គន្លឹះ ៣យ៉ាងដើម្បី​គ្រប់គ្រងលុយកាក់ឱ្យ​នៅ​សល់ជាដុំកំភួននឹងគេ​​



ការមានចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើអ្នកមិនមានចំណេះដឹងខាង​ ហិរញ្ញវត្ថុទេ អ្នកមិនអាចក្លាយជាអ្នកមានបានឡើយ។ ប្រសិនបើអ្នកមិនចេះទុកដាក់លុយកាក់របស់អ្នកឲ្យបានត្រឹមត្រូវទេ អ្នកប្រាកដជាគ្មានសល់អ្វីមួយសេនឡើយ បន្ទាប់ពីខិតខំធ្វើការរាប់ឆ្នាំ។ ខាងក្រោមនេះគឺជាគន្លឹះទាំង ៣យ៉ាងក្នុងការគ្រប់គ្រងលុយកាក់ដកស្រង់ពី success.com៖

១) គ្រប់គ្រងចំណាយ៖ តាមដានទម្លាប់ចាយវាយប្រចាំថ្ងៃរបស់អ្នក ដោយអនុវត្ត​នូវ​ការ​សរសេរការចំណាយទាំងអស់របស់អ្នកលើ​សៀវភៅ​ ហើយរកមើលថា តើការចំណាយរបស់អ្នកណាដែលមិនត្រូវគោលដៅ។ ប្រសិនបើអ្នកមានទម្លាប់ចាយវាយលើរបស់របរដែលមិនចាំបាច់ អ្នកត្រូវផ្លាស់ប្តូរទម្លាប់នោះជាបន្ទាន់។ ការចំណាយរបស់អ្នកត្រូវមានតុល្យភាពរវាងលំហូរសាច់ប្រាក់ ចេញនិងចូលរបស់អ្នក។ កុំចាយហួសមាឌ។ ប្រសិនបើអ្នកចាយមិនដឹងអីនោះ ទោះខំធ្វើការរាប់ឆ្នាំទៀតក៏មិនសល់ដែល។

២) គិតអំពីការសន្សំ៖ តើអ្នកត្រូវសន្សំប៉ុន្មានប្រចាំខែ? គណនាចំណូលសរុបទាំងអស់របស់អ្នកហើយគិតថាត្រូវដកសន្សំប៉ុន្មាន។ វាជារឿងពិបាកសម្រាប់អ្នកត្រូវបង់ថ្លៃផ្ទះ ថ្លៃទឹក ភ្លើង បង់ថ្លៃសាលា និងចំណាយប្រចាំថ្ងៃជាដើម។ ប៉ុន្តែ អ្នកត្រូវតែតាំងចិត្តថាអ្នកត្រូវតែសន្សំឲ្យបាន យ៉ាងហោចណាស់ ១០ឬ២០ភាគរយនៃប្រាក់ចំណូលសរុបរបស់អ្នកដែរ។ ប្រសិនបើអ្នកមិនចេះសន្សំទេ គ្មានថ្ងៃអ្នកសល់លុយសម្រាប់ប្រើប្រាស់ពេលត្រូវការចាំបាច់ ឬពេលអ្នកចង់ទិញរបស់អ្វីមួយឡើយ។ ដើម្បីក្លាយជាអ្នកមានបានលុះត្រាតែចេះសន្សំសិន។ ដូចលោក Robert Kiyasoki បានមានប្រសាសន៍ថា៖ « រកចំណូលបានប៉ុន្មានវាមិនសំខាន់ទេ អ្វីដែលសំខាន់ត្រង់ថា សន្សំទុកបានប៉ុន្មាន»។

៣) បង្កើតចំណងទំនាក់ទំនង៖ បង្កើតចំណងទាក់ទងជាមួយមនុស្សដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ពួកគេមានការយល់ដឹងអំពីបញ្ហាលុយកាក់ច្រើន និងអាចជួយអ្នកឲ្យចេះពីរបៀបគ្រប់គ្រងលុយកាក់ផងដែរ។ ប្រសិនបើអ្នកសេពគប់តែមិត្តភក្តិដើរស៊ីផឹក ចូលហាងនេះហាងនោះ អ្នកនឹងគ្មានថ្ងៃសល់លុយឡើយ។ ដូចនេះត្រូវចេះបង្កើតទំនាក់ទំនងជាមួយអ្នកដ៏ទៃដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ប្រសិនបើអ្នកចង់ចេះពីរបៀបគ្រប់គ្រងលុយកាក់បានត្រឹមត្រូវ៕

ចុចអាន៖ Robert Kiyasoki៖«​​រក​​ចំណូល​​បាន​​ប៉ុន្មាន​​វា​​មិន​​សំខាន់ ​ អ្វី​​ដែល​​​សំខាន់​​ត្រង់​​ថា​​ ​សន្សំ​​ទុក​​បាន​​ប៉ុន្មាន» ដោយ៖ លង់ វណ្ណៈ

X
5s