អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ៖«ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន គឺជារឿងល្អសម្រាប់យុវជនខ្មែរ»
បច្ចុប្បន្ននេះគេសង្កេតឃើញថា មានយុវជនខ្មែរជាច្រើនរូបកំពុងតែផុសផុលក្នុងការបង្កើតនូវមុខជំនួញនិងរបររកស៊ីផ្ទាល់ខ្លួន នេះដោយសារពួកគេយល់ថាការរកស៊ីដោយខ្លួនឯងគឺអាចឲ្យពួកគេរកចំណូលបានច្រើនជាជាងការស៊ីឈ្នួលឬការធ្វើការងារឲ្យគេ។ អ្នកជំនាញសេដ្ឋកិច្ចលោក ង៉ែត ជូ បានលើកឡើងថា សេដ្ឋកិច្ចមួយដើរគឺត្រូវការវិស័យឯកជនរឹងមាំត្រូវការមេសហគ្រិនច្រើននិងត្រូវការអ្នកបង្កើតការងារច្រើនជាជាងអ្នកដែលកាន់ប្រវត្តរូបទៅសុំការងារពីគេច្រើនហួសហេតុពេកដោយមិនមានអ្នកមកជួយបង្កើតការងារ កាលណាមានសហគ្រិនឬមានយុវជនច្រើនដែលធ្វើអាជីវកម្ម គឺពួកគាត់ក៏បានចូលរួមចំណែកនូវក្នុងការបង្កើតការងារដល់ប្រជាជនខ្មែរដ៏ទៃទៀតជំនួសឲ្យការប្រកួតប្រជែងគ្នាដណ្ដើមទីផ្សារការងារផងដែរ។
ប៉ុន្តែការសម្រេចចិត្តបើកអាជីវកម្មមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដូច្នេះយុវជនគួរសួរខ្លួនឯងជាមុនសិនថាតើខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមអាជីវកម្មហើយឬនៅ? តើយុវជនគួរមានលក្ខណៈសម្បត្តិអ្វីខ្លះមុននឹងសម្រេចបង្កើតអាជីវកម្មផ្ទាល់ខ្លួន? ចំពោះសំណួរដែលចោទសួរខាងលើអ្នកជំនាញសេដ្ឋកិច្ចលោក ង៉ែត ជូ បានបកស្រាយបន្ថែមថា លក្ខណៈសម្បត្តិដែលយុវជនគួរមានមុននឹងសំរេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនគឺ៖
១) ស្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន បើចង់ជោគជ័យកុំចេះតែធ្វើអាជីវកម្មតាមការអូសទាញរបស់អ្នកដទៃ។ អ្នកត្រូវយល់ដឹងពីប្រភេទមុខរបរដែលសមស្របនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។ ប្រការនេះអាចអោយអ្នកមានការតស៊ូ អត់ធ្មត់ មិនងាយបោះបង់នៅពេលជួបឧបសគ្គ។
២) លក្ខណ្ឌ ចំណេះ ជំនាញ និងបទពិសោធន៍ មានមេរៀនជាច្រើនពីបុគ្គលជោគជ័យក្នុងពិភពលោកដូចជាលោក Bill Gates ដែលជាស្ថាបនិករបស់Microsoft ជាដើម ដែលលោកធ្វើអាជីវកម្មព្រោះលោកចូលចិត្ត និងមានចំណេះដឹងផ្នែក Software។ ដូចគ្នានេះដែរ យើងអាចសង្កេតឃើញថា មានមនុស្សជាច្រើនចេញមកបើកក្រុមហ៊ុនអចលនទ្រព្យបានជោគជ័យបន្ទាប់ពីមានបទពិសោធន៍ធ្វើការឱ្យក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតជាច្រើនឆ្នាំ។ យោបល់របស់ខ្ញុំចំពោះយុវជនគឺថា យុវជនគួរតែធ្វើការឱ្យគេលើប្រភេទអាជីវកម្មដែលខ្លួនចង់ចាប់ផ្តើមឱ្យបានយ៉ាងតិច ៣-៥ឆ្នាំដើម្បីសន្សំចំណេះ ទុន និងបទពិសោធន៍ ជាមុនសិន មុននឹងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
៣) សមត្ថភាពក្នុងការកៀរគរទុន និងគ្រប់គ្រងហិរញ្ញវត្ថុ អ្នកនឹងមិនជោគជ័យនោះទេ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ និងកៀរគរទុនពីប្រភពដែលមានការប្រាក់ទាប។ ក្រុមហ៊ុនមួយចំនួនមានការលក់ល្អ ទទួលបានចំណូលច្រើន ប៉ុន្តែមានវិបត្តិលំហូរសាច់ប្រាក់ ជំពាក់អ្នកផ្គត់ផ្គង់ មិនមានលទ្ធភាពបើកក្រាក់ខែជូនបុគ្គលិកទាន់ពេល។ល។
៤) សមត្ថភាពក្នុងការធ្វើការងារជាក្រុម និង មានទំនាក់ទំនងសង្គមទូលំទូលាយ អ្នកអាចមានក្តីស្រមៃបង្កើតអាជីវកម្មតែម្នាក់ឯង ប៉ុន្តែអ្នកនឹងមិនអាចចំរេចបានក្តីស្រមៃនេះដោយខ្លួនឯងដោយមិនមានការចូលរួមពីអ្នកដទៃនោះទេ។ អ្នកត្រូវការបុគ្គលិកដែលមានសមត្ថភាពដែលអាចបំពេញមុខងារបានល្អ។ សេដ្ឋីជនជាតិចិនលោក Jack Ma បានលើកឡើងថា ក្រុមហ៊ុនរបស់លោកAlibaba មានការរីកចំរើនខ្លាំង ព្រោះលោកចេះប្រើមនុស្សឆ្លាតវៃអោយចេះធ្វើការជាមួយគ្នាដើម្បីសំរេចក្តីស្រមៃរបស់លោក។
៥) សមត្ថភាពក្នុងការច្នៃប្រឌិត ការលក់ និងផ្សព្វផ្សាយ យើងកំពុងស្ថិតក្នុងស្ថានភាពទីផ្សារសេរី សស្ទើរតែគ្រប់អាជីវកម្មមានការប្រគួតប្រជែងខ្លាំងណាស់។ ដូច្នេះអ្នកត្រូវមានសមត្ថភាពរឹងមាំផ្នែកការច្នៃប្រឌិតបង្កើតផលិតផលថ្មីៗដែលប្លែកគេ ចេះយុទ្ធសាស្រ្តលក់ និងយល់ដឹងពីរបៀបផ្សព្វផ្សាយដែលមានប្រសិទ្ធិភាពខ្ពស់។
៦) សមត្ថភាពក្នុងការវិភាគ និងទទួលយកហានិភ័យ អ្នកត្រូវយល់ដឹងពីហានិភ័យដែលនឹងកើតមានឡើងចំពោះអាជីវកម្មដែលអ្នកចង់ចាប់ផ្តើម។ អ្នកត្រូវសួរថា តើអ្នកនឹងបញ្ជៀស ឬទប់ទល់នឹងហានិភ័យនោះបានយ៉ាងដូចម្តេច? ប្រសិនបើអាជីវកម្មរបស់អ្នកបរាជ័យទាំងស្រុង ត្រូវបិទទ្វារ តើអ្នកត្រូវធ្វើអ្វីដើម្បីចិញ្ចឹមជីវិត និងគ្រូសារ?
អត្ថបទ៖ ជួប ស្រីរ័ត្ន