មូលហេតុសំខាន់ៗ៥យ៉ាង ជាហេតុនាំឲ្យអ្នកក្លាយជាមនុស្សគ្មានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន!
ភាពទាក់ទងគឺពិតជាសំខាន់ខ្លាំងណាស់ ក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់មនុស្ស។ ប្រសិនបើអ្នកមានបញ្ហាមិនសូវមានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន ចំណុចទាំងនេះអាចជាមូលហេតុ៖
១) ផ្ដល់តម្លៃតែរូបរាងខាងក្រៅ មិនសូវខ្វល់អំពីតម្លៃខាងក្នុង៖ តម្លៃរបស់មនុស្សសំខាន់បំផុតគឺនៅខាងក្នុង មិនមែនរូបរាង និង សំលៀកបំពាក់ខាងក្រៅនោះទេ ព្រោះវាសុទ្ធតែអាចតុបតែង និង បន្លំភ្នែកបានទាំងអស់។ ដូច្នេះហើយ បើអ្នកមិនសូវព្យាយាមសម្លឹងមើលអ្វីគុណតម្លៃខាងក្នុងរបស់មនុស្សទេ នោះអ្នកដទៃក៏មិនសូវជា ចាប់អារម្មណ៍ជាមួយអ្នកខ្លាំងនោះដែរ ឬ អាចចាប់អារម្មណ៍ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
២) មានអត្តចរិតចង់ឈ្នះគ្រប់ពេល៖ មនុស្សដែលចង់តែយកឈ្នះគេគ្រប់ពេល មិនអាចចាត់ទុកជាមនុស្សដែលគួរយកគំរូតាមនោះទេ ព្រោះពួកគេពេលខ្លះហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីពាក្យថា ឈ្នះទោះបីជាប្រើវិធីមិនល្អក្ដី។ ដូច្នេះហើយ មនុស្សដែលមាន អត្តចរិតបែបនេះ មិនសូវមានគេពេញចិត្តច្រើននោះទេ។
៣) មិនធ្វើអ្វីដោយខ្លួនឯង ហើយពឹងតែគេ៖ ទំនាក់ទំនងល្អ កើតឡើងលុះត្រាតែភាគីទាំងសងខាង អាចជួយគ្នាទៅវិញទៅមក នៅពេលគ្រាចាំបាច់ ប៉ុន្តែបើអ្នកមិនដែលជួយគេសោះ ហើយពឹងគេគ្មានថ្ងៃសម្រាក នោះគ្មាននរណាចង់រាប់អានជាមួយអ្នកយូរអង្វែងបានឡើយ។ លើសពីនេះទៀត អ្នកផ្សេងៗក៏មិនចង់ សាងទំនាក់ទំនងអ្វីជាមួយអ្នកដែរ។
៤) ខ្វល់តែពីអារម្មណ៍ខ្លួនឯង៖ មនុស្សដែលខ្វល់តែពីអារម្មណ៍ខ្លួនឯង គឺងាយនឹងបង្កអារម្មណ៍មិនសប្បាយចិត្តដល់មនុស្សជុំវិញខ្លួន។ មនុស្សប្រភេទនេះ ក៏មិនសូវមានគេចង់សាងទំនាក់ទំនងអ្វីជិតស្និតនោះដែរ។
៥) ចូលចិត្តគិតអ្វីក្នុងផ្លូវមិនល្អ៖ ការគិតអវិជ្ជមានច្រើនពេក វាមិនបានជួយអ្វីនោះទេ តែវាកាន់តែនាំឲ្យរឿងអាក្រក់កើតឡើងកាន់តែច្រើនថែមទៀត។ ដូច្នេះហើយ អ្នកដទៃក៏មិនចង់នៅជាមួយមនុស្សដែលគិតតែរឿងមិនល្អនោះដែរ៕
ដោយ៖ រតនា វិចិត្រ