ហេតុអ្វីជីវជាតិបំប៉នក្នុងការ៉ុតមានសារសំខាន់សម្រាប់អ្នក?​



ការ៉ុត​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ងាយស្រួល​នៅ​ក្នុង​ការ​ស្វែងរក​ដើម្បី​យក​មក​ទទួលទាន និង​អ្វី​ដែល​សំខាន់​ជាង​នេះ​នោះ​គឺ បន្លែ​នេះ​មាន​ប្រយោជន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ដំណើរការ​រាងកាយ​របស់​មនុស្ស​យើង។ អ្នក​អាច​យក​វា​ទៅ​ចម្អិន ឬ​ទទួលទាន​ឆៅ ឬ​ក៏​អាច​យក​ទៅ​កិន​ធ្វើ​ជា​ទឹក​ការ៉ុត​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ហើយ​តាម​របៀប​ណា​ក៏​វា​នៅ​តែ​អាច​ផ្ដល់​ប្រយោជន៍​របស់​វា​ដល់​អ្នក​បាន​ដែរ។

ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង​៣​ដែល​អ្នក​គួរ​ទទួលទាន​ការ៉ុត​ជា​ប្រចាំ៖

១) ថែទាំ​សុខភាព​របស់​ខួរក្បាល​និង​ដំណើរការណ៍​របស់​វា

ទាំង​ការ៉ុត​ឆៅ​និង​ទឹក​ការ៉ុត វា​សុទ្ធតែ​មាន​សមត្ថភាព​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ភ្លេចភ្លាំង និង​ជួយ​បង្កើន​ការ​ចងចាំ ក៏​ដូចជា​ការពារ​ពី​ជំងឺ​ដទៃ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​អន់ថយ​នៃ​ដំណើរការណ៍​ខួរក្បាល​របស់​អ្នក​ផង​ដែរ។

២) សុខភាព​ភ្នែក

ចំពោះ​ដំណើរការ​នៃ​ភ្នែក​របស់​អ្នក វីតាមីនA​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់។ នៅ​ក្នុង​ការ៉ុត​ឆៅ​ក៏​ដោយ ឬ​ក៏​អ្នក​ចង់​យក​វា​ទៅ​កិន​ធ្វើ​ទៅ​ទឹក​ការ៉ុត​ក៏​ដោយ វា​សុទ្ធតែ​ផ្ដល់​វីតាមីនA​ឲ្យ​អ្នក ក្នុង​ទម្រង់​ជា​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Beta carotene គឺជា​សារធាតុ​ដែល​បាន​ផ្ដល់​ពណ៌​ទឹកក្រូច​ដល់​ការ៉ុត ព្រម​ទាំង​សារធាតុ​គីមី​២​ប្រភេទ​ទៀត​ដែល​មាន​ឈ្មោះ​ថា Lutein និង Zeaxanthin ដែល​ទាំងអស់​នេះ​សុទ្ធតែ​ធ្វើការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​ទាំងឡាយ​ដែល​បណ្ដាល​ឲ្យ​មុខងារ​របស់​ភ្នែក​អន់ថយ​ជាង​មុន ជាពិសេស​នៅ​ពេល​មនុស្ស​មាន​អាយុ​កាន់តែ​ច្រើន។ ការ​ទទួលទាន​ទឹក​ការ៉ុត​ឬ​ការ៉ុត​ឆៅ​ជា​ប្រចាំ នឹង​អាច​ជួយ​អ្នក​ពី​ការ​កកើត​ឡើង​នូវ​ជំងឺ​ងងឹត​ភ្នែក និង​ជំងឺ​ភ្នែក​ឡើង​បាយ។

៣) ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​វត្តមាន​នៅ​ក្នុង​ការ៉ុត​មាន​ដូចជា Beta carotene វីតាមីនC Lutein និង Zeaxanthin ពួក​វា​ទាំងអស់​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ដោយ​វា​ធ្វើការ​ការពារ​រាងកាយ​របស់​អ្នក​ពី​ពពួក​រ៉ាឌីកាល់​សេរី ពពួក​វីរុស​និង​មេរោគ​បាក់តេរី​ដែល​មាន​គ្រោះថ្នាក់ និង​ការ​ចម្លង​មេរោគ​ផ្សេងៗ។ លើស​ពី​នេះ​ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​រក​ឃើញ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​នៅ​ក្នុង​ការ៉ុត អាច​ទប់ទល់​ប្រឆាំង​ជាមួយ​នឹង​ការ​កកើត​ឡើង​នៃ​ជំងឺ​មហារីក​ផង​ដែរ៕

ដោយ៖ ស្រីពៅ

X
5s