​អាហារ​​​ ៣​ប្រភេទ​​ដែល​ទទួលទាន​ច្រើន​ហើយ​ ធ្វើឲ្យអ្នកបែរជាឆាប់អស់កម្លាំង​​



អាហារ​មួយ​ចំនួន​មិន​បាន​ផ្ដល់​ថាមពល​ដល់​អ្នក​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ ហើយ​ពួក​វា​មាន​តែ​ធ្វើឲ្យ​អ្នក​កាន់តែ​អស់​កម្លាំង​ជាង​មុន​ទៅ​ទៀត។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ក្នុង​ការ​ទទួលទាន​តាម​តែ​អាច​ធ្វើ​បាន៖

១) អាហារ​សម្រន់​(fast food)និង​អាហារ​បំពង​ខ្លាញ់៖ ពពួក​អាហារ​ទាំងនេះ​មាន​វត្តមាន​របស់​អាស៊ីដ​ខ្លាញ់​ក្នុង​កម្រិត​ខ្ពស់ និង​វត្តមាន​របស់​ជាតិ​សរសៃ​ក្នុង​កម្រិត​ទាប ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​អាច​ប្រព្រឹត្ត​ទៅ​យឺត​បាន។ បើ​កាល​ណា​ការ​រំលាយ​អាហារ​របស់​អ្នក​យឺត វា​ក៏​បន្ថយ​ល្បឿន​ដែល​ជីវជាតិ​ទាំងឡាយ​ចូល​ទៅ​ក្នុង​រាងកាយ​របស់​អ្នក​បាន​ដែរ។ ម្យ៉ាង​ទៀត​អាហារ​ប្រភេទ​នេះ​ច្រើន​តែ​មិន​សូវ​មាន​ជាតិ​វីតាមីន សារធាតុ​ខនិជ និង​ជីវជាតិ​បំប៉ន​ចាំបាច់​ដទៃៗ​ទៀត​នោះ​ទេ ដែល​ការ​ទទួលទាន​វា​ជា​ញឹកញាប់​បែរ​ជា​ធ្វើឲ្យ​អ្នក​បាត់បង់​ថាមពល​ច្រើន​វិញ​បាន។

២) ភេសជ្ជៈ​ថាមពល៖ ជាការពិតណាស់ ភេសជ្ជៈ​ថាមពល​ពិត​ជា​ផ្ដល់​ថាមពល​ដល់​អ្នក​មែន ប៉ុន្តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​ប៉ុណ្ណោះ។ ក៏​មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ភេសជ្ជៈ​ថាមពល​បាន​បង្កើន​ការ​ចងចាំ​និង​ការ​ផ្ចង់​ស្មារតី​បាន​ប្រមាណ​២៤% បន្ថែម​ទៅលើ​ការ​បំបាត់​ងងុយ។ យ៉ាងណាមិញ ក្នុង​ភេសជ្ជៈ​ទាំងនេះ​ប្រើប្រាស់​សុទ្ធតែ​សារធាតុ​ដែល​មាន​ឥទ្ធិពល​រំញោច​និង​ដាស់​សតិ​ថាមពល​របស់​អ្នក ហើយ​វា​ថែមទាំង​សម្បូរ​ទៅ​ដោយ​ស្ករ​និង​ជាតិ​កាហ្វេអ៊ីន។ មាន​ភេសជ្ជៈ​ថាមពល​ខ្លះ​មាន​វត្តមាន​របស់​ស្ករ​រហូត​ដល់​ទៅ​៥២​ក្រាម​ក្នុង​១​កំប៉ុង។ ការ​ទទួលទាន​ស្ករ​ច្រើន​នឹង​ធ្វើឲ្យ​ថាមពល​របស់​អ្នក​កើន​ឡើង​រំពេច​នោះ​យ៉ាង​ខ្លាំងក្លា បន្ទាប់​ពី​អស់​ឥទ្ធិពល​ទៅ ថាមពល​របស់​អ្នក​ក៏​ធ្លាក់​មក​វិញ​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​កាន់តែ​អស់​កម្លាំង​ជាង​មុន​ទៅ​ទៀត។

៣) កាហ្វេ៖ កាហ្វេ​បើ​ទទួលទាន​ក្នុង​បរិមាណ​សម​គួរ នោះ​វា​នឹង​មក​នូវ​ផល​ប្រយោជន៍​វិជ្ជមាន​ដល់​សុខភាព​រាងកាយ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​អ្នក។ មាន​ការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា កាហ្វេ​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​វិវត្ត​ទៅ​នៃ​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ​បាន​ប្រមាណ​ពី​២៦%​ទៅ​៣៤%។ មនុស្ស​ភាគច្រើន​ទទួលទាន​កាហ្វេ​ដោយសារ​តែ​វា​បាន​បង្កើន​ថាមពល​និង​ភាព​ស្វាហាប់​ដល់​ដំណើរការណ៍​ខួរក្បាល​របស់​ពួកគេ នៅ​ពេល​ពួកគេ​អស់​កម្លាំង។ ប៉ុន្តែ បើ​កាល​ណា​ទទួលទាន​ជា​ប្រចាំ នោះ​រាងកាយ​របស់​អ្នក​នឹង​បន្សាំ​ជាមួយ​នឹង​ឥទ្ធិពល​របស់​វា ដែល​ធ្វើឲ្យ​អ្នក​ត្រូវ​ទទួលទាន​វា​ច្រើន​ជាង​មុន​ដើម្បី​ទទួល​បាន​ឥទ្ធិពល​ដូច​ពី​មុន ហើយ​កាហ្វេអ៊ីន​នឹង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​របស់​អ្នក ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​គេង​ក្នុង​រយៈពេល​វែង​បាន៕

ប្រភព៖ healthline.com
ប្រែសម្រួល៖ ស្រីពៅ

X
5s