រឿងល្អៗទាំងនេះនឹងកើតឡើង ប្រសិនបើអ្នកឈប់ខ្វល់ហួសហេតុពីការគិតរបស់អ្នកដទៃ ហើយងាកមកធ្វើអ្វីដែលខ្លួនពេញចិត្ត!
មនុស្សភាគច្រើន មិនអាចសម្រេចការងារជាដុំកំភួនបាន ពេលខ្លះមិនមែនដោយសារតែពួកគេគ្មានសមត្ថភាពនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ អាចបណ្ដាលមកពីមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត ព្រោះខ្លាចការរិះគន់របស់អ្នកដទៃ។ ក្នុងន័យនេះមិនមែនមានន័យថា អ្នកមិនត្រូវស្ដាប់យោបល់របស់គេនោះទេ ប៉ុន្តែមានន័យថា អ្នកត្រូវត្រិះរិះរកចំណុចល្អៗពីគំនិតរបស់អ្នកដទៃ ហើយដើរឆ្ពោះទៅកាន់វិធីដែលពេញចិត្ត មិនមែនឲ្យអ្នកដទៃសម្រេចចិត្តជំនួសនោះទេ។ ខាងក្រោមនេះ ចំណុចល្អៗនឹងកើតឡើង នៅពេលអ្នកឈប់ខ្វល់ហួសហេតុពីការគិតរបស់អ្នកដទៃ៖
១) អ្នកមានពេលគ្រប់គ្រាន់ ដើម្បីឆ្ពោះទៅអ្វីដែលអ្នកពេញចិត្ត៖ ប្រសិនបើអ្នកមិនហ៊ានសម្រេចធ្វើអ្វីដែលខ្លួនចង់ធ្វើ ដោយខ្លាចអ្នកដទៃរិះគន់ ឬ និយាយក្នុងផ្លូវមិនល្អនោះ វាគ្មានថ្ងៃណាដែលអ្នកអាចដើរដល់គោលដៅនោះទេ។ ប្រសិនបើអ្វីដែលអ្នកចង់ធ្វើនោះ គឺជារឿងត្រឹមត្រូវ ហើយវានឹងមានលទ្ធភាពល្អមែន អ្នកត្រូវតែធ្វើវា ដោយមិនបាច់ខ្វល់ជាមួយនឹងការគិតរបស់អ្នកដទៃច្រើនពេកនោះទេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានគំនិតផ្សេងគ្នាទាំងអស់។
២) ក្លាយជាមនុស្សមានលេចធ្លោ៖ នៅពេលដែលអ្នក ហ៊ានដើរឆ្ពោះទៅកាន់វិធីជីវិតដែលខ្លួនចង់បាន ដោយមិនខ្លាចសម្ពាធពីមនុស្សជុំវិញខ្លួននោះ អ្នកនឹងក្លាយជាមនុស្សដែលលេចធ្លោ ព្រោះថាមិនសូវមានមនុស្សប្រភេទនេះឡើយ។ ថ្វីត្បិតតែជាទូទៅវាហាក់ដូចជា អ្នកស្ថិតក្នុងការរិះគន់ ឬ ការគិតមិនល្អរបស់មនុស្សមួយចំនួនក្ដី ប៉ុន្តែក្នុងក្រសែភ្នែករបស់មនុស្សមួយចំនួនធំ អ្នកគឺជាបុគ្គលដ៏អស្ចារ្យម្នាក់ដែលជម្នះឧបសគ្គផ្សេងៗដើម្បីសម្រេចគោលដៅរបស់ខ្លួន។
៣) អ្នកអាចរីករាយជាមួយសុភមង្គលដែលខ្លួនឯងជាអ្នកបង្កើត៖ វាគ្មានសុភមង្គលណាមួយដែលអាចកើតឡើងដោយសារកណ្ដាប់ដៃរបស់អ្នកដទៃនោះទេ ពោលគឺទាល់តែអ្នកបង្កើតវាដោយខ្លួនឯងទើបបាន។ ដូច្នេះហើយ បើអ្នកអាចជម្នះនូវបញ្ហាផ្សេងហើយដើរឆ្ពោះទៅកាន់អ្វីដែលអ្នកពេញចិត្តនោះ វាគឺជាការសាងសុភមង្គលមួយដែលចាំបាច់ត្រូវតែមាន។
៤) អ្នកអាចសម្រេចលទ្ធផលលឿនជាងអ្នកដទៃ៖ នៅពេលណាអ្នកធ្វើអ្វីមួយ ដែលខ្លួនឯងពេញចិត្តជាខ្លាំងនោះ វាជាការជំរុញទឹកចិត្តមួយក្នុងការធ្វើកិច្ចការទាំងនោះអស់ពីលទ្ធភាព និង សមត្ថភាព។ ដូច្នេះលទ្ធផលក៏ឆាប់ចេញជារូបរាងផងដែរ បើធៀបជាមួយមនុស្សដែលធ្វើអ្វីមួយផ្អែកតែលើមតិរបស់អ្នកដទៃនោះ៕
ដោយ៖ អ៊ុន ភក្តី