តើមានវិធីសាស្ត្រអ្វីខ្លះ ដែលអាចឲ្យអ្នកព្យាបាលឈឺក្បាលតាមបែបធម្មជាតិបាន?​



នៅ​ពេល​អ្នក​ទទួល​អារម្មណ៍​ថា​ ឈឺក្បាល នោះ​វិធីសាស្ត្រ​ដែល​អ្នក​នឹក​ឃើញ​មុន​គេ​ដើម្បី​បំបាត់​ការ​ឈឺ​ចុកចាប់​របស់​អ្នក តែងតែ​ជា​ថ្នាំ​ពេទ្យ​នោះ​ឯង។ វា​ជា​រឿង​ចៀស​មិន​ផុត​នោះ​ទេ បើ​សិន​ជា​អាការ​របស់​អ្នក​មិន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង។ យ៉ាងណាមិញ ការ​ទទួល​ទាន​ថ្នាំ​ពេទ្យ​ច្រើន​នឹង​បង្កើត​ភាព​បន្ស៊ាំ​ដល់​រាងកាយ​របស់​អ្នក។ នេះ​មានន័យ​ថា​នៅ​ពេល​អ្នក​ឈឺក្បាល​លើក​ក្រោយ​ទៀត នោះ​បរិមាណ​ថ្នាំ​ដែល​រាងកាយ​របស់​អ្នក​បាន​ទទួល​ដូច​កាល​ពី​មុន​នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​ជាមួយ​ការ​ឈឺ​ចុកចាប់​របស់​អ្នក​ទៀត​ហើយ។ ហេតុនេះ អ្នក​គួរតែ​សាកល្បង​ជាមួយ​វិធីសាស្ត្រ​ព្យាបាល​បែប​ធម្មជាតិ​ទាំង​ ៣​ចំណុច​ខាងក្រោម​ជាមុន​សិន៖

១) សម្រាក៖ ជាញឹកញាប់​ណាស់​ដែល​អាការ​ឈឺក្បាល​របស់​អ្នក​បាន​ចង្អុល​ប្រាប់​ថា​រាងកាយ​របស់​អ្នក​ត្រូវការ​សម្រាក។ អ្នក​អាច​គេង​មិន​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​មក ឬ​ក៏​គេង​មិន​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ទទួល​អារម្មណ៍​ឈឺក្បាល​បាន។ នៅ​ពេល​អ្នក​សម្រាក អ្នក​អាច​ប្រើប្រាស់​កន្សែង​ដែល​ត្រូវ​បាន​ជ្រលក់​ក្នុង​ទឹក​ត្រជាក់ ហើយ​យក​វា​មក​ស្អំ​នៅ​ពី​លើ​ថ្ងាស​របស់​អ្នក។ ធ្វើ​បែប​នេះ​ក៏​អាច​ជួយ​បន្ធូរ​អាការ​ឈឺ​ចុកចាប់​របស់​អ្នក​បាន​ដែរ។ ឬ​ក៏​អ្នក​អាច​ជ្រើសរើស​វិធី​ម៉ាស្សា ដើម្បី​បន្ធូរ​ស្រាល​ការ​ឈឺក្បាល​របស់​អ្នក​ក៏​ជា​វិធី​មាន​ប្រសិទ្ធភាព​ដែរ។

២) រក្សា​ជាតិ​សំណើម​ក្នុង​រាងកាយ៖ នៅ​ពេល​អ្នក​មាន​អាការ​ឈឺក្បាល​ធេងធោង​ដូចនេះ អ្នក​គួរ​ចៀសវាង​ទម្លាប់​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​ទាំងឡាយ​ណា​ដែល​មាន​ជាតិ​អាល់កុល និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អស់​ទាំងនោះ​ចេញ។ មាន​ការ​សិក្សា​ជាច្រើន​ដែល​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​កង្វះ​ជាតិ​ទឹក​ជាមួយ​នឹង​អាការ​ឈឺក្បាល និង​ការ​ចុះ​ខ្សោយ​ក្នុង​ការ​ផ្ចង់​ស្មារតី​ផង​ដែរ។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​គួរ​ងាក​មក​ទទួលទាន​ទឹក​បរិសុទ្ធ​ឲ្យ​បាន​ច្រើន ឬ​ក៏​ផ្ដល់​ជាតិ​សំណើម​ដល់​រាងកាយ​របស់​អ្នក​តាមរយៈ​ពពួក​អាហារ​ដែល​សម្បូរ​ជាតិ​ទឹក​ច្រើន​ដូចជា ត្រសក់ ឪឡឹក ផ្លែ​ក្រូច ទំពាំងបាយជូរ និង​ផ្លែ​ស្ត្រប៊ឺរី​ជាដើម។

៣) ងូតទឹក​ក្ដៅ​អ៊ុនៗ៖ វា​ជា​ការ​ប្រសើរ​ជាង​បើ​សិន​ជា​អ្នក​ជ្រើសរើស​ងូតទឹក​ក្ដៅ​អ៊ុនៗ​នៅ​ពេល​អ្នក​មាន​អាការ​ឈឺក្បាល​ក្រោយ​ពេល​ក្រោក​ពី​គេង។ ម្យ៉ាងទៀត អ្នក​ត្រូវ​ចៀសវាង​ការ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​វិធី​ខាង​លើ​មិន​អាច​ជួយ​​អ្នក​បាន​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ សូម​កុំ​ទុក​ឱ្យ​ធ្ងន់ធ្ងរ៕

ដោយ៖​ ស្រីពៅ

X
5s