ឥរិយាបថ​ទាំង ៣​ដែល​អ្នកដឹកនាំទាំងឡាយ​គួរ​ឆ្លើយតប​ចំពោះ​កំហុស​របស់ខ្លួន​



ការ​រត់​គេច​ចេញ​ពី​បញ្ហា​នឹង​កាន់តែ​នាំ​អ្នក​ទៅ​រក​បញ្ហា ផ្ទុយទៅវិញ​អ្នក​គួរតែ​ប្រឈម​មុខ​នឹង​វា​ហើយ​ត្រិះរិះ​រក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​របស់​អ្នក។ ខុងជឺ បាន​ពោល​ថា៖ "បើ​អ្នក​ប្រព្រឹត្ត​កំហុស​ហើយ​មិន​កែតម្រូវ​វា​ទេ នេះ​គេ​ហៅថា​កំហុស​យ៉ាង​ប្រាកដ"។ ក្នុង​នាម​ជា​អ្នកដឹកនាំ​របស់​កូនចៅ តើ​អ្នក​តែង​ឆ្លើយតប​បែប​ណា​នៅ​ពេល​អ្នក​ដឹង​ថា​ខ្លួនឯង​បាន​ប្រព្រឹត្ត​នូវ​កំហុស ?

ខាងក្រោម​នេះ​គឺជា​​ឥរិយាបថ​ទាំង៣​ដែល​អ្នក​គួរ​ឆ្លើយតប​ចំពោះ​កំហុស​ដែល​អ្នក​បាន​សាង​ឡើង៖

សូមអាន៖ មេរៀនអាជីវកម្មទាំង ៤ របស់លោក Phil Knight សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Nike

១) សារភាព​ពី​កំហុស​របស់​អ្នក៖ បើ​អ្នក​មិន​ហ៊ាន​សារភាព​ពី​កំហុស​របស់​អ្នក​ដោយសារ​តែ​ភ័យខ្លាច​អាប់ឱន​ដល់​កិត្តិយស​របស់​អ្នក នោះ​កាល​ដែល​អ្នក​មិន​សារភាព​ពី​ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​ខ្លួនឯង​នេះ​ហើយ​ដែល​ធ្វើឲ្យ​កិត្តិយស​របស់​អ្នក​កាន់តែ​អាប់ឱន។ បើ​ឃើញ​ថា​ខ្លួនឯង​ខុស​ហើយ​ភ្ញាក់​រលឹក​ខ្លួន​ចេះ​សារភាព​ចេញ​ពី​ចិត្ត​ស្មោះត្រង់ នៅ​ពេល​នោះ​អ្នកដទៃ​នឹង​គោរព​ឲ្យ​តម្លៃ​អ្នក​ជា​មិនខាន។

២) រៀន​សូត្រ​ពី​កំហុស​របស់​អ្នក៖ នៅ​គ្រប់​វិនាទី​ទាំងអស់​នៅ​ក្នុង​ជីវិត​អ្នក​គឺ​សុទ្ធតែ​ជា​មេរៀន​ដែល​អាច​ឲ្យ​អ្នក​សិក្សា​សង្កេត​រៀន​សូត្រ​បាន ពុំ​នោះ​ទេ​អ្នក​ប្រាកដ​ជា​មាន​សេចក្ដី​ប្រមាទ​ចំពោះ​តម្លៃ​នៃ​ជីវិត​របស់​ខ្លួនឯង​មិនខាន។ ដូចគ្នា​ដែរ អ្នក​មិន​ត្រឹមតែ​ត្រូវ​ចេះ​សារភាព​ពី​កំហុស​របស់​ខ្លួន​នោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ចេះ​សិក្សា​ថា​តើ​កំហុស​របស់​អ្នក​មួយ​នោះ​ចង់​បង្រៀន​អ្វី​ដល់​អ្នក ហើយ​អ្នក​អាច​ធ្វើ​ដូចម្ដេច​ដើម្បី​កែតម្រូវ​អ្វីៗ​ឲ្យ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ក្រោយ​បាន។

៣) បង្រៀន​អ្នកដទៃ​ពី​កំហុស​របស់​អ្នក៖ នៅ​ត្រង់​ចំណុច​នេះ បើ​អ្នក​អាច​ធ្វើ​វា​បាន វា​គឺជា​ការ​ប្រសើរ​បំផុត។ កាល​ដែល​អ្នក​អាច​ឈ្វេងយល់​ឃើញ​ពី​មេរៀន​ដែល​ទទួល​បាន​មក​ពី​បទពិសោធន៍​នៃ​ការ​ប្រព្រឹត្ត​នូវ​កំហុស​របស់​អ្នក ហើយ​អាច​ចែក​រំលែក​បង្រៀន​ដល់​អ្នកដទៃ​ផង​នោះ នោះ​វា​ជា​ការ​បញ្ជាក់​ថា​អ្នក​មិន​បាន​តាំង​ខ្លួន​ជា​មេ​គេ​នោះ​ទេ។ ឥរិយាបថ​បែប​នេះ​នឹង​បណ្ដុះ​នូវ​ភាព​ស្និទ្ធស្នាល​និង​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក៕

ដោយ៖​ ស្រីពៅ អត្ថបទទាក់ទង៖ របៀបដឹកនាំ៤បែបពីអតីតអ្នកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង Google

X
5s