គុណប្រយោជន៍ ១០យ៉ាងពីផ្លែក្រូចឆ្មារចំពោះសុខភាព និងសម្រស់ដែលអ្នកគួរដឹង​



ក្រូចឆ្មារជាផ្លែឈើដែលមានរសជាតិជូរដែលគេអាចយកទៅប្រើប្រាស់ធ្វើជាអាហារ និងភេសជ្ជៈផ្សេងៗ។ វាមិនត្រឹមតែមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ក្នុងម្ហូបអាហារប៉ុណ្ណោះទេ ក្រូចឆ្មារថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់ថែមទៀតផង។ ដូចនេះ BizKhmer សូមរៀបរាប់នូវគុណប្រយោជន៍ទាំង១០យ៉ាងរបស់ផ្លែក្រូចឆ្មារ ដោយដកស្រង់ចេញពីគេហទំព័រ Lifehack៖

១) វីតាមីន C៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដោយក្រូចឆ្មារមួយផ្លែផ្ទុកវីតាមីន C ប្រមាណ ៤៥មីលីក្រាម។ ដូចនេះ វាអាចជួយអ្នកឲ្យជៀសផុតពីជម្ងឺកង្វះជាតិវីតាមីន C បាន។

២) ព្យាបាលជម្ងឺ៖ ទឹកក្រូចឆ្មារអាចជួយព្យាបាលជម្ងឺជាច្រើនមុខមានដូចជា ផ្ដាសាយ គ្រុនផ្ដាសាយ គ្រួសក្នុងតំរងនោម និងហ៊ឹងត្រចៀកជាដើម។ បន្ថែមពីនេះ វីតាមីន C នៅក្នុងផ្លែក្រូចឆ្មារជួយពង្រឹងភាពស៊ាំក្នុងរាងកាយរបស់អ្នកផងដែរ។

៣) ជួយបង្កើនការផ្ចង់អារម្មណ៍៖ បើយោងតាមលោក Jay Cardiello អ្នកជំនាញផ្នែកសុខភាពនិងអាហាររូបត្ថម្ភ ប្រេងក្រូចឆ្មារអាចជួយបង្កើនការផ្ចង់ស្មារតី និងធ្វើឲ្យរាងកាយមានភាពរវៀសរវៃ។

៤) ធ្វើឲ្យសក់ភ្លឺ៖ ក្រៅពីគុណប្រយោជន៍ចំពោះសុខភាព ក្រូចឆ្មារមានគុណប្រយោជន៍ដល់សម្រស់ទៀតផង ដោយវាធ្វើឲ្យសក់របស់អ្នកភ្លឺរលើបរលោង ដោយអ្នកអាចច្របាច់ក្រូចឆ្មារនៅលើសក់របស់អ្នក។

៥) បង្ការជំងឺក្រួសក្នុងតម្រងនោម៖ ទទួលទានទឹកក្រូចឆ្មារកន្លះពេងជារៀងរាល់ថ្ងៃជួយបង្ការជម្ងឺក្រួសក្នុងតំរងនោមយ៉ាងមានប្រសិទ្ធភាព។

៦) ជួយឲ្យស្បែកភ្លឺថ្លា៖ ក្រូចឆ្មារមានជាតិប្រឆាំងនឹងបាក់តេរី ដែលវាអាចជួយការពារការកើតមុន និងធ្វើឲ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លា ហើយវាក៏អាចជួយបំបាត់ស្លាកស្នាមមុននៅលើស្បែករបស់អ្នកផងដែរ។ អ្នកអាចចិតក្រូចឆ្មារជាបន្ទះស្ដើងៗហើយបិទលើស្បែកផ្ទៃមុខរបស់អ្នក ឬអ្នកអាចលាយទឹកក្រូវឆ្មារពីរស្លាបព្រាបាយ ជាមួយនឹងទឹកដោះគោមួយពែង និងស្រាមួយស្លាបព្រា ដើម្បីធ្វើជាម៉ាសបិទមុខក៏បាន។

៧) ជួយឲ្យអ្នកធូរស្រាល៖ ក្រូចឆ្មារអាចជួយឲ្យអ្នកគេងលក់ស្រួល បំបាត់អារម្មណ៍ស្រ្តេស្ត និងថែមទាំងជួយបំបាត់ការឈឺចាប់។

៨) ជួយក្រពះ៖ សារធាតុប្រឆាំងនឹងបាក់តេរីក្នុងផ្លែក្រូចឆ្មារជួយឲ្យក្រពះរំលាយអាហារបានល្អ និងបង្ការការទល់លាមក។ លាយទឹកក្ដៅមួយពែង និងក្រូចឆ្មារ ¼ ហើយទទួលទានក្ដៅៗ។

៩) បណ្ដេញជាតិពុល៖ អ្នកស្រូបយកជាតិពុលជារៀងរាល់ថ្ងៃពីអាហារ និងភេសជ្ជះដែលអ្នកទទួលទាន។ ក្រូចឆ្មារអាចបណ្ដេញជាតិពុលទាំងនោះពីក្នុងខ្លួនរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។

១០) សម្រកទម្ងន់៖ ប្រសិនបើអ្នកច្របាច់ក្រូចឆ្មារចូលក្នុងទឹករបស់អ្នក ហើយទទួលទានវាជារៀងរាល់ថ្ងៃ អ្នកនឹងអាចសម្រកទម្ងន់បានយ៉ាងលឿន៕

ដោយ៖ លង់ វណ្ណៈ

X
5s