ទាំងនេះគឺជាវិធី ៣យ៉ាងដែលភ្នែករបស់អ្នកគួរទទួលបានការថែទាំ
បញ្ហាភ្នែកបានក្លាយជាបញ្ហាដ៏ចម្បងមួយដែលមនុស្សទូទាំងសកលលោកមិនថាចាស់ឬក្មេងនោះទេ សុទ្ធតែកំពុងរស់នៅជាមួយវាទាំងអស់។ ដូច្នេះដោយដឹងនូវវិធីថែទាំភ្នែក៣យ៉ាងខាងក្រោមនេះ នោះអ្នកនឹងអាចថែទាំភ្នែករបស់អ្នកឲ្យមានសុខភាពល្អបាន៖
១) អាហារដែលមានសុខភាពល្អ
តើអាហារអ្វីខ្លះដែលជំនួយដល់សុខភាពភ្នែករបស់អ្នកឲ្យល្អប្រសើរបាន ? ជីវជាតិបំប៉នដូចជាអូមេហ្កា៣ វីតាមីនA វីតាមីនLutein អាស៊ីដខ្លាញ់ល្អ ជាតិស័ង្កសី វីតាមីនCនិងE ទាំងនេះសុទ្ធតែជួយគាំទ្រដល់ភ្នែករបស់អ្នកឲ្យដំណើរការមុខងាររបស់វាបានល្អប្រសើរ និងជួយទប់ស្កាត់ភ្នែករបស់អ្នកពីការកកើតឡើងនូវជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃចក្ខុប្រសាទផងដែរ។ ជីវជាតិបំប៉នទាំងនោះអាចរកបាននៅក្នុងអាហារដូចជា ពពួកបន្លែបៃតង សាច់ត្រីដូចជា ត្រីសាលមន ត្រីធូណា ស៊ុត គ្រាប់ធញ្ញជាតិ និងផ្លែក្រូចជាដើម។
បានអានឬនៅ ? តើគួរទទួលទានអាហារអ្វី ដើម្បីជំនួយដល់ភ្នែករបស់អ្នកមានភាពល្អប្រសើរ?
២) សម្រាកភ្នែករបស់អ្នកឲ្យបានញឹកញាប់
បើអ្នកឧស្សាហ៍ប្រើប្រាស់ភ្នែកដើម្បីសម្លឹងមើលអេក្រង់កុំព្យូទ័រឬអានសៀវភៅ នោះអ្នកគួរតែសម្រាកភ្នែករបស់អ្នកឲ្យបានយ៉ាងហោចណាស់ជារៀងរាល់២០នាទីម្ដង ហើយក្រោកឈរដើរចេញទៅក្រៅក្នុងរយៈពេល២ម៉ោងម្ដង។ ជាការល្អណាស់បើសិនជាអ្នកអាចទិញកូនរុក្ខជាតិដែលអាចដាក់តាំងនៅលើតុធ្វើការរបស់អ្នក ដើម្បីឲ្យអ្នកអាចសម្លឹងមើលវានៅពេលត្រូវការសម្រាកភ្នែកម្ដងៗ នោះវាក៏ជួយសម្រាលភ្នែករបស់អ្នកមិនឲ្យមានសម្ពាធពេកនោះដែរ។
៣) គួរជួបគ្រូពេទ្យភ្នែកឲ្យបានជាប់លាប់
កិច្ចការនេះក៏ជារឿងចាំបាច់មួយទៀតដែលអ្នកគួរធ្វើដើម្បីថែទាំសុខភាពភ្នែករបស់អ្នកដែរ ហើយការទៅជួបគ្រូពេទ្យនេះក៏អាចផ្ដល់សញ្ញាដល់អ្នកបានទាន់ពេលវេលានៅក្នុងករណីដែលភ្នែករបស់អ្នកមានបញ្ហាផ្សេងៗ។ សញ្ញាដែលប្រាប់ថាអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីទទួលការពិនិត្យ មានដូចជាព្រិលភ្នែក ពិបាកក្នុងការសម្លឹងមើលវត្ថុផ្សេងៗនៅពេលយប់ ពិបាកនៅក្នុងការសម្លឹងមើលសៀវភៅឬអេក្រង់កុំព្យូទ័រ មានភាពតានតឹងរងសម្ពាធនៅក្នុងភ្នែក និងមានអាការឈឺក្បាលនៅពេលប្រឹងសម្លឹងមើល៕
សូមអាន៖ តើសកម្មភាពអ្វីខ្លះដែលអ្នកមិនត្រូវធ្វើទៅលើភ្នែករបស់អ្នក ដែលអាចបង្កជាបញ្ហាដល់វាបាន?
ដោយ៖ ស្រីពៅ