គន្លឹះទាំង ៤យ៉ាងធ្វើឲ្យបុគ្គលិកធ្វើការពីចម្ងាយ ធ្វើការយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់
បុគ្គលិកធ្វើការងារពីចម្ងាយអាចជួយក្រុមហ៊ុនឲ្យរីកចម្រើនជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការធ្វើការពីចម្ងាយតែងតែជួបប្រទះនូវបញ្ហាប្រឈមនានាជាច្រើន ដូចជាប្រសិទ្ធភាពការងារមិនប្រសើរជាដើម។ ដូចនេះ BizKhmer សូមចែករំលែកគន្លឹះទាំង ៤យ៉ាងដើម្បីធ្វើឲ្យបុគ្គលិកធ្វើការពីចម្ងាយធ្វើការយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដែលដកស្រង់ចេញពីគេហទំព័រ inc-asean៖
១) ទំនាក់ទំនងឲ្យបានញឹកញាប់៖ រឿងដែលសំខាន់បំផុតសម្រាប់ក្រុមធ្វើការពីចម្ងាយនោះគឺការទំនាក់ទំនង។ សមាជិកក្រុមនីមួយៗត្រូវតែឆ្លើយតបការហៅតាមទូរស័ព្ទ ការផ្ញើរសារ ឬតាមអ៊ីម៉ែលឲ្យបានទៀងទាត់។ ប្រសិនបើសមាជិកក្រុមណាម្នាក់ជាប់រវល់ក្នុងហេតុផលណាមួយ សមាជិកនោះត្រូវផ្ញើរសារទៅក្រុមរបស់ខ្លួនជាបន្ទាន់ដើម្បីឲ្យពួកបានគេដឹង។ ដូចនេះ អ្នកគួរតែបង្កើតក្រុមទំនាក់ទំនងសម្រាប់ក្រុមទាំងមូលនៅលើកម្មវិធីទំនាក់ទំនងសង្គមនានាៗ ដើម្បីឲ្យសមាជិកក្រុមនីមួយៗអាចធ្វើការទាក់ទងគ្នាបានកាន់តែងាយស្រួល។ បានអានហើយឬនៅ? ធ្វើដូចម្ដេចទើបមានអារម្មណ៍ចង់ធ្វើការវិញ ក្រោយការឈប់សម្រាកយូរថ្ងៃ?
២) ផ្ដល់ការទុកចិត្ត៖ ការធ្វើការពីចម្ងាយទាមទារការជឿទុកចិត្តគ្នា ពីព្រោះវាជារឿងពិបាកក្នុងការគ្រប់គ្រងសមាជិកម្នាក់ៗឲ្យមានទំនួលខុសត្រូវលើភារៈកិច្ចរៀងៗខ្លួន។ អ្នកត្រូវផ្ដល់ទំនុកទុកចិត្តទៅលើមនុស្សដែលអ្នកដឹងថាពួកគេអាចធ្វើការដោយឯករាជ្យដោយមិនចាំបាច់មានអ្នកគ្រប់គ្រង។ អ្នកមិនគ្រាន់តែទុកចិត្តលើពួកគេនោះទេ ប៉ុន្តែថែមទាំងទុកចិត្តលើលទ្ធផលការងាររបស់ពួកគេផងដែរ។
៣) មានភាពបត់បែន៖ ការធ្វើការជាក្រុមពីចម្ងាយវាទាមទារឲ្យមានការភ្ជាប់ទំនាក់ទំនងគ្នាជាប្រចាំ។ ប្រសិនបើមានសមាជិកណាម្នាក់ក្នុងក្រុមមានបញ្ហា ឬជាប់ទុកធុរៈផ្សេងៗ ដោយមិនអាចចូលរួមប្រជុំបាន សមាជិកក្រុមផ្សេងទៀតត្រូវតែគោរពលើសេរីភាពរបស់ពួកគេ។ សមាជិកក្រុមដែលធ្វើការច្រើនលើសពេកគឺជាសមាជិកក្រុមដែលធ្វើការមិនសូវទទួលបានប្រសិទ្ធភាពល្អ។
៤) ការរៀបចំកាលវិភាគ៖ ការប្រជុំជាប្រចាំសប្ដាហ៍ ឬពីរដងក្នុងមួយសប្ដាហ៍គឺជាការចាំបាច់។ អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយក្រុមជាប្រចាំ។ ការណាត់ប្រជុំជាក្រុមដោយមានកាលវិភាគច្បាស់លាស់ដែលអាចជួយឲ្យសមាជិកម្នាក់ៗត្រៀមខ្លួនរួចរាល់ និងអាចចាត់ចែងការងារសម្រាប់សមាជិកម្នាក់ៗកាន់តែស្រួលផងដែរ។ ការបង្កើតកាលវិភាគច្បាស់លាស់នឹងជួយឲ្យក្រុមរបស់អ្នកឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ និងធ្វើការកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ លង់ វណ្ណៈ