អ្វីទៅជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)?
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានពាក្យពេញជាភាសាអង់គ្លេស Qualified Investment Project (QIP) គឺជារបបលើកទឹកចិត្តដល់គម្រោងវិនិយោគ (Investment Incentive) ដែលទទួលបានការអនុគ្រោះជាច្រើន បង្កើតឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលដៅដើម្បីជំរុញការវិនិយោគនៅប្រទេសកម្ពុជា។
អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ទេ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ (សូមអានផ្នែកខាងក្រោម)។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. ល. គ មានន័យថាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
ថ្ងៃនេះ BizKhmer សូមលើកយកខ្លឹមសារទាំងស្រុងដែលចុះផ្សាយនៅលើគេហទំព័រ អគ្គនាយកដ្ឋានគយ និងរដ្ឋករ៖ សូមអាន៖ អ្វីទៅជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ២) ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
១) ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៣ នស ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤
២) លិខិតលេខ ១១០ សជណ.ផស ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៩ ស្តីពីករណីអនុវត្តអាករលើតម្លៃ បន្ថែម (VAT) លើធាតុចូលដែលនាំចូលដោយរោងចក្រផលិតសំលៀកបំពាក់សម្រាប់នាំចេញ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី
៣) ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
៤) អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
៥) ប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវបានលើកលែងពន្ធ និងអាករ
៦) ប្រកាសលេខ ៣១១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តអាករ លើតម្លៃបន្ថែមចំពោះឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬ សេវាសម្រាប់បម្រើឲ្យការ នាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងការបូបដៃ និងឧស្សាហកម្ម ផលិតមួក
៧) លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួន ដែលជាធាតុចូលផលិតកម្មវិស័យកាត់ដេរ និងឧស្សាហកម្ម ទ្រទ្រង់វិស័យកាត់ដេរ
៨) លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួនដែលជាធាតុចូលផលិតកម្ម និងឧស្សាហកម្ម ទ្រទ្រង់ផលិតកម្ម បម្រើការនាំចេញរបស់វិនិយោគិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ ៣)គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។
ការលើកលែងពន្ធគយ និងអាករ ក.ការលើកលែងពន្ធគយ អនុលោមតាមអនុក្រឹត្យលេខ ១១១ អនក្រ.បក ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តី ពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការ លើកលែងពន្ធគយទាំងស្រុង ឬ ជាភាគ ផ្អែកលើប្រភេទនីមួយៗនៃគម្រោងដូចខាងក្រោម៖
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិន បម្រើឲ្យការនាំចេញ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះមានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬ បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬ ដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញៈ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅ ព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោមការគ្រប់គ្រង របស់គយ ការលើកលែងពន្ធគយត្រូវអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់យន្តការនោះ។ ធាតុចូលផលិតកម្មដែលកែច្នៃហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន ១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ប៉ុន្តែក្នុងករណីដែលគម្រោងទាំងនេះមិនបានធ្វើការផ្គត់ផ្គង់ ១០០ (មួយរយ)ភាគរយ នៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ ឬ នាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។ សូមរង់ចាំតាមដាននូវភាគទី២...
ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN) គ្រូបង្រៀនប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្ម និងសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យកម្ពុជា កម្ពុជាអន្តរជាតិ (CamIU) និងវិទ្យាស្ថាន CEO