តោះស្វែងយល់ពីប្រភេទ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅត្រូវបានបង្កើតឡើងដោយបុគ្គលពីរនាក់ ឬច្រើន ដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ។ តាមរយៈនេះ យើងអាចយល់បានថា ដើមទុនរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅអាចជា ទ្រព្យសម្បតិ្ត ឬ ចំណេះដឹង ឬ សកម្មភាព ឬទាំងអស់។
ជាការពិតណាស់ ពាក្យថា “ទ្រព្យសម្បត្តិ”ត្រង់នេះសំដៅដល់ភាគទុនជាសាច់ប្រាក់ ឬ/និង ជាវត្ថុ។ ការដាក់ភាគទុន ជាវត្ថុ ចាំបាច់ត្រូវមានការវាយតម្លៃជាសាច់ប្រាក់ ហើយការវាយតម្លៃនោះ ត្រូវតែមានការទទួលស្គាល់ពីសហកម្ម សិទ្ធិករទូទៅទាំងអស់។ លើសពីនេះទៅទៀត ក្នុងករណីដែលសហកម្មសិទ្ធិករទូទៅណាម្នាក់បានដាក់ភាគទុនជាវត្ថុ នោះសហកម្មសិទ្ធិករទូទៅនោះ ត្រូវធ្វើការផ្ទេរសិទ្ធិពីម្ចាស់ ឬពីសិទ្ធិដែលខ្លួនមានលើវត្ថុនោះ ទៅដាក់ជាទ្រព្យរបស់ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ។
ដោយឡែក ចំពោះសហកម្មសិទ្ធិករទូទៅណាម្នាក់បានដាក់ភាគទុនជាចំណេះដឹង ឬសកម្មភាព នោះសហកម្មសិទ្ធិ ករទូទៅនោះត្រូវជាប់កាតព្វកិច្ចរហូត ដរាបណាបុគ្គលនោះនៅតែជាសហកម្មសិទ្ធិករទូទៅ។ ត្រង់នេះបានន័យថា សហកម្មករសិទ្ធិករទូទៅនោះនឹងរួចផុតពីកាតព្វកិច្ច នៅពេលដែលសហកម្មសិទ្ធិករទូទៅនោះលែងក្លាយជាសហ កម្មសិទ្ធិករទូទៅរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ។ បន្ថែមលើនេះទៅទៀត កិច្ចសន្យាជាលាយលក្ខណ៍អក្សរ សៀវភៅបញ្ជី និង កំណត់ហេតុរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ ក្នុងករណីនៃការ ដាក់ភាគទុនជាចំណេះដឹង ជាសេវា ឬជាសកម្មភាព។
ជាការពិតណាស់ ត្បិតថាដើមទុនអាចត្រូវបានបង្កើតឡើងដោយភាគទុនជាសាច់ប្រាក់ ឬជាវត្ថុ ក៏ប៉ុន្តែដើម ទុនចុះបញ្ជីរបស់ក្រុមហ៊ុនត្រូវតែគណនាជាសាច់ប្រាក់។ លើសពីនេះទៅទៀត ការគណនាដើមទុនរបស់ក្រុមហ៊ុន សហកម្មសិទ្ធិទូទៅ មិនត្រូវរាប់បញ្ចូលនូវភាគទុនជាចំណេះដឹង ជាសេវា ឬជាសកម្មភាពឡើយ។ ដើមទុនរបស់ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវគណនាជារូបិយវត្ថុជាតិ៕