លក្ខណៈសម្បត្តិ ១០យ៉ាងនេះហើយដែលធ្វើឲ្យបុគ្គលជោគជ័យខុសប្លែកពីមនុស្សសាមញ្ញធម្មតា
ដើម្បីភាពជោគជ័យមនុស្សម្នាក់ៗត្រូវតស៊ូកាត់ព្យុះកាត់ភ្លៀងក្នុងជីវិតរាប់មិនអស់។ បុគ្គលជោគជ័យក៏មានរឿងមិនខុសពីមនុស្សធម្មតានោះដែរ ដោយពួកគេត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន និងធ្លាប់ភ្លក្សរសជាតិល្វីងជូរចត់ក្នុងជីវិតជាច្រើនទម្រាំតែរកឃើញពន្លឺនៃភាពជោគជ័យ។ ប៉ុន្តែពួកគេមានលក្ខណៈសម្បត្តិពិសេសមួយចំនួនដែលធ្វើឲ្យពួកគេខុសពីមនុស្សសាមញ្ញធម្មតា។ ដូចនេះ BizKhmer សូមចែករំលែកលក្ខណៈសម្បត្តិ១០យ៉ាងដែលបែងចែកមនុស្សជោគជ័យពីមនុស្សសាមញ្ញធម្មតា ដែលដកស្រង់ចេញពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក មកចែកជូនមិត្តអ្នកអាន៖
សូមអាន៖ បុគ្គលជោគជ័យភាគច្រើនសុទ្ធតែមានអត្តចរិតបែបនេះ
១) ភាពក្លាហាន៖ មនុស្សជាច្រើនមានគំនិតល្អៗ តែពួកគេមិនហ៊ានយកគំនិតនោះទៅអនុវត្តនោះទេ។ ផ្ទុយពីមនុស្សសាមញ្ញ មនុស្សជោគជ័យតែងតែមានភាពក្លាហានក្នុងការយកគំនិតល្អៗដែលគេមានទៅបង្កើតជាសកម្មភាព ពីព្រោះតែពួកគេមានផ្នត់គំនិតមួយថាភាពបរាជ័យមិនមែនជាការឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់គេនោះទេ ប៉ុន្តែគេគិតថាវាជាឪកាសក្នុងការរៀនសូត្រដែលមិនអាចកាត់ថ្លៃបាន។
២) អារម្មណ៍នឹងធឹង៖ មនុស្សជោគជ័យជាមនុស្សដែលមានអារម្មណ៍នឹងធឹង។ ពួកគេអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបាន និងចេះប្រើប្រាស់អារម្មណ៍របស់គេឲ្យស្របទៅនឹងស្ថានការណ៍។ ពេលដែលបញ្ហាកើតឡើងលើខ្លួនរបស់គេ ពួកគេរក្សាអារម្មណ៍ស្ងប់ស្ថាត់។ ពួកគេដឹងថាបើទោះបីជាមានរឿងល្អ ឬអាក្រក់កើតឡើងក៏ដោយ អ្វីៗទាំងអស់នឹងផ្លាស់ប្តូរតាមពេលវេលា។ អ្វីដែលបុគ្គលជោគជ័យធ្វើគឺត្រូវចេះរៀនសម្របខ្លួន និងផ្លាស់ប្តូរខ្លួនរបស់ពួកគេទៅនឹងភាពសប្បាយរីករាយ។
៣) ភាពស្មោះត្រង់៖ បុគ្គលជោគជ័យមានជំនឿថាភាពស្មោះត្រង់និងភាពសុចរិកទៀងត្រង់តែងតែស្ថិតថេរជាអមតៈ។ ពួកគេដឹងថាភាពស្មោះត្រង់អាចឲ្យអ្នកបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដ៏ទៃ ប៉ុន្តែភាពមិនស្មោះត្រង់នឹងនាំមកនូវបញ្ហាដល់ខ្លួនវិញជាមិនខាន។ ក្នុងការសិក្សាមួយ បានបង្ហាញថា មនុស្សដែលពូកែកុហក់បោកប្រាស់មានបញ្ហាសុខភាពផ្លូវចិត្តជាងមនុស្សដែលមានភាពសុចរិកទៀងត្រង់។
៤) បង្កើតភាពជោគជ័យតូចៗ៖ បុគ្គលជោគជ័យចូលចិត្តយកឈ្នះខ្លួនឯងនិងចូលចិត្តប្រកួតប្រជែងបើទោះបីជាភាពជោគជ័យនោះទទួលបានមកវិញបន្តិចបន្តួចក៏ដោយ។ ជ័យជំនះតូចៗបង្កើតឲ្យមានការលើកទឹកចិត្ត និងរង្វាន់សម្រាប់ខ្លួនឯង។ នៅពេលដែលអ្នកសម្រេចបាននូវភាពជោគជ័យតូចៗជាច្រើន វាបង្កើតជាទំនុកចិត្តក្នុងខ្លួន និងចំណង់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
៥) ការរៀនសូត្រ៖ បុគ្គលជោគជ័យជាមនុស្សដែលដឹងច្រើនជាងអ្នកដ៏ទៃ ពីព្រោះតែពួកគេរៀនសូត្រជានិច្ច។ ពួកគេជាទូទៅចំណាយពេលទំនេរក្នុងការស្វ័យសិក្សា។ ពួកគេតែងតែស្វែងរកឪកាសដើម្បីបង្កើនសមត្ថភាព និងស្វែងរកអ្វីថ្មីៗដើម្បីរៀនសូត្របន្ថែមទៀត។
៦) ស្គាល់មនុស្សពូកែ៖ គ្មានវិធីដែលងាយស្រួលដែលអាចរៀនសូត្រ ជាជាងការចំណាយពេលជាមួយមនុស្សដែលពូកែជាងអ្នកនោះទេ ពីព្រោះភាពខ្លាំងរបស់គេគឺជាភាពខ្សោយរបស់អ្នក ហើយគំនិតល្អៗរបស់ពួកគេជាអ្វីដែលអ្នកគ្មាន។ ការបន្សាំខ្លួនបែបនេះហើយដែលធ្វើឲ្យពួកគេមានគំនិតថ្មីៗនិងធ្វើឲ្យពួកគេក្លាយជាមនុស្សដែលមានចំណេះដឹងទូលំទូលាយ។
៧) ការបើកគំនិត៖ ការដាក់ខ្លួនអ្នកជាមួយនឹងមនុស្សជាច្រើនប្រភេទគឺជារឿងឥតប្រយោជន៍ប្រសិនបើអ្នកមិនបើកចិត្តទទួលយកគំនិតរបស់អ្នកដទៃ។ អ្នកត្រូវរៀនយកចិត្តអ្នកដទៃដាក់ក្នុងចិត្តរបស់អ្នក។ បុគ្គលជោគជ័យតែងតែគិតថាគ្រប់គំនិតឬមតិយោបល់ទាំងអស់សុទ្ធតែអាចធ្វើឲ្យពួកគេរៀនសូត្របាន។
៨) គ្មានភាពភ័យខ្លាច៖ ភាពភ័យខ្លាចមិនមែនជាអ្វីគួរឲ្យខ្លាចនោះទេ។ ជាជាងឲ្យភាពភ័យខ្លាចគ្រប់គ្រង់ ពួកគេគ្រប់គ្រងភាពភ័យខ្លាចវិញ។ គ្មានភាពភ័យខ្លាចអ្វីដែលអាចមករារាំងពួកគេបានទេ ពីព្រោះពួកគេមានការស្រមើស្រមៃ និងគោលដៅច្បាស់លាស់។
៩) បម្លែងភាពធុញទ្រាន់ទៅជារឿងរីករាយ៖ ការងារទាំងអស់សុទ្ធតែមានភាពធុញទ្រាន់។ សម្រាប់មនុស្សជាច្រើន ភាពធុញទ្រាន់ធ្វើឲ្យពួកគេធ្វើការងារដោយភាពប្រញាប់ប្រញាល់ និងមិនយកចិត្តទុកដាក់។ ប៉ុន្តែបុគ្គលជោគជ័យព្យាយាមរកវិធីបម្លែងភាពធុញទ្រាន់របស់គេទៅជាអ្វីដែលគួរឲ្យចាប់អារម្មណ៍។ ពួកគេព្យាយាមយកឈ្នះខ្លួនគេ ដោយព្យាយាមបង្កើនផលិតផលការងារឲ្យមានប្រសិទ្ធភាព ដោយធ្វើឲ្យមានភាពគួរឲ្យចាប់អារម្មណ៍។
១០) ស្រមៃធំ៖ បើទោះបីជាអ្នកមិនដឹងពីរបៀបសម្រេចក្ដីសុបិន្តធំរបស់អ្នកក៏ដោយ អ្នកត្រូវធ្វើវាបន្ដិចម្ដងៗបើទោះបីជាជំហានតូចៗក៏ដោយ ដោយមិនយូរមិនឆាប់អ្នកនឹងអាចសម្រេចវាបានជាមិនខាន។ ជំហានតូចៗនេះហើយដែលជួយឲ្យបុគ្គលជោគជ័យអាចសម្រេចក្ដីស្រមៃធំរបស់ពួកគេ៕
សូមអាន៖ ទម្លាប់ទាំង ៧ របស់សហគ្រិនជោគជ័យ
ដោយ៖ លង់ វណ្ណៈ