ទាំងនេះគឺជាភេសជ្ជៈដែលអ្នកអាចទទួលទានជំនួសឲ្យកាហ្វេ សម្រាប់បង្កើនថាមពល​បាន​



កាហ្វេ​អាច​ផ្ដល់​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក​នៅ​ពេល​អ្នក​ទទួលទាន​វា​ក្នុង​បរិមាណ​សម​ល្មម។ តែ​បើ​អ្នក​ទទួលទាន​វា​ច្រើន នោះ​វា​អាច​ធ្វើឲ្យ​អ្នក​ឆាប់​អស់​កម្លាំង កង្វះ​សារធាតុ​ខនិជ និង​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​បាន។ ដូច្នេះ បើ​សិន​ជា​អ្នក​ចង់​ស្វែងរក​ភេសជ្ជៈ​ដែល​អាច​បង្កើន​ថាមពល​របស់​អ្នក អ្នក​អាច​ងាក​មក​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ដូច​មាន​រៀបរាប់​ខាងក្រោម​នេះ​វិញ​បាន៖

១) ទឹក​បន្លែ​បៃតង​ក្រឡុក៖ ដោយសារ​តែ​បន្លែ​បៃតង​គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជីវជាតិ​បំប៉ន​ជា​ច្រើន​ប្រភេទ វា​នឹង​ផ្ដល់​ថាមពល​ដល់​អ្នក​នៅ​ពេល​អ្នក​ទទួលទាន​វា​ជំនួស​ឲ្យ​កាហ្វេ។ ម្យ៉ាងទៀត ពួក​វា​ក៏​សម្បូរ​ជាតិ​ដែក ដែល​សារធាតុ​នេះ​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម និង​ការ​ឆាប់​អស់​កម្លាំង​បាន។

២) ម្សៅ​តែ​បៃតង៖ តែ​បៃតង​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ទទួល​បាន​ថាមពល​ជំនួស​ឲ្យ​កាហ្វេ។ វា​ក៏​មាន​ជាតិ​កាហ្វេអ៊ីន​ដូច​នឹង​កាហ្វេ​ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ហើយ​ថែមទាំង​មាន​សារធាតុ​ខនិជ វីតាមីន និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ។ លើស​ពី​នេះ តែ​បៃតង​ក៏​ត្រូវ​បាន​ផ្សំ​ឡើង​ពី​អាស៊ីដ​អាមីណូ L-theanine ដែល​អាស៊ីដ​នេះ​អាច​បង្កើន​ការ​ផ្ចង់​ស្មារតី​របស់​អ្នក​និង​សមត្ថភាព​ចងចាំ​របស់​អ្នក។

៣) ទឹក៖ តើ​អ្នក​មាន​ដឹង​ទេ​ថា សញ្ញា​នៃ​ការ​អស់​កម្លាំង​កើត​ចេញ​មក​ពី​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​របស់​អ្នក ? អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​នៅ​ពេល​រាងកាយ​អ្នក​មិន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់ នោះ​វា​នឹង​មិន​អាច​ដំណើរការ​មុខងារ​របស់​វា​បាន​ពេញ​លទ្ធភាព​របស់​វា​នោះ​ឡើយ។ បើ​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង ឈឺក្បាល ឬ​ពិបាក​នៅ​ក្នុង​ការ​ផ្ចង់​ស្មារតី នោះ​វា​អាច​ជា​លទ្ធផល​ដែល​បណ្ដាល​មក​ពី​អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់៕

ដោយ៖ ស្រីពៅ បានអានឬនៅ ? តើ​ការ​ពិសាភេសជ្ជៈ កូកាកូឡា ពិត​ជា​អាក្រក់​ចំពោះ​សុខភាព​មែន​ទេ?

X
5s