មនុស្សស្រីខ្លាំង មិនដែលខ្វាយខ្វល់នូវចំណុចខាងក្រោមនេះឡើយ
ពិតណាស់ថា មនុស្សគ្រប់គ្នាមិនថា ប្រុសឬស្រីនោះទេ មានជីវិតរស់នៅតែម្ដងគត់ដូចគ្នា មានពេល ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្ដាហ៍ដូចគ្នា។ ដូច្នេះហើយទើបគ្រប់គ្នាសុទ្ធតែចង់បានជីវិតមួយដែលរីករាយ ជោគជ័យ។ល។ យ៉ាងណាមិញ យើងក៏មិនគួរខ្វាយខ្វល់ពីសម្ដី ឬគំនិតអវិជ្ជមានរបស់អ្នកដទៃចំពោះយើងខ្លាំងពេកដែរ។ អ្វីដែលអ្នកគួរ គឺធ្វើយ៉ាងណាឲ្យខ្លួនឯងរីករាយ។ ខាងក្រោមនេះចំណុចដែលមនុស្សស្រីខ្លាំងមិនខ្វល់នោះទេ៖
១) មិនខ្វល់ពីអ្វីដែលអ្នកដទៃគិត៖ ប្រសិនជាអ្នកនៅតែខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃគិតនោះ អ្នកច្បាស់គ្មានជីវិតដែលរីករាយនោះទេព្រោះអ្នកកំពុងតែរស់នៅជីវិតដែលអ្នកដទៃចង់បាន មិនថាជីវិតដែលអ្នកគិតថាល្អសម្រាប់ខ្លួនឯងនោះទេ។
២) មិនចាំបាច់ត្រូវរហូតនោះទេ៖ មនុស្សដែលមានចិត្តគំនិតវិជ្ជមានមិនដែលចង់ឈ្នះអ្នកដទៃរហូតនោះទេព្រោះថាគ្មានអ្នកណាខុសឬអ្នកណាត្រូវឡើយ។ អ្វីដែលសំខាន់គឺមនុស្សម្នាក់គួរចែករំលែកមតិយោបល់និងស្ដាប់ដើម្បីយល់។ ដូច្នេះហើយ មនុស្សស្រីខ្លាំងក៏ទទួលស្គាល់ថា ខ្លួនឯងមិនចេះទាំងអស់ដែរ ត្រូវចេះស្ដាប់អ្នកដទៃខ្លះ។
៣) រូបរាងស្អាតមិនសំខាន់៖ មនុស្សស្រីខ្លាំងមិនខ្វល់ពីអ្វីដែលអ្នកដទៃមើលមកលើខ្លួនឯងនោះទេ។ ពួកគេដឹងច្បាស់ថាមនុស្សម្នាក់មានលក្ខណៈ និងរូបសម្បត្តិខុសៗគ្នា ហើយអ្វីដែលធ្វើឲ្យពួកគេអស្ចារ្យ គឺអត្តចរិតនិងបុគ្គលិកលក្ខណៈរបស់ខ្លួននេះឯង។
៤) មិនខ្វល់នឹងការនិយាយដើមរបស់អ្នកដទៃ៖ មនុស្សគ្រប់រូបមិនល្អគ្រប់ដប់នោះទេ មានន័យថាមនុស្សម្នាក់ៗតែងតែមានអ្នកមិនពេញចិត្តហើយត្រូវគេនិយាយដើមជានិច្ច។ ប៉ុន្តែ សម្រាប់មនុស្សស្រីដែលខ្លាំង ពួកគេមិនខ្វល់នឹងការនិយាយអាក្រក់ទាំងនេះឡើយ។ ពួកគេពេញចិត្តនូវអ្វីជាពួកគេ ពេញចិត្តនឹងជីវិតរបស់ពួកគេ៕
ដោយ៖ អុឹង មុយយូ