រឿងទាំង ១៥យ៉ាងអ្នកគួរធ្វើ ជៀសវាងការស្ដាយក្រោយពេលចាស់ទៅ
ក្នុងជីវិតរបស់មនុស្សគ្រប់រូបគ្មាននរណាម្នាក់ចង់ជួបប្រទះរឿងសោកស្ដាយ ស្ដាយក្រោយក្នុងជីវិតនោះទេ។ ដូចនេះ BizKhmer សូមលើករឿងទាំង១៥ យ៉ាងអ្នកគួរតែធ្វើ ជៀសវាងការស្ដាយក្រោយពេលអ្នកចាស់ទៅ ដកស្រង់ពី Trulymind៖
១) ខ្លាចការផ្លាស់ប្ដូរ៖ ការផ្លាស់ប្ដូរគឺគួរឲ្យខ្លាច ប៉ុន្តែកុំអនុញ្ញាតិឲ្យការផ្លាស់ប្ដូរបញ្ឈប់។ អ្នកផ្លាស់ប្ដូរទីកន្លែង ធ្វើដំណើរកំសាន្ត ផ្ដាច់ទំនាក់ទំនងមិនល្អ ស្វែងរកការងារថ្មីជាដើម។ ទុកភាពភ័យខ្លាចរបស់អ្នកមួយឡែកសិន ហើយហ៊ានធ្វើការផ្លាស់ប្ដូរដើម្បីចាប់ឱកាសធំៗក្នុងជីវិតរបស់អ្នក។
២) មិនរៀនភាសា៖ នៅលើលោកនេះមានវប្បធម៌ជាច្រើន មានប្រទេសផ្សេងៗគ្នា ទំនៀមទម្លាប់ខុសៗគ្នា និងភាសាផ្សេងៗគ្នាជាច្រើន។ ការរៀនភាសាមិនត្រឹមតែឲ្យអ្នកសប្បាយរីករាយនោះទេ តែវានឹងជួយអ្នកបង្កើនចំណេះដឹងរបស់អ្នកថែមទៀតផង។
៣) មិនខំរៀន៖ ទាន់ខ្លួននៅក្មេងអ្នកគួរតែចំណាយពេលខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជា។ ចំណេះដឹងមិនអត់ប្រយោជន៍នោះទេ។
៤) មិនដើរកំសាន្ត៖ អ្នកប្រហែលជាគិតថា ចាំមានពេលវេលា មានលុយច្រើនសិនចាំដើរកំសាន្ត ប៉ុន្តែពេលនេះជាឱកាសដ៏ល្អសម្រាប់អ្នកហើយ។
៥) មិនហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំថ្ងៃជួយអ្នកឲ្យមានសុខភាពល្អនិងរាងកាយមាំមួន។ ប្រសិនបើអ្នកគ្មានពេលទំនេរ អ្នកមិនចាំបាច់ត្រូវតែទៅកន្លែងហាត់ប្រាណនោះទេ អ្នកអាចចំណាយពេលរត់ ជិះកង់ ឬដើរក៏បានដែរ។
៦) កុំឲ្យសង្គមជាអ្នកកំណត់អ្នក៖ កុំអនុញ្ញាតិឲ្យអាយុ ជាតិសាសន៍ ឋានៈសង្គម ឬសាសនារបស់អ្នកបំផ្លាញក្ដីស្រមៃរបស់អ្នក។ ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នកហើយព្យាយាមសម្រេចវា កុំឲ្យគំនិតរបស់អ្នកដ៏ទៃមករារាំងអ្នក។
៧) មិនស្ដាប់ដំបូន្មានឳពុកម្ដាយ៖ ឳពុកម្ដាយតែងតែផ្ដល់ដំបូន្មានល្អៗដល់កូន គ្មានឳពុកម្ដាយណាដែលចង់ឲ្យកូនអាក្រក់នោះទេ។ អ្នកគួរតែរៀនស្ដាប់និងពេញចិត្តនឹងការទូន្មាន និងការណែនាំរបស់ឳពុកម្ដាយរបស់អ្នក ជៀសវាងការស្ដាយក្រោយ។
៨) មិនហ៊ាននិយាយថា «ខ្ញុំស្រលាញ់អ្នក។»៖ ពាក្យបីម៉ាត់នេះជាពាក្យពិបាកនិយាយ ប៉ុន្តែការបាត់បង់ឪកាសនិយាយវាគឺរឿងគួរឲ្យសោកស្ដាយ។ ប្រសិនបើអ្នកពិតជាស្រលាញ់នរណាម្នាក់ហើយ អ្នកត្រូវហ៊ានធ្វើឲ្យគេដឹង។
៩) ភាពអាត្មានិយម៖ ប្រសិនបើអ្នកគិតតែពីខ្លួនអ្នកខ្លាំងពេក គ្មាននរណាម្នាក់ចូលចិត្តអ្នកឡើយ។ រៀនយល់ពីតម្រូវការមនុស្សនៅក្បែរអ្នក កុំគិតតែអារម្មណ៍ខ្លួនឯងពេក។
១០) ខ្វល់ពីការគិតរបស់អ្នកជុំវិញពេក៖ មិនខ្វល់ថាអ្នកធ្វើអ្វីនោះទេ ប្រាកដជាមានមនុស្សអង្គុយចាំរិះគន់ជាមិនខាន។ អ្នកមិនត្រូវខ្វល់ពីការគិតរបស់អ្នកដ៏ទៃពេកនោះទេ រៀនងើបឡើងដោយខ្លួនឯង។
១១) ខំធ្វើការពេក៖ ការខិតខំធ្វើការគឺជារឿងល្អ តែអ្នកមិនត្រូវធ្វើការរហូតដល់មិនខ្វល់ខ្វាយអ្វីទាំងអស់ ភ្លេចបាយភ្លេចទឹកនោះទេ។ អ្នកត្រូវឆ្លៀតពេលរីករាយជាមួយខ្លួនឯងខ្លះ និងចំណាយពេលវេលាជាមួយមនុស្សដែលអ្នកស្រលាញ់។
១២) មិនហ៊ានប្រឈមមុខនឹងហានិភ័យ៖ ការប្រឈមមុខនឹងហានិភ័យអាចធ្វើឲ្យអ្នកផ្លាស់ប្ដូរជីវិតរបស់អ្នក។ កុំខ្លាច ហើយហ៊ានប្រឈមមុខនឹងអ្វីដែលអ្នកចង់បាន។
១៣) ព្រួយពេក៖ មនុស្សម្នាក់ៗតែងតែមានរឿងមិនសប្បាយចិត្ត កើតទុក ព្រួយបារម្ភជាដើម។ តែអ្នកមិនត្រូវព្រួយបារម្ភច្រើនពេកនោះទេ។ អារម្មណ៍ស្រ្តេស្តជាប្រចាំប៉ះពាល់ដល់សុខភាពរបស់អ្នក។
១៤) មិនសូវមានមិត្តភក្កិ៖ អ្នកគិតថាការនៅតែឯងវាមិនអីទេ។ ប៉ុន្តែមិត្តពិតនឹងជួយលើកទឹកចិត្តអ្នក គាំទ្រអ្នក ហើយពួកគេតែងតែនៅពីក្រោយអ្នកជានិច្ច។
១៥) មិនសូវអាន៖ មនុស្សជាច្រើនដោយសារតែរវល់ពេកមិនមានពេលវេលាអានសៀវភៅនោះទេ។ តែអ្នកគួរតែឆ្លៀតពេលអាន ពីព្រោះការអានជួយបង្កើនចំណេះដឹង បើកគំនិត និងធ្វើឲ្យអ្នកមើលពិភពលោកបានទូលាយជាងមុន៕
ចុចអាន៖ រឿង៥យ៉ាង ដែលធ្វើឲ្យអ្នកស្ដាយក្រោយ ប្រសិនបើមិនបានធ្វើក្នុងវ័យខ្ទង់ ២០ឆ្នាំ ដោយ៖ លង់ វណ្ណៈ