តើភាពយឺតយ៉ាវចំពោះការសម្រេចចិត្តទៅលើបញ្ហាអ្វីខ្លះ ដែលអាចនាំឲ្យអាជីវកម្មអ្នកជួបបញ្ហាបាន?
អាជីវកម្មជាច្រើនដែលបានបើកហើយក៏ដួលរលំទៅវិញ។ ការដួលរលំនេះមានហេតុប្រការច្រើនយ៉ាងអាស្រ័យទៅលើស្ថានភាពខុសៗគ្នារបស់អាជីវកម្មនីមួយៗ។ ទោះជាយ៉ាងណា មានការយឺតយ៉ាវចំពោះការសម្រេចចិត្តទៅលើបញ្ហា៣យ៉ាង ដែលនាំឲ្យអាជីវកម្មមួយជួបនឹងបញ្ហាបាន៖
អត្ថបទទាក់ទង៖ តើគួរធ្វើបែបណាទើបអាចទាក់ទាញវិនិយោគិនឲ្យជឿជាក់ និងរួមសហការជាមួយនឹងអ្នកបាន?
១) យឺតយ៉ាវក្នុងការពង្រីកអាជីវកម្ម៖ ក្នុងដំណាក់កាលមួយដែលអាជីវកម្មរបស់អ្នកកំពុងតែរីកចម្រើន វាគឺជាសញ្ញាមួយដែលដាស់តឿនអ្នកឲ្យគិតគូរពីការពង្រីកអាជីវកម្មរបស់អ្នក។ បើផលិតផលឬសេវាកម្មរបស់អ្នកកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងជាទីតម្រូវការរបស់អតិថិជនយ៉ាងច្រើនផងនោះ នោះវាប្រាកដជាចាំបាច់ណាស់ដែលអ្នកត្រូវគិតគូរថាតើអ្នកត្រូវជួលបុគ្គលិកថ្មីៗបន្ថែមមកទៀតឬយ៉ាងណា និងថាតើការចំណាយអ្វីខ្លះដែលអ្នកត្រូវចាយវាយទៅលើ និងការស្វែងរកដៃគូសហការអាជីវកម្មជាដើម។ ពុំនោះទេបើអ្នកយឺតយ៉ាវក្នុងការគិតគូរពីរឿងនេះ នោះវាអាចនឹងបង្អាក់ដំណើរការរបស់អ្នកមិនឲ្យប្រព្រឹត្តទៅរលូនបាន។
២) បង្រួមអាជីវកម្មឲ្យតូចជាងមុន៖ មានពេលខ្លះកាលៈទេសៈគឺតម្រូវឲ្យអ្នកត្រូវបង្រួមអាជីវកម្មរបស់អ្នកឲ្យតូចជាងមុនទៅវិញ ហើយវាក៏ជារឿងសំខាន់ណាស់ដែរដែលអ្នកត្រូវរហ័សនៅក្នុងការដោះស្រាយបញ្ហានេះ។ បើអ្នកដាក់ចិត្តថាចង់សម្រេចគោលដៅអាជីវកម្មរបស់អ្នកឲ្យទទួលបានជោគជ័យ នោះអ្នកគួរតែផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់អ្នក តែមិនមែនគោលដៅរបស់អ្នកនោះឡើយ។ បើអ្នកគិតថាការដកបុគ្គលិកចេញខ្លះនឹងជាការចាំបាច់អាចដោះស្រាយបញ្ហាអ្នកបាន នោះអ្នកក៏គួរតែធ្វើបែបនោះទៅ។
៣) ចាប់យកឱកាស៖ តម្រូវការថ្មីរបស់អតិថិជនអាចជាដើមទុនគំនិតដ៏ល្អមួយ សម្រាប់ឲ្យអ្នកចាប់ផ្ដើមចាប់យកឱកាសថ្មីមួយទៀតដើម្បីឲ្យអាជីវកម្មរបស់អ្នកបានរីកចម្រើនជាងមុន។ អ្នកអាចរៀនបានច្រើនពីពួកគេ។ មានពេលជាច្រើនដែលអ្នកនឹងជួបប្រសព្វជាមួយនឹងស្ថានការណ៍មួយដែលអតិថិជនរបស់អ្នកបានជួបបញ្ហានេះ បញ្ហានោះ ដែលពួកគេមានជាមួយនឹងផលិតផលឬសេវាកម្មរបស់អ្នក។
ឬក៏អាចជាស្ថានការណ៍មួយដែលអតិថិជនរបស់អ្នកមួយចំនួនទៀតនឹងលើកឡើងថា ហេតុអ្វីក៏អ្នកមិនបន្ថែមលក្ខណៈនេះឬលក្ខណៈនោះទៅលើផលិតផលរបស់អ្នកទៅ។ ពួកគេកំពុងតែផ្ដល់ដើមទុនគំនិតដ៏ល្អមួយសម្រាប់អ្នក។ បើទោះជាវាជារឿងសំខាន់ដែលអ្នកមិនគួរអូសបន្លាយយូរក្នុងការគិតគូរពីវា ប៉ុន្តែអ្នកក៏ត្រូវថ្លឹងថ្លែងពីគុណសម្បត្តិនិងគុណវិបត្តិនៅក្នុងការចាប់ផ្ដើមអនុវត្តគំនិតណាមួយនោះដែរ៕
សូមអាន៖ តើការចំណាយអ្វីខ្លះ ដែលអ្នកមិនគួររារែកសម្រាប់ដំណើរការអាជីវកម្មរបស់អ្នកក្នុងដំណាក់កាលដំបូង?
ដោយ៖ ស្រីពៅ