង្គ​ឲ្យ​ស្ថិត​នៅ​ខាង​នៃ​រូបភាព។

ចំណុច​ទី​២ ខ្សែ​បន្ទាត់​(leading line)៖ អ្នក​អាច​ជ្រើស​រើស​ទីតាំង​ណា​មួយ​ដែល​មាន​រាង​ជា​ខ្សែបន្ទាត់​ដែល​មើល​ទៅ​គឺ​អាច​ឃើញ​ជា​ជូរ​ដែល​មាន​រៀង​ជា​ខ្សែ​នៅ​ក្នុង​រូបភាព ដោយ​ខ្សែ​បន្ទាត់​ទាំង​នោះ​អាច​ជា ផ្លូវ​ថ្នល់​ ខ្សែ​រថភ្លើង បណ្ដាញ​ខ្សែភ្លើង ឬ​ហ្វូង​មនុស្ស​ជា​ដើម ដោយ​ខ្សែបន្ទាត់​ទាំង​នោះ​អាច​កោង​អាច​ត្រង់​ឬ​ជា​រង្វង់។

ចំណុច​ទី​៣ ការ​ប្រើ​ប្រាស់​ឧបករណ៍​ផ្សេងៗ​ធ្វើ​ជា​ស៊ុំរូប​៖ អ្នក​អាច​ច្នៃ​​ប្រឌិត​ដោយ​យក​ច្រក​ទ្វា បង្អួច ឬ​វត្ថុ​ផ្សេងៗ​ដែល​មាន​រាង​ដូច​ទៅ​នឹង​ស៊ុំរូបថត បន្ទាប់​មក​អ្នក​អាច​ដាក់​តួអង្គ​ឬ​កម្មវត្ថុ​ស្ថិត​នៅ​ក្នុង​ស៊ុំទាំង​នោះ។

ចំណុច​ទី៤ ចំណាំង​ផ្លាត (reflection)៖ អ្នក​អាច​ថតរូប​ដោយ​ប្រើ​ចំណាំង​ផ្លាត​ ដោយ​ដាក់​តួអង្គ​ឬ​កម្មវត្ថុ​ឲ្យ​នៅ​គៀក​នឹង​ផ្ទៃ​ទឹក​ ឬ​អាច​ប្រើ​កញ្ចក់​ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ឲ្យ​តួអង្គ​ឬ​កម្មវត្ថុ​មាន​ស្រមោល​ចំណាំង​ផ្លាត​។

ចំណុច​ទី​៥ ការ​ប្រើប្រាស់​ពន្លឺ៖ មុន​ពេល​ថត​អ្នក​ត្រូវ​កំណត់​ទិស​នៃ​ពន្លឺ​ឲ្យ​ច្បាស់​ជា​មុន​សិន​ ដោយ​អ្នក​ត្រូវ​ឲ្យ​តួអង្គ​ឬ​កម្មវត្ថុ​ឈរ​នៅ​ខាង​មុខ ​ទិស​នៃ​ពន្លឺ នឹង​ហាម​ថត​ចំ​ពី​មុខ​ទិស​នៃ​ពន្លឺ​ ព្រោះ​កាល​ណា​បើ​អ្នក​ឈរ​ថត​ចំ​ពី​មុខ​ទិស​ពន្លឺ​នោះ​រូបភាព​នឹង​ខ្វះ​ពន្លឺ​៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s