ផ្នែក៣នៃរាងកាយដែលអ្នកមិនគួរធ្វើការសម្អាតញឹកញាប់ពេកនោះទេ
ការថែរក្សាអនាម័យរាងកាយមានសារសំខាន់ណាស់ ប៉ុន្តែវាក៏ជាការចាំបាច់ដែរដែលអ្នកគួរស្វែងយល់ថាតើអ្នកត្រូវធ្វើការសម្អាតវាជាញឹកញាប់ប៉ុណ្ណានោះ ពុំនោះទេវាអាចនឹងជះឥទ្ធិពលមិនល្អសម្រាប់អ្នកវិញបាន។ ខាងក្រោមនេះគឺជាផ្នែក៣នៃរាងកាយដែលអ្នកមិនគួរធ្វើការសម្អាតញឹកញាប់ពេកនោះទេ៖
១) សក់៖ អ្នកឯកទេសបានណែនាំថា វាមិនចាំបាច់នោះទេក្នុងការលាងសម្អាតសក់របស់អ្នកជាមួយនឹងសាប៊ូជាប្រចាំថ្ងៃ។ ប៉ុន្តែបើសម្រាប់អ្នកដែលមានសក់សរសៃល្អិត អ្នកដែលឧស្សាហ៍បែកញើសច្រើន ឬអ្នកដែលសក់របស់គេសម្បូរជាតិប្រេង នោះពួកគេអាចធ្វើការលាងសម្អាតសក់ជាមួយសាប៊ូជារៀងរាល់ថ្ងៃបាន។ ពុំនោះទេអ្នកអាចរំលង២ឬ៣ថ្ងៃសឹមកក់សក់ក៏បានដែរ។
២) ត្រចៀក៖ នៅពេលអ្នកប្រើប្រាស់សំឡីត្បារត្រចៀកដើម្បីធ្វើការសម្អាតអាចម៍ត្រចៀករបស់អ្នកចេញ អាចម៍ត្រចៀកនឹងត្រូវបានរុកចូលកាន់តែជ្រៅ ហើយរាំងស្ទះវាមិនឲ្យហៀរចេញមកក្រៅដោយធម្មជាតិបាន។ អាចម៍ត្រចៀកតែងតែបន្តផលិតចេញមករហូត ដូចនេះវានឹងប្រមូលផ្ដុំកាន់តែធំនិងជ្រៅជាងមុន ហើយកំណកផ្ដុំនេះអាចបណ្ដាលឲ្យអ្នកមានបញ្ហាក្នុងការស្ដាប់ និងការឆ្លងមេរោគក្នុងត្រចៀកបាន។ មូលហេតុនេះហើយដែលវាក៏ជាការល្អដែរដែលអ្នកគួរតែសម្អាតវាយូរៗម្ដង។
៣) ដៃ៖ ជាការពិតណាស់ អ្នកចាំបាច់ត្រូវមានអនាម័យលាងសម្អាតដៃរបស់អ្នកមុននឹងចាប់កាន់ចំណីអាហារ និងក្រោយពេលចេញពីបន្ទប់ទឹក។ ប៉ុន្តែការប្រើប្រាស់សាប៊ូក្រអូបៗសម្រាប់លាងសម្អាតដៃជាញឹកញាប់ពេក អាចបណ្ដាលឲ្យស្បែករបស់អ្នកស្ងួត ប្រេះស្បែក និងអាចបាត់បង់សមត្ថភាពនៃការទប់ទល់ជាមួយនឹងបាក់តេរីមួយចំនួនផងដែរ៕
ដោយ៖ ស្រីពៅ សូមអាន៖ តើអ្នកមានដឹងទេថា សម្បកចេកមានប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក?