ប្រសិនអ្នកមានកូន អ្នកគួរតែបង្រៀនកូនឲ្យចេះសន្សំលុយពីវ័យក្មេងទៅតាម ៣របៀបនេះ
ជីវិត គឺជាប់ទាក់ទងខ្លាំងណាស់ជាមួយនឹងលុយកាក់។ បុគ្គលម្នាក់សប្បាយឬកើតទុក្ខ គឺដោយសារតែលុយ។ លុយពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតម្នាក់ៗ។ ក្នុងនាមជាឪពុកម្ដាយល្អ ការបង្រៀនកូនឲ្យយល់ដឹងពីការសន្សំលុយនិងចេះសន្សំលុយ វាល្អប្រសើរជាងទុកលុយឲ្យកូន ១០ដង។ តាមពិតទៅ ចំនួនដែលកូនរបស់អ្នកសន្សំ គឺមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺអ្នកបណ្ដុះគំនិតឲ្យកូនចេះសន្សំ។ ខាងក្រោមនេះអ្វីដែលអ្នកអាចបង្រៀនកូនអ្នកបាន៖
១) ចាប់ផ្ដើមពីកូនជ្រូក៖ ការសន្សំលុយក្នុងកូនជ្រូកគឺជាជម្រើសដ៏ល្អបំផុតក្នុងការបង្រៀនរបស់កូនអ្នកឲ្យចេះសន្សំលុយ។ កូនជ្រូកមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍សម្រាប់ក្មេងនោះទេ ថែមទាំងផ្ដល់ភាពងាយស្រួលក្នុងការសន្សំលុយទៀតផង។ បានអានឬនៅ? ធ្វើម៉េចដើម្បីសន្សំលុយបានដោយមិនចាំបាច់ផ្លាស់ប្ដូរឥរិយាបថទៅផ្សាររបស់លោកអ្នក?
២) បង្កើតគណនីសន្សំមួយ៖ សម័យនេះហើយ អ្នកក៏អាចបង្កើតគណនីសន្សំលុយនៅធនាគារសម្រាប់កូនរបស់អ្នកដែរ។ ឲ្យកូនរបស់អ្នកជាអ្នករាប់និងដាក់លុយចូលក្នុងកុងធនាគារនោះ។ បន្ថែមពីលើនេះទៅទៀត អ្នកអាចប្រាប់កូនរបស់កូនអ្នកអំពីការប្រាក់ដែលពួកគេនឹងទទួលបាន។ ដូច្នេះហើយ វាអាចជាកម្លាំងចិត្តដែលជំរុញឲ្យពួកគេសន្សំ ព្រោះពួកគេដឹងថាលុយរបស់ពួកគេនឹងកើតឡើង។
៣) អ្នកជាគំរូសម្រាប់កូន៖ ឪពុកម្ដាយគឺជាគំរូដ៏ល្អសម្រាប់កូន។ អ៊ីចឹងហើយ អ្នកអាចមានក្រឡ ពីរសម្រាប់សន្សំលុយ មួយសម្រាប់ខ្លួនឯងនិងមួយទៀតសម្រាប់កូនរបស់អ្នក។ ជារៀងរាល់ថ្ងៃ អ្នកត្រូវដាក់លុយក្នុងក្រឡហើយឲ្យកូនរបស់អ្នកធ្វើដូចគ្នា មិនយូរមិនឆាប់នោះទេ កូនលោកអ្នកនឹងមានទម្លាប់សន្សំលុយហើយ៕
ដោយ៖ មុយយូ