តើគោលសំខាន់អ្វីខ្លះដែលអ្នកជាមួយនឹងដៃគូគួរឈរលើ នៅពេលចាប់ផ្ដើមដំណើរការអាជីវកម្ម?
អាជីវកម្មមួយអាចដើរបានវែងឆ្ងាយបាន ជាការសំខាន់ណាស់ដែលអ្នកត្រូវដើរជាមួយនឹងមនុស្សដ៏គួរឲ្យទុកចិត្តណាម្នាក់ ដែលអាចចាប់ដៃសហការគ្នាធ្វើជាដៃគូឆ្ពោះទៅសម្រេចគោលដៅដ៏ធំនោះបាន។ ខាងក្រោមនេះគឺជាគោលសំខាន់មួយចំនួនដែលអ្នកនិងដៃគូរបស់អ្នកគួរឈរលើ៖ សូមអាន៖ ការយល់ឃើញ ៣យ៉ាង ដែលម្ចាស់អាជីវកម្មអាចមានកំហុសឆ្គងចំពោះការធ្វើអាជីវកម្ម
១) កំណត់ពីទំនួលខុសត្រូវម្នាក់ៗឲ្យបានច្បាស់លាស់៖ កិច្ចការនេះគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់បំផុតមួយ ដែលអ្នកគួរយកចិត្តទុកដាក់ធ្វើវាឲ្យបានច្បាស់លាស់ដាច់ស្រេច។ អ្នកនិងដៃគូរបស់អ្នកត្រូវតែស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន ហើយសម្រេចថាត្រូវប្រើប្រាស់ចំណុចខ្លាំងនោះទៅលើកិច្ចការអ្វីខ្លះ។ ដៃគូរបស់អ្នកអាចប៉ិនប្រសប់ខាងគ្រប់គ្រងនិងចាត់ចែងលុយកាក់ ឯអ្នកអាចពូកែទំនាក់ទំនងជាមួយមនុស្សខាងក្រៅ។ ដូច្នេះនៅពេលដែលអ្នកទាំងពីរបានពិភាក្សាគ្នាពីទំនួលខុសត្រូវដែលត្រូវទទួលរៀងៗខ្លួនហើយ អ្នកនិងដៃគូអ្នកគួរផ្ដល់ការទុកចិត្តទៅលើគ្នាទៅវិញទៅមកនិងផ្ដល់សេរីភាពនិងឯករាជ្យភាពឲ្យគ្នាសម្រាប់ប្រឹងឲ្យអស់ពីលទ្ធភាពរៀងៗខ្លួន។
២) ព្យាយាមកុំយកបញ្ហាផ្ទាល់ខ្លួនមកឡូកឡំជាមួយការងារ៖ មិនថាដៃគូសហការអាជីវកម្មរបស់អ្នកគឺជាស្វាមីឬភរិយារបស់អ្នក ឬជាមិត្តភ័ក្ដិគ្នាក៏ដោយ នៅពេលត្រូវបំពេញការងារ អ្នកទាំងពីរគួរតែព្យាយាមកុំយកបញ្ហាផ្ទាល់ខ្លួនមកច្របូកច្របល់ជាមួយនឹងការងារដែលអ្នកកំពុងធ្វើឲ្យសោះ។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកត្រូវធ្វើជាមនុស្សដែលគ្មានមនោសញ្ចេតនានិងមិនខ្វល់ពីបញ្ហាជីវិតដែលធ្វើឲ្យជីវិតរបស់អ្នកបាត់បង់តុល្យភាពនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែដោះស្រាយវា តែមិនគួរឡូកឡំជាមួយនឹងពេលវេលាដែលត្រូវបំពេញការងារនោះឡើយ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវយកអារម្មណ៍ទាំងប៉ុន្មានមកបញ្ចេញទៅលើសមាជិកដទៃៗទៀតដែលមិនដឹងអ្វីនោះដែរ ព្រោះវាមិនត្រឹមតែមិនមែនជាដំណោះស្រាយដ៏ឈ្លាសវៃប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់អ្នកដទៃឲ្យពិបាកក្នុងការធ្វើការជាមួយអ្នកទៀតផង។
៣) គោរពការសម្រេចចិត្តរបស់គ្នាទៅវិញទៅមក៖ គ្មានបញ្ហាអ្វីដែលថាមិនអាចចរចាគ្នាដោះស្រាយបាននោះទេ។ បើអ្នកទាំងពីរមានគំនិតមិនដូចគ្នាទៅលើបញ្ហាអ្វីមួយ នោះអ្នកគួរតែព្យាយាមស្វែងយល់ពីគំនិតគ្នាទៅវិញទៅមកប្រកបដោយការគោរព ដើម្បីស្វែងរកចំណុចរួមមួយដែលទាំងអស់គ្នាអាចព្រមព្រៀងគ្នាបាន នោះទើបអ្នកទាំងពីរអាចនៅជាមួយគ្នាបានយូរអង្វែង និងដឹកនាំសមាជិកក្រុមទៅរកភាពរីកចម្រើនបាន៕ អត្ថបទទាក់ទង៖ ត្រូវត្រៀមខ្លួនជាមួយគន្លឹះសំខាន់ៗទាំង៦នេះ បើចង់ក្លាយជាអ្នកដឹកនាំឆ្នើមនាពេលអនាគត!
ដោយ៖ ស្រីពៅ