គន្លឹះ ១០យ៉ាងធ្វើឲ្យជីវិតរបស់អ្នកមានភាពសប្បាយរីករាយ និងមានអាយុយឺនយូរ
មនុស្សគ្រប់គ្នាសុទ្ធតែចង់បានជីវិតមួយដែលមានភាពសប្បាយរីករាយ អាយុយឺនយូរ និងជីវិតដែលពោរពេញទៅដោយជីវិតមានន័យ។ ប៉ុន្តែមានមនុស្សជាច្រើនមិនទាន់ដឹងពីរបៀបដើម្បីធ្វើឲ្យជីវិតរបស់ពួកគេសប្បាយរីករាយ និងមានអាយុវែងនោះទេ។ ខាងក្រោមនេះ គឺជាគន្លឹះ ១០យ៉ាងធ្វើឲ្យជីវិតសប្បាយរីករាយ និងមានអាយុយឺនយូរ ដែលដកស្រង់ពីគេហទំព័រ lifehack៖
១) ញ៉ាំស្អាត៖ វាមិនមែនជារឿងដែលគួរឲ្យភ្ងាក់ផ្អើលនោះទេដែលថា មនុស្សដែលមានអាយុវែងញ៉ាំអាហារដែលជួយឲ្យមានសុខភាពល្អ។ ដើម្បីរស់នៅមានសុខភាពល្អនិងអាយុវែង អ្នកត្រូវតែញ៉ាំអាហារឲ្យបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដថា ៨០%នៃអាហារដែលអ្នកញ៉ាំជាអាហារធម្មជាតិគ្មានជាតិគីមី និងជៀសវាងអាហារកែឆ្នៃ និងអាហាររហ័ស (Fast Food)។
២) គេងគ្រប់គ្រាន់៖ ប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិត កុំភ្លេចគេងឲ្យបានគ្រប់គ្រាន់។ គេង ៥ម៉ោង ឬតិចជាងនេះក្នុងមួយយប់ អាចកាត់បន្ថយអាយុរំពឹងទុករបស់អ្នករហូតដល់ទៅ ១៥%។ ដូចនេះ អ្នកគួរតែគេងឲ្យបាន ៧ ទៅ ៨ម៉ោងក្នុងមួយយប់ទើបគ្រប់គ្រាន់។
៣) កុំជក់បារី៖ ប្រសិនបើអ្នកជក់បារី អ្នកអាចស្លាប់មុនអាយុរហូតដល់ ៧ឆ្នាំជាងមនុស្សទូទៅ។ ដូចនេះអ្នកត្រូវតែឈប់ជក់បារីបើចង់រស់បានយូរ។
៤) សកម្មភាពរាងកាយ៖ ការហាត់ប្រាណជួយអ្នកឲ្យមានអាយុវែង និងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយ។ ដូចនេះ ចំណាយពេល ១៥ ទៅ ២០នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណដើម្បីសុខភាពរឹងមាំ។
៥) ទំនាក់ទំនងសង្គម៖ ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការជួយឲ្យអ្នកមានសុខភាពល្អ និងអាយុវែង។ ដូចនេះ អ្នកគួរតែព្យាយាមទាក់ទងមិត្តភក្តិដែលបែកគ្នាយូរ ទំនាក់ទំនងទៅមីង ពូ ឬបងប្អូនសាច់ញាតិដែលអ្នកមិនសូវបានទាក់ទង និងព្យាយាមចេញទៅក្រៅដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកដ៏ទៃ។
៦) ទទួលទានស្រា៖ មនុស្សដែលធ្វើមិនជក់បារី ចូលចិត្តធ្វើលំហាត់ប្រាណ និងទទួលទានស្រាក្នុងកម្រិតកំណត់មួយ អាចរស់បាន ១៤ឆ្នាំលើសពីមនុស្សធម្មតា។ ការទទួលទានស្រាក្នុងចំនួនល្មមអាចការពារជំងឺបេះដូងផងដែរ។
៧) ស្រមៃធំ៖ មនុស្សដែលរីករាយគឺមនុស្សដែលមានក្ដីស្រមៃ។ ពួកគេមានការមើលឃើញធំ និងមិនខ្លាចភាពបរាជ័យ។ ពួកគេហ៊ានទទួលយកភាពបរាជ័យដោយពួកគេដឹងថាភាពបរាជ័យជួយឲ្យពួកគេរីកចម្រើន។ ដូចនេះ សូមកុំខ្លាចស្រមៃធំ។
៨) ស្រេកឃ្លានចំណេះដឹង៖ មនុស្សដែលមានអាយុវែងជាមនុស្សដែលចូលចិត្តរៀនសូត្រ។ ការអប់រំរបស់អ្នកមិនបញ្ចប់ត្រឹមតែនៅសាលានោះទេ។ អ្នកត្រូវតែរៀនអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃ ដោយអ្នកអាចអានសៀវភៅ ឬចំណាយពេលជាមួយមនុស្សដែលមានដែលមានចំណេះដឹងច្រើនជាងអ្នកជាដើម។
៩) ចំណាយពេលជាមួយមនុស្សសំខាន់៖ មនុស្សជាច្រើនបានឆ្លើយថា គ្រួសារនិងមិត្តភក្ភិ គឺជារឿងដ៏សំខាន់ជាងគេក្នុងជីវិតរបស់ពួកគេ។ បើទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ អ្នកគួរតែឆ្លៀតពេលនិងចំណាយពេលខ្លះជាមួយក្រុមគ្រួសារ និងមិត្តភក្ភិរបស់អ្នក។ ការចំណាយពេលជាមួយពួកគេគឺធ្វើឲ្យជីវិតរបស់អ្នកមានន័យ ស្រស់បំព្រង។
១០) ការដឹងគុណ៖ ការសិក្សាមួយបានរកឃើញថាមនុស្សដែលមានការដឹងគុណ មានភាពសប្បាយរីករាយ មានគំនិតសុទិដ្ឋិនិយម និងមានការគេងស្កប់ស្កល់ជាងមនុស្សធម្មតា។ ដូចនេះ អ្នកត្រូវចេះដឹងគុណ មានសមានចិត្តល្អ ដោយការនិយាយថាអរគុណទៅកាន់មនុស្សដែលមានឥទ្ធិពលលើអ្នក៕ បានអានហើយឬនៅ?៖ ចំណុច ៤យ៉ាងដែលអ្នកត្រូវឈប់ជាបន្ទាន់ប្រសិនជាអ្នកចង់រស់បានយូរ
ដោយ៖ លង់ វណ្ណៈ