ពិតទេដែលលុយមិនអាចទិញសេចក្ដីសុខឲ្យអ្នកបាន?​



លុយ​មិន​អាច​ទិញ​សេចក្ដី​សុខ​ឲ្យ​អ្នក​បាន​ឡើយ ប៉ុន្តែ​បើ​មិន​មាន​លុយ​ទេ នោះ​អ្នក​ក៏​មិន​អាច​រស់នៅ​ដោយ​មាន​សេចក្ដី​សុខ​បាន​ដែរ។ ប៉ុន្តែ​តម្លៃ​របស់​បុគ្គល​ម្នាក់ៗ មិន​ស្ថិត​នៅ​ត្រង់​ចំនួន​ទឹកលុយ​ដែល​ពួកគេ​មាន​នៅ​ក្នុង​ហោប៉ៅ​ឬ​ក្នុង​គណនេយ្យ​ធនាគារ​របស់​ពួកគេ​នោះ​ឡើយ។ បើ​សិន​ជា​តម្លៃ​របស់​អ្នក​ស្ថិត​នៅ​លើ​ចំនួន​ទឹកលុយ​ដែល​អ្នក​មាន នេះ​ក៏​មានន័យ​ដូចគ្នា​ដែរ​ថា​តម្លៃ​របស់​អ្នក​អាច​យក​លុយ​មក​ទិញ​ដូរ​ដូច​ទំនិញ​ដែល​គេ​ដាក់​លក់​នៅ​ផ្សារ​បាន​ដែរ​ហើយ។ គ្មាន​អ្វី​អាក្រក់​នៅ​នឹង​លុយ​នោះ​ទេ ប៉ុន្តែ​គឺ​របៀប​ដែល​មនុស្ស​ប្រើប្រាស់​លុយ​ទៅវិញ​ទេ​ដែល​កែប្រែ​លុយ​ឲ្យ​ក្លាយ​ជា​របស់​ពិសពុល​ឬ​របស់​ល្អ​បាន​នោះ។

នរណា​ថា​លុយ​មិន​សំខាន់ ? បើ​គ្មាន​លុយ ម្ដេច​នឹង​អ្នក​អាច​បំពេញ​តម្រូវការ​មូលដ្ឋាន​ដ៏​ចម្បង​របស់​អ្នក ដូចជា​តម្រូវការ​ក្រពះ តម្រូវការ​ជម្រក​ស្នាក់នៅ តម្រូវការ​សំលៀកបំពាក់​ជាដើម​នេះ ? ថ្វីត្បិតតែ​លុយ​មិន​អាច​ទិញ​សេចក្ដី​សុខ​ឲ្យ​អ្នក​បាន តែ​អ្នក​ត្រូវការ​វា​ដើម្បី​រស់។ ប៉ុន្តែ​លុយ​គួរតែ​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​ម្នាក់ៗ មិនមែន​ជា​អ្វីៗ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ឡើយ។ នេះ​ក៏​មានន័យ​ដូចគ្នា​នឹង​ការណ៍​ដែល​អ្នក​ធ្វើ​ជា​ចៅហ្វាយ​របស់​លុយ មិនមែន​ឲ្យ​លុយ​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​អ្នក​វិញ​នោះ​ទេ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគេ​រៀងៗ​ខ្លួន។

យ៉ាងណាមិញ មនុស្ស​មួយ​ចំនួន​បាន​រត់​ដេញ​ចាប់​តម្លៃ​ពី​ខាងក្រៅ ដើម្បី​មក​បំពេញ​តម្លៃ​នៅ​ខាងក្នុង​ខ្លួន​របស់​ពួកគេ​ដែល​កំពុង​តែ​ទទេ​ស្អាត។ នៅ​ពេល​ពួកគេ​មិន​អាច​ធ្វើឲ្យ​ខាងក្នុង​ខ្លួន​របស់​ពួកគេ ឬ​អត្តចរិត​ខាងក្នុង​របស់​ពួកគេ មាន​តម្លៃ​បាន នោះ​ពួកគេ​នឹង​ប្រើប្រាស់​លុយ​ដើម្បី​ទិញ​តម្លៃ​ពី​ខាងក្រៅ​ដើម្បី​លម្អ​ខ្លួន​ពួកគេ​ឲ្យ​មាន​តម្លៃ ដែល​មិន​ខុស​អ្វី​ពី​ទំនិញ​ដែល​អាច​យក​លុយ​ទៅ​ទិញ​ដូរ​បាន​ដូច្នោះ​ដែរ។ គ្មាន​បុគ្គល​មាន​អំណាច​ណា​ម្នាក់​អាច​ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ​មួយ​ដែល​ចែង​ថា នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ជា​ភាព​អមត​នោះ​ឡើយ។ ហេតុនេះ​នៅ​ពេល​ដែល​បុគ្គល​ទាំងនោះ​អស់​សិទ្ធិ​អំណាច​ត​ទៀត​ទៅលើ​តម្លៃ​ពី​ខាងក្រៅ​អស់​ទាំងនោះ នោះ​តម្លៃ​របស់​ពួកគេ​ក៏​នឹង​អស់​តម្លៃ​អ្វី​ត​ទៅ​ទៀត​ដែរ។ ជ័យ​ជម្នះ​ដែល​ពិបាក​នឹង​យក​ឈ្នះ​បំផុត​នៅ​ក្នុង​ជីវិត នោះ​គឺជា​ការ​យក​ឈ្នះ​លើ​ខ្លួនឯង ហើយ​បើ​អ្នក​អាច​យក​ឈ្នះ​លើ​ការ​ប្រកួតប្រជែង​នេះ​បាន​ហើយ នោះ​ក៏​គ្មាន​ជ័យ​ជម្នះ​ណា​ដែល​មាន​តម្លៃ​លើស​ពី​នេះ​ទៀត​ដែរ៕

ដោយ៖ ស្រីពៅ

X
5s