ចំណីអាហារ ៤ប្រភេទដែលអាចមានប្រយោជន៍សម្រាប់បង្កើនថាមពលខួរក្បាល និងការចងចាំរបស់អ្នក
ដើម្បីឲ្យខួរក្បាលរបស់អ្នកមានថាមពល និងអាចផ្ចង់ស្មារតីធ្វើកិច្ចការអ្វីមួយប្រកបដោយប្រសិទ្ធភាពបាន នោះអាហារដែលអ្នកបរិភោគប្រចាំថ្ងៃក៏បានចូលរួមចំណែកសំខាន់នៅក្នុងកិច្ចការនេះសម្រាប់ខួរក្បាលអ្នកដែរ។ ខាងក្រោមនេះនឹងរៀបរាប់អំពីចំណីអាហារដែលអ្នកគួរទទួលទានសម្រាប់បង្កើនថាមពលខួរក្បាលនិងការចងចាំរបស់អ្នក៖
១) គ្រាប់ល្ពៅ៖ គ្រាប់ធញ្ញជាតិប្រភេទនេះមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានសមត្ថភាពជួយការពារខួរក្បាលនិងរាងកាយរបស់អ្នកពីពពួករ៉ាឌីកាល់សេរី ហើយវាក៏ជាប្រភពអាហារដ៏ល្អបំផុតមួយសម្រាប់ឲ្យអ្នកទទួលបាននូវជាតិម៉ាញេស្យូម ស័ង្កសី ទង់ដែង និងជាតិដែកផងដែរ។ ជីវជាតិបំប៉នទាំងនេះសុទ្ធតែជួយដល់ការចងចាំរបស់អ្នក និងជួយទប់ស្កាត់ជំងឺទាំងឡាយដែលមានទំនាក់ទំនងជាមួយនឹងប្រព័ន្ធប្រសាទខួរក្បាលនិងដំណើរការរបស់វា។
បានអានឬនៅ ? តើអាហារអ្វីខ្លះដែលមិនល្អសម្រាប់ខួរក្បាលរបស់អ្នកទាល់តែសោះ?
២) រមៀត៖ រមៀតតែងតែត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់មុខម្ហូបសម្លការី។ ប៉ុន្តែ គ្រឿងទេសនេះក៏មានអត្ថប្រយោជន៍ផងដែរសម្រាប់ខួរក្បាលរបស់អ្នក ហើយវាត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពអាចជួយបង្កើនសមត្ថភាពចងចាំរបស់អ្នកផងដែរ។
៣) សាច់ត្រី៖ សាច់ត្រីគឺជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្កា៣។ ខួរក្បាលរបស់អ្នកត្រូវការវាដើម្បីផលិតកោសិកាប្រសាទថ្មីៗ ហើយអាស៊ីដខ្លាញ់ទាំងនេះក៏មានប្រយោជន៍ដល់ការរៀនសូត្រនិងការចងចាំរបស់អ្នកដែរ។ មិនត្រឹមតែចំពោះខួរក្បាលប៉ុណ្ណោះទេ តែការទទួលទានសាច់ត្រីក៏មានគុណសម្បត្តិច្រើនយ៉ាងទៀតចំពោះរាងកាយរបស់អ្នកទាំងមូល។
៤) ផ្លែក្រូច៖ វីតាមីនCដែលមាននៅក្នុងផ្លែក្រូច អាចជួយការពារកោសិកាខួរក្បាលរបស់អ្នកពីការខូចខាត និងជួយថែទាំសុខភាពរបស់ខួរក្បាល។ ក្រៅពីផ្លែក្រូច អ្នកក៏អាចទទួលបានវីតាមីននេះពីផ្លែប៉េងប៉ោះ ស្ត្រប៊ឺរី ត្របែក គីវី និងម្ទេសប្លោកជាដើមបាន៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ គុណសម្បត្តិនៃការហាត់ប្រាណ ទៅលើដំណើរការណ៍អភិវឌ្ឍ ខួរក្បាលមនុស្ស