យុទ្ធសាស្ត្រធ្វើទីផ្សាររបស់សហគ្រិន ៣រូប ដែលអ្នកគួរសិក្សាពីពួកគេ
ការធ្វើទីផ្សារគឺជាផ្នែកដ៏សំខាន់មួយដែលអាចទ្រទ្រង់ និងជំរុញដំណើរការអាជីវកម្មរបស់សហគ្រិនទាំងឡាយឲ្យលូតលាស់រីកចម្រើនបាន។ តាមការចុះផ្សាយពីគេហទំព័ររបស់Success.com ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដែលអ្នកអាចរៀនសូត្រតាមបាន ពីសហគ្រិនដ៏ជោគជ័យចំនួន៣រូប៖ ១) អ្នកបង្កើតកម្មវិធីទូរទស្សន៍ផ្សាយពាណិជ្ជកម្ម (As Seen on TV) លោក Kevin Harrington៖ ត្រូវចេះទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដោយយកចិត្តទុកដាក់ទៅលើបញ្ហាចម្បងដែលពួកគេកំពុងជួបប្រទះក្នុងជីវិត។ គូសបញ្ជាក់ពីប្រយោជន៍ដែលពួកគេនឹងទទួលបានពីផលិតផលរបស់អ្នក ហើយអ្នកត្រូវចេះធ្វើយ៉ាងណាដើម្បីឲ្យការផ្សព្វផ្សាយផលិតផលរបស់អ្នកបានបន្តគ្នាពីមាត់មួយទៅមាត់មួយ ពីមិត្តភ័ក្ដិម្នាក់ទៅមិត្តភ័ក្ដិម្នាក់ទៀត និងមានការផ្ដល់ជូនពិសេសតាមរបៀបមួយដែលពួកគេពិបាកនឹងបដិសេធ។ សូមអាន៖ ដំបូន្មានពីសហគ្រិនស្ត្រីមេម៉ាយបរទេស ២រូបអំពីភាពជោគជ័យនៃអាជីវកម្ម
២) វិនិយោគិននិងអ្នកប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនអាជីវកម្ម លោក Tai Lopez៖ ត្រូវរៀននិយាយភាសារបស់អ្នកដទៃ ពុំមែនជាភាសាដែលអ្នកចង់និយាយជាមួយពួកគេនោះទេ។ បើសិនជាអ្នកជួបប្រភេទមនុស្សដែលចូលចិត្តការអនុវត្តជាក់ស្ដែង និងមិនចូលចិត្តសាំញ៉ាំច្រើន នោះអ្នកគួរផ្ដល់ព័ត៌មានគោលៗឲ្យគេ។ បើអ្នកជួបប្រភេទមនុស្សដែលចូលចិត្តសកម្មច្រើន នោះអ្នកអាចនិយាយដំឡើងសំឡេងខ្លាំងៗបន្តិច និងនិយាយពោរពេញដោយថាមពលជាមួយមនុស្សទាំងនេះ។ បើអ្នកជួបប្រភេទមនុស្សដែលមានភាពរួសរាយ នោះអ្នកមិនចាំបាច់ផ្ដល់សម្ពាធច្រើនដល់ខ្លួនឯងក្នុងការសន្ទនាជាមួយពួកគេពេកនោះទេ។ បើពួកគេចូលចិត្តអ្នក នោះពួកគេនឹងធ្វើអាជីវកម្មជាមួយអ្នកមិនខាន។ បើជាមួយនឹងមនុស្សដែលឆាប់រំជួលអារម្មណ៍ អ្នកត្រូវប្រុងប្រយ័ត្នថាមិនត្រូវបង្ខំគេពេកនោះទេ ហើយអ្នកគួរសួរពួកគេជាមួយនឹងសំណួរថា តើផលិតផលមួយនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាដែរ ?
៣) ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន My Life & Wishes លោក Jon Braddock៖ បើសិនជាអ្នកមិនស្គាល់ពីតម្រូវការរបស់អតិថិជនអ្នក ភាពភ័យខ្លាចរបស់ពួកគេ និងតម្លៃដែលពួកគេប្រកាន់ខ្ជាប់ទេ នោះវានឹងក្លាយជារឿងដែលមិនអាចទៅរួចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគេ។ បើទោះជាអ្វីៗនៅក្នុងពិភពលោកនេះចេះតែផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែការស្គាល់អតិថិជនរបស់អ្នក និងវិធីសាស្ត្រដើម្បីអាចធ្វើការប្រាស្រ័យទាក់ទងជាមួយពួកគេបាន គឺមិនបានផ្លាស់ប្ដូរនោះឡើយ ហើយវាក៏ជាគន្លឹះដែលនាំអ្នកទៅរកភាពជោគជ័យផងដែរ៕ ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ លោក Richard Branson មហាសេដ្ឋីអង់គ្លេស៖ អនុវត្តក្បួនទាំង៥នេះ ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់