សម្រាប់អ្នកមានបញ្ហាគេងមិនលក់ ទាំងនេះគឺជាអាហារ៥ប្រភេទដែលអ្នកគួរទទួលទានមុនពេលចូលគេង​



ការ​គេង​មិន​បាន​លក់​ស្កប់ស្កល់​ជា​ញឹកញាប់ នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ជាច្រើន​សម្រាប់​ការ​បំពេញ​កិច្ចការ​ទាំងឡាយ​របស់​អ្នក​នៅ​ថ្ងៃ​បន្ទាប់។ វា​ប៉ះពាល់​ទាំង​ចំពោះ​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​អ្នក​ក្នុង​ពេល​ដំណាល​គ្នា។ ដូច្នេះ​ហើយ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​អំពី​អាហារ​ដែល​អ្នក​អាច​ទទួលទាន​មុន​ពេល​ចូល​គេង ដែល​ពួក​វា​អាច​បង្កើន​គុណភាព​ដំណេក​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​មុន​បាន៖

១) ទឹកដោះគោ៖ មេឡាតូនីន​គឺជា​អ័រម៉ូន​ដែល​ប្រាប់​រាងកាយ​របស់​អ្នក​ឲ្យ​សម្រាក​ចូល​គេង។ ទឹកដោះគោ​គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ហើយ​កាល់ស្យូម​នេះ​នឹង​ជំរុញ​ឲ្យ​ខួរក្បាល​របស់​អ្នក​ផលិត​មេឡាតូនីន ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​អារម្មណ៍​ថា​ងងុយគេង និង​អាច​ទទួលទាន​ដំណេក​បាន​លក់​ស្កប់ស្កល់​ជាង​មុន។

២) បាយ៖ បាយ​ដែល​អ្នក​ទទួលទាន​សម្រាប់​អាហារ​ពេល​ល្ងាច​ប្រចាំ​ថ្ងៃ​នេះ ក៏​ដើរតួ​សំខាន់​មួយ​នៅ​ក្នុង​ការ​ជំរុញ​អ្នក​ដែល​មាន​បញ្ហា​ដំណេក​ឲ្យ​ឆាប់​គេង​លក់​បាន​ដែរ។ នេះ​ក៏​ព្រោះ​តែ​នៅ​ក្នុង​បាយ មាន​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត​ខ្ពស់ ហើយ​សារធាតុ​នេះ​នឹង​ត្រូវ​បាន​បម្លែង​ជា​គ្លុយកូស​នៅ​ពេល​ត្រូវ​បាន​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ឆាប់​រហ័ស​ជាង​អាហារ​ដែល​មាន​កម្រិត​ជាតិ​កាបូអ៊ីដ្រាត​ទាប​ជាង។ ប៉ុន្តែ ដោយសារ​តែ​ការ​រំលាយ​អាហារ​ប្រព្រឹត្ត​ទៅ​រហ័ស​ជាង​នៅ​ពេល​អ្នក​ទទួលទាន​បាយ នោះ​វា​ក៏​មានន័យ​ថា​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ក៏​ប្រព្រឹត្ត​ទៅ​ខ្លាំង​ជាង​អាហារ​ដែល​ត្រូវ​បាន​រំលាយ​យឺត​ជាង​ដែរ។ ដូចនេះ​អ្នក​ក៏​មិន​គួរ​បរិភោគ​វា​ច្រើន​ពេក​នោះ​ដែរ។

៣) ផ្លែ​ចេក៖ ផ្លែ​ចេក​សម្បូរ​ដោយ​ម៉ាញេស្យូម​និង​ប៉ូតាស្យូម ដែល​សារធាតុ​ទាំងពីរ​នេះ​សុទ្ធតែ​អាច​ជួយ​បន្ធូរ​សាច់ដុំ​របស់​អ្នក​ដែល​ធ្វើការ​ខ្លាំង​ពេក​ឲ្យ​ធូរស្រាល​ជាង​មុន​បាន។ ហេតុផល​នេះ​ហើយ​ដែល​វា​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ចេក​មុន​ពេល​ចូល​គេង បើ​សិន​ជា​អ្នក​តែង​មាន​បញ្ហា​ក្នុង​ការ​គេង​លក់​ស្កប់ស្កល់។

៤) គ្រាប់ធញ្ញជាតិ៖ ដូច​ផ្លែ​ចេក​ដែរ គ្រាប់ធញ្ញជាតិ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ការ​ទទួល​បាន​នូវ​ជាតិ​ម៉ាញេស្យូម ដែល​ជួយ​ឲ្យ​សាច់ដុំ​របស់​អ្នក​សម្រាក​បាន។ មិនតែប៉ុណ្ណោះ គ្រាប់ធញ្ញជាតិ​តែង​សម្បូរ​ដោយ​ប្រូតេអ៊ីន​ជាច្រើន​ដែល​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ឲ្យ​មាន​តុល្យភាព ហើយ​ក៏​ជួយ​គាំទ្រ​ដល់​ដំណេក​របស់​អ្នក​ផង​ដែរ។

៥) ទឹកឃ្មុំ៖ ទឹកឃ្មុំ​គឺជា​ស្ករ​ធម្មជាតិ​មួយ​បែប ដែល​មាន​គុណប្រយោជន៍​ច្រើន​បែប​សម្រាប់​អ្នក។ ក្នុង​នោះ​វា​ក៏​ជួយ​គាំទ្រ​ដល់​ដំណេក​របស់​អ្នក​ឲ្យ​លក់​ស្កប់ស្កល់​បាន​ដែរ។ មុន​ពេល​ចូល​គេង អ្នក​អាច​លាយ​ទឹកឃ្មុំ​ជាមួយ​តែ​ក្ដៅ​អ៊ុនៗ ឬ​ក៏​ទឹកដោះគោ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ពី​វា​មិនខាន៕

ដោយ៖ ស្រីពៅ

X
5s