ជំហានទាំង ៥យ៉ាង​ដើម្បី​​ ផ្ដាច់ការញៀន​លេង​ Facebook ដោយជោគជ័យ​



មានមនុស្សជាច្រើនកំពុងតែខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់ពួកគេទៅលើការលេង Facebook ឬបណ្ដាញទំនាក់ទំនងសង្គមនានា។ អ្នកខ្លះចំណាយពេលជាច្រើនម៉ោងអូសចុះអូសឡើងក្នុងមួយថ្ងៃៗដោយមិនបានប្រយោជន៍អ្វីសោះ។ ការចំណាយពេលលេងជាប្រចាំថ្ងៃនេះហើយដែលធ្វើឲ្យមនុស្សមួយចំនួនកំពុងតែ​ញៀន​នឹង Facebook។ ដោយមើលឃើញបញ្ហានេះហើយ ទើប BizKhmer សូមលើកយកជំហានទាំង ៥ ជួយផ្ដាច់ការញៀន Facebook មកចែកជូនមិត្តអ្នកអានដើម្បីយកទៅអនុវត្តដូចខាងក្រោម៖

១) ជំហានទីមួយ៖ រកមូលហេតុដែលធ្វើឲ្យអ្នកញៀននឹង Facebook។ អ្នកត្រូវសួរខ្លួនអ្នកថា តើហេតុអ្វីបានជាអ្នកលេង Facebook? ឧទាហរណ៍ អ្នកអាចមានអាម្មណ៍តប់ប្រមល់ ស្រ្តេស្ត ឬក៏មានអារម្មណ៍ឯកា បាត់បង់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅជាដើម។ ក្នុងជំហានទីមួយនេះគឺមានគោលបំណងរកឲ្យឃើញពីមូលហេតុដែលធ្វើឲ្យអ្នកបើកទូរស័ព្ទលេង Facebookជាញឹកញាប់។

២) ជំហានទីពីរ៖ ជំហាននេះគឺការអនុវត្តគន្លឹះមួយចំនួនដើម្បីឲ្យអ្នកនៅឆ្ងាយពីបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ ដើម្បីឲ្យអ្នកនៅឆ្ងាយពីFacebook អ្នកអាចលុប​កម្មវិធី Facebook ពីលើទូរស័ព្ទ​ដៃ​របស់អ្នក ដាក់ទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយពីខ្លួន កំណត់ទូរស័ព្ទជា Do Not Disturb ឬបិទសម្លេងផ្ញើរសារក៏បានក្នុង​ករណី​ដែល​មិនចាំបាច់​ត្រូវ​ប្រើ។ ដើម្បីអនុវត្តជំហាននេះឲ្យបានជោគជ័យ វាទាមទារឲ្យអ្នកមានការប្ដេជ្ញាចិត្តខ្ពស់ដើម្បីធ្វើវាបាន។

៣) ជំហានទី៣៖ ស្វែងរកវិធីជំនួសទម្លាប់អាក្រក់របស់អ្នក (ទម្លាប់លេង Facebook)។ អ្នកអាចជំនួសទម្លាប់របស់អ្នកជាមួយនឹងអ្វីដែលវិជ្ជមាននិងមានប្រសិទ្ធភាព។ ឧទារហណ៍៖ នៅពេលអ្នកមានអារម្មណ៍ថាតប់ប្រមល់ ឬស្រ្តេស្ត ជាជាងលេងFacebook អ្នកអាចចំណាយពេលដើរមួយជុំកន្លែងធ្វើការរបស់អ្នក ឬធ្វើលំហាត់ប្រាណដង្ហើមរយៈពេលបីនាទីជាដើម។ នៅពេលដែលអ្នកហ្វឹកហាត់ខួរក្បាលរបស់អ្នកបែបនេះបានហើយ ទម្លាប់អាក្រក់របស់អ្នកនឹងបាត់បង់បន្តិចម្ដងៗ។

៤) ជំហានទី៤៖ អនុវត្តទម្លាប់ថ្មីរបស់អ្នកម្ដងហើយម្ដងទៀត។ បន្ទាប់ពីអ្នកជំនួសទម្លាប់ចាស់របស់អ្នកជាមួយនឹងទម្លាប់ថ្មីទាំងនោះហើយ អ្នកត្រូវតែអនុវត្តទម្លាប់ថ្មីរបស់អ្នកជាប្រចាំ។ ចំណុចនេះមានមនុស្សជាច្រើនបរាជ័យ ពីព្រោះតែវាទាមទារឲ្យអ្នកមានវិន័យយ៉ាងខ្ជាប់ខ្ជួនក្នុងខ្លួន។ ប៉ុន្តែវិន័យចំពោះខ្លួនអ្នកនឹងកាន់តែមានភាពងាយស្រួលនៅពេលដែលមាននរណាម្នាក់ជួយជំរុញលើកទឹកចិត្តអ្នកដូចជាមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកជាដើម។

៥) ជំហានទី៥៖ ការបង្វឹកខួរក្បាលឲ្យអនុវត្តទម្លាប់ថ្មីតាមរយៈការផ្ដល់រង្វាន់ដល់ខ្លួនរបស់អ្នក រហូតទាល់តែទម្លាប់ថ្មីនេះក្លាយទៅជាទម្លាប់។ ឧទាហរណ៍៖ ប្រសិនបើអ្នកមិនបានចំណាយពេលលេង Facebook ១ម៉ោង អ្នកត្រូវផ្ដល់រង្វាន់ឲ្យខ្លួនអ្នក ១០នាទីដោយធ្វើអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើអ្នកមិនបានលេង Facebook រយៈពេលមួយថ្ងៃ អ្នកគួរផ្ដល់រង្វាន់ឲ្យខ្លួនអ្នក១ម៉ោង។ ប្រសិនបើអ្នកបានអនុវត្តតាមជំហានទាំង៥នេះហើយ អ្នកប្រាកដជាទទួលបានជោគជ័យជាមិនខាន៕ អ្នកបានអានហើយឬនៅ? 

ផល​អវិជ្ជមាន​ដែល​​អ្នក​​ទទួល​បាន​ពី​ការ​​លេងFacebook ​​ដោយ​មិន​ដឹង​ខ្លួន

ដោយ៖ លង់ វណ្ណៈ

X
5s